(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យដំណើរការសាងសង់អាគារតេជោព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងបរិវេណ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំដល់ក្រុមការងារ បច្ចេកទេសសាងសង់អាគារតេជោព្យាបាលអ្នកជំងឺកូវីដ-១៩ ត្រូវយកចិត្តទុកដាក់ពន្លឿន ការសាងសង់ដោយរៀបចំឈូសឆាយដី រៀបចំប្រព័ន្ធលូ ជាពិសេសយើងត្រូវធ្វើផ្លូវចាក់ បេតុងនៅពីខាងមុខអាគារព្យាបាល និងរៀបចំសួនច្បារ ដាំដើមឈើ ឱ្យមានសោភណភាព ហើយសួនច្បារ និងដើមឈើត្រូវដើរទន្ទឹមគ្នា ដើម្បីបង្កើនបាននូវភាពទាក់ទាញសម្រាប់ មន្ទីរពេទ្យរបស់យើងបន្ថែមទៀត ដល់អ្នកជំងឺចូលមកសម្រាកព្យាបាល។

បន្ទាប់មកឯកឧត្តម អភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យមើលទីតាំងនៅជុំវិញអាគារ ធ្វើការនៅក្នុងបរិវេណមន្ទីរពេទ្យ ព្រមទាំងធ្វើការណែនាំឱ្យក្រុមការងារធ្វើការឈូសឆាយ ឱ្យដីរាបស្មើ ធ្វើផ្លូវចេញចូល និងរៀបចំសួនច្បារ ដាំស្មៅ ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យ បង្អែកខេត្តរបស់យើងមានភាពស្រស់ស្អាត និងមានពណ៌បៃតង។
មកដល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួយសាងសង់មន្ទីរពិសោធន៍រកមេរោគ កូវីដ-១៩ កែលម្អអាគារព្យាបាលអ្នកជំងឺកូវីដ១៩ និងអាគារព្យាបាលជំងឺកូវីដ១៩ សម្រាប់ ពិរុទ្ធជន (ជនត្រូវចោទ) ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា អាគារតេជោ សម្រាប់ព្យាបាលជំងឺកូវីដ-១៩ មានកម្ពស់មួយជាន់ មានទទឹង ៣៣ម៉ែត្រ បណ្តោយ ៩០ម៉ែត្រ អាចដាក់គ្រែព្យាបាលអ្នកជំងឺបានចំនួន ៣៥៦គ្រែ (គ្រែមួយជាន់) ឬអាចបានចំនួន៧១២គ្រែ (គ្រែពីរជាន់) ដំណើរការសាងសង់ប្រើប្រាស់ រយៈពេលប្រមាណជា ៣ខែ៕
