នគរបាលជាតិ និងរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្មីៗនេះ សម្រេចដាក់ចេញនូវគោលការណ៍ថ្មីចំនួន ៨ចំណុចធំៗ ដើម្បីឱ្យម្ចាស់គម្រោងអនុវត្ត ក្នុងការពង្រឹងសន្តិសុខ និងសុវត្ថិភាពនៅតាមខុនដូ និងបុរី នៅក្នុងរាជធានីភ្នំពេញ។
គោលការណ៍ថ្មីចំនួន ៨ចំណុចនេះ ត្រូវបានសម្រេចក្នុងកិច្ចប្រជុំរួមរវាង អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន និងអភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង កាលពីថ្ងៃទី៨ ខែតុលា កន្លងមកនេះ។
សំណូមពរទាំង ៨ចំណុច ដែលម្ចាស់បុរី និងខុនដូរទាំងអស់ត្រូវតែអនុវត្តរួមមាន៖
ទី១- ពង្រឹងទំនាក់ទំនងរវាងអាជ្ញាធរ និងម្ចាស់បុរី-ខុនដូរ ។
ទី២-ត្រូវរៀបចំផែនការប្រព័ន្ធសន្តិសុខ សុវត្ថិភាព មានអ្នកយាមកាមសន្តិសុខឯកជន ប្រព័ន្ធកាម៉េរាសុវត្ថិភាព ដែលភាគច្រើនខុនដូនៅក្នុងរាជធានីភ្នំពេញ មិនទាន់មាននៅឡើយ។
ទី៣- ត្រូវរៀបចំបទបញ្ជាផ្ទៃក្នុងឱ្យដូចស្ថាប័នរដ្ឋ (ដូចជាការគ្រប់គ្រងភ្ញៀវដែលចង់ចូលជួប ចំនួនសមាជិកគ្រួសារអ្នកស្នាក់នៅ និងការគ្រប់គ្រងយាន្តយន្តដោយមានបណ្ណសម្គាល់សំរាប់ចេញចូល)។
ទី៤-ត្រូវរៀបចំប្រព័ន្ធបង្ការអគ្គីភ័យ ត្រូវមានជារថយន្តពន្លត់អគ្គីភ័យឯកជន ដែលរដ្ឋបានយោគយល់ និងលើកទឹកចិត្តដោយធ្វើការនាំចូលមិនគិតពន្ធ។ ត្រូវមានតប្រព័ន្ធទុយោទឹកនៅតាមជាន់នីមួយៗ ដើម្បីអាចធ្វើការពន្លត់ទាន់ពេលវេលា។
ទី៥-ពង្រឹងប្រព័ន្ធសេវានានាដូចជា ប្រព័ន្ធសេវាទូរស័ព្ទ សេវាអនាម័យ សន្តិសុខ និងបរិស្ថាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នករស់នៅក្នុងបុរី។
ទី៦-ត្រៀមជូយបំពេញលិខិតរដ្ឋបាលផ្សេងៗរបស់អាជ្ញាធរក្នុងមូលដ្ឋាន ដូចជាសៀវភៅស្នាក់នៅ សំបុត្រកំណើតផ្សេងៗ។
ទី៧-ត្រូវកំណត់បែងចែកតួនាទីរបស់អាជ្ញាធរ សមត្ថិកច្ចជំនាញ និងភាគីម្ចាស់បុរី-ខុនដូ ឱ្យច្បាស់លាស់ ដើម្បីអាចធ្វើការដោះស្រាយរាល់បញ្ហាទាន់ពេលវេលា។
ទី៨- ម្ចាស់បុរី និងខុនដូ អាចជួលសេវាកម្លាំងសន្តិសុខឯកជន ឬ ស្នើសុំបង្កើតសន្តិសុខឯកជនដោយខ្លួនឯងនៅក្នុងបុរី ប៉ុន្តែត្រូវតែចាំបាច់ឆ្លងកាត់វគ្គបណ្តុះបណ្តាលពីនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន។
ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា បញ្ហាសន្តិសុខ និងការគ្រប់គ្រងរបស់បុរី និងខុនដូ ចាំបាច់ត្រូវមានការសហការគ្នាពីកម្លាំងសមត្ថិកិច្ចជំនាញ ដើម្បីមានសុវត្ថិភាពនៅក្នុងបុរី និងខុនដូរ ជាពិសេសពាក់ព័ន្ធយន្តការគ្រប់គ្រងការបង្ការអគ្គីភ័យ និងបទល្មើសផ្សេងៗផងដែរ ៕