ភ្នំពេញ៖ ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC)បានឱ្យដឹងថា គិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២១នេះ លទ្ធផលកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាពCMACបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយបានធ្វើការរំដោះផ្ទៃដីចម្ការមីន ចម្ការគ្រាប់សរុបចំនួន ៦៤ ៥៦២ ៥៣៩ ម៉ែត្រក្រឡា ស្មើនឹង ៩៨,៦០ភាគរយ នៃផែនការ៧ខែ ក្នុងឆ្នាំ២០២១។ ការលើកឡើងនេះ ក្នុងកិច្ចប្រជុំក្រុមការងាររបស់ស៊ីម៉ាក់ ស្ដីពីវឌ្ឍនភាពការងារប្រតិបត្តិការ និងការគ្រប់គ្រងគម្រោងឆមាសទី១ ឆ្នាំ២០២១ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ហេង រតនា ដែលអង្គភាពព័ត៌មានកម្ពុជាសន្តិភាព ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។


ឯកឧត្ដម ហេង រតនា បានគូសបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះ រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ៣១ ៦៦៥ គ្រាប់។ ទន្ទឹមនេះ ក៏បានធ្វើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួន ៨ ៩៩៧ លើក ស្មើនឹង ៣០០ ៤៣០ ខ្នងផ្ទះ និងមានប្រជាពលរដ្ឋចូលរួមសរុបចំនួន៦០ម៉ឺននាក់។

ឯកឧត្ដមបានបន្ដថា ក្នុងន័យពង្រឹងភាពជាម្ចាស់ និងសមត្ថភាពរបស់អង្គភាពផងនោះ នៅដើមឆ្នាំ២០២១នេះ អង្គភាពបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដផងដែរ។ ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកដោយសារជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្ដែក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ អង្គភាពមានលទ្ធភាពបន្ដកៀរគរជំនួយ និងអនុវត្តន៍គម្រោងកម្មវិធីនានាសរុបចំនួន៤៣គម្រោង ក្នុងនោះ គម្រោងកំពុងដំណើរការមានចំនួន២៣គម្រោង គម្រោងកំពុងចរចាមានចំនួន១០គម្រោង គម្រោងដែលរំពឹងទុកមានចំនួន៤គម្រោង។ បើតាមឯកឧត្ដម ហេង រតនា ជារួម ស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពទាំងមូលក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២១នេះ អាចដំណើការបាន និងមិនប៉ះពាល់ដល់កម្លាំងប្រតិបត្តិការឡើយ បើទោះបីគម្រោងមួយចំនួនមានការយឺតយ៉ាវខ្លះក៏ដោយ៕
