Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនចិនបញ្ចប់ការសិក្សាគម្រោងផ្លូវដែកភ្នំពេញ-វៀតណាមហើយ

ភ្នំពេញ៖ ក្រុមហ៊ុនឯកជនចិន កាលពីពេលថ្មីៗនេះ បានបញ្ចប់ការសិក្សាសមទ្ធិលទ្ធភាពសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញទៅក្រុងបាវិតហើយ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងបានឱ្យដឹងកាលពីថ្ងៃទី ៦ តុលា នេះថា គម្រោងផ្លូវរថភើ្លងនេះ ជាការអភិវឌ្ឍរបៀងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម ដោយនឹងសម្រួលដល់ការដឹកជញ្ជូន ជំរុញសកម្មភាពសេដ្ឋកិច្ច និងការធ្វើដំណើររបស់អ្នកទេសចរ។

ឯកឧត្តមថ្លែងថា៖ “ឯកឧត្តមទេសរដ្ឋមន្រ្តីបានប្រគល់ជូនក្រុមហ៊ុនចិនមួយ ដើម្បីសិក្សា ហើយការសិក្សាហាក់ដូចជាចប់ហើយ ប៉ុន្តែយើងមិនទាន់បានឃើញរបាយការណ៍របស់គាត់ ហើយក៏មិនទាន់មានប្រជុំផ្សព្វផ្សាយទេ”។

ឯកឧត្តម វ៉ាស៊ីម សុរិយា ក៏មិនបានបង្ហាញឈ្មោះក្រុមហ៊ុនចិនទទួលបានភ្លើងខៀវសិក្សាគម្រោងនេះទេ តែគ្រាន់តែបញ្ជាក់ថាជាក្រុមហ៊ុនខុសគ្នាពីក្រុមហ៊ុនដែលទទួលបានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

ឯកឧត្តម បញ្ជាក់ថាទៀតថា៖ «យើងគ្រាន់តែចង់ដឹងថាខ្សែផ្លូវហ្នឹងកាត់កន្លែងណា ហើយផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងម៉េច ហើយចាំមើលការសិក្សាគេ Recommend យើងជា BOT ឬក៏វិនិយោគដោយរដ្ឋ»។

ប្រភពដដែលនេះបានឱ្យដឹងថា កន្លងមក មានការសិក្សាលើគម្រោងកសាងផ្លូវរថភ្លើងពីភ្នំពេញទៅព្រំដែនវៀតណាម ជាច្រើនដងមកហើយ ដោយតាំងពីឆ្នាំ២០០០មក ការសិក្សាធ្វើឡើងដោយក្រុមហ៊ុនជាច្រើនដូចជា ម៉ាឡេស៊ី កូរ៉េ និងចិន។

គួរបញ្ជាក់ផងដែរថា សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតវិញ ក្រុមហ៊ុន China Railway International Group Co., Ltd កាលពីថ្ងៃទី ៧ កញ្ញាកន្លងមកនេះ បានបង្ហាញគំរូរប្លង់ចំនួន ៣ ដែលល្បឿនលឿនបំផុតបានត្រឹម ១២០គ.ម ក្នុងមួយម៉ោង។ ប៉ុន្តែរដ្ឋមិនទាន់សម្រេចជ្រើសរើសប្លង់ណាមួយទេ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook