Connect with us

ព័ត៌មានជាតិ

ត្រឹមសប្តាហ៍ទី២ នៃខែកញ្ញានេះ ក្រសួងទេសចរណ៍ប្រកាសថា​ កម្ពុជាទទួលបានភ្ញៀវទេសចរជាង៦ម៉ឺននាក់

(ភ្នំពេញ)៖ កាលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍កម្ពុជា ឱ្យដឹងថា ក្នុងសប្ដាហ៍ទី៣ នៃខែកញ្ញា ពោលគឺចាប់ពីថ្ងៃទី១១រហូតដល់ថ្ងៃទី១២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៦៣,៤២១ នាក់ ក្នុងនោះមានភ្ញៀវជាតិ ៦២,៤៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩៥៩ នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖* រាជធានីភ្នំពេញ៖ ១៨,៨៤៦ នាក់* ខេត្តកំពត៖ ១៥,៧២១ នាក់* ខេត្តកែប៖ ៧,៥៧០ នាក់* ខេត្តតាកែវ៖ ៣,៧៣៦ នាក់* ខេត្តព្រះសីហនុ៖ ៣,៣៨៤ នាក់* ខេត្តពោធិ៍សាត់៖ ៣,២៥៨ នាក់។

ជុំវិញចំនួននេះ បើតាមលោករដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាកថា តួលេខនេះមានការកើនឡើង ២៤.២៥% ធៀបនឹងសប្តាហ៍កន្លងទៅ។ ជាការវាយតម្លៃបឋម ចរន្តភ្ញៀវទេសចរណ៍ផ្ទៃក្នុងនៅមិនទាន់មានចំនួនច្រើននៅឡើយទេ ខណៈរាជធានី-ខេត្តមួយចំនួននៅបន្តដាក់ចេញវិធានការរដ្ឋបាលដាច់ដោយឡែក ក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩។

លោកបានបន្តទៀតថា មន្ទីរទេសចរណ៍ដែលជាសេនាធិការឲ្យរដ្ឋបាលរាជធានី-ខេត្តបាននិងកំពុងជំរុញការផ្សព្វផ្សាយ និងចុះអនុវត្តយ៉ាងសកម្មនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា (SOP) ដែលក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១កន្លងមក នៅតាមមូលដ្ឋានអាជីវកម្មស្នាក់នៅ ភោជនីយដ្ឋាន រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍នានា ដើម្បីធានាការបើកដំណើរការមូលដ្ឋានអាជីវកម្មក្នុងគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាពពីជំងឺកូវីដ-១៩ និងធានាបាននូវគុណភាពសេវាកម្មប្រកបដោយភាពពេញចិត្ត។
បើតាមលោករដ្ឋមន្ត្រី ថោង ខុន ក្រសួងទេសចរណ៍ក៏បានដាក់ចេញសារាចរណែនាំ ដើម្បីគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌផងដែរ៕



ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook