Connect with us

ព័ត៌មានជាតិ

លោក ហង់ជួន ណារ៉ុន៖ បញ្ហាប្រឈមក្នុងប្រព័ន្ធអប់រំកម្ពុជា គឺការប្រើប្រាស់ឯកសារ ១០ឆ្នាំមុន មកបង្រៀនសិស្សបច្ចុប្បន្ន

រាជធានីភ្នំពេញ៖ «បញ្ហាប្រឈមមួយនៅក្នុងប្រព័ន្ធអប់រំកម្ពុជា គឺការប្រើប្រាស់នូវឯកសារដែលមានរយៈពេល ១០ឆ្នាំមុន មកបង្រៀនសិស្សពេលបច្ចុប្បន្ន ដែលស្ថានភាពទៅលឿនអស់ហើយ ទាំងមុខវិជ្ជាមួយចំនួន ចឹងប្រសិនបើយើងនៅបន្តប្រើប្រាស់ឯកសារ ១០ឆ្នាំមុនគឺសិស្សមិនអាចទទួលបាននូវចំណេះដឹងថ្មីៗទេ»។ នេះជាការលើកឡើងរបស់ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីចុះហត្ថលេខាអនុស្សរណៈរវាងវិទ្យាស្ថានជាតិអប់រំ និងក្រុមហ៊ុនផុស្ការ ឌីជីធល ឯ.ក ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធសាលារៀនឌីជីថល «Wiki School» តាមរយៈប្រព័ន្ធ Zoom នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

បើតាមឯកឧត្តម ហង់ជួន ណារ៉ុន តាមរយៈប្រព័ន្ធសាលារៀនឌីជីថល «Wiki School» នឹងជួយពង្រឹងថែមទៀត ពិសេសពាក់ព័ន្ធនឹងការចែករំលែកឯកសារថ្មីៗ ព្រោះពិភពលោកវិវត្តទៅលឿន ប្រសិនបើយើងតាមមិនទាន់ទេ គឺយើងមិនអាចទៅប្រណាំងប្រជែងជាមួយគេទេ ចឹងគេនឹងដើរមុខហើយ។

ឯកឧត្តមបានបន្តថា ទាំងអស់នេះ គឺអនុញ្ញាតឲ្យនាយកអាចបំពេញតួនាទីរបស់ខ្លួនឯងជាអ្នកដឹកនាំខាងផ្នែកត្រួតពិនិត្យមើលការសិក្សា ហើយក៏ជួយពង្រឹងការងារដ្ឋបាលផងដែរ ទាំងគ្រូអវត្តមាន ទាំងសិស្ស និងការមករៀនយឺតជាដើម។

គួរជម្រាបថា គោលដៅនៃកិច្ចសហប្រតិបត្តិការ និងជំនួយក្នុងគម្រោង វិទ្យាស្ថានជាតិអប់រំ និងក្រុមហ៊ុនផលិតស្ដារ ឌីជីថល ឯ.ក គឺការលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងតាមប្រព័ន្ធអេឡិចត្រូនិច នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន និងសាលារៀន ដែលជាការចូលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងសង្គមឌីជីថល ដោយសម្រេចការអនុវត្តសកម្មភាពដូចជា ការរក្សាទុកទិន្នន័យក្នុងម៉ាស៊ីន Server និងម៉ាស៊ីនវត្តមានឌីជីថល ចំនួន០៤ គ្រឿងដល់វិទ្យាស្ថានជាតិអប់រំ សម្រាប់រយៈពេល៧ឆ្នាំ ដោយឥតគិតថ្លៃ​ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook