Connect with us

ព័ត៌មានជាតិ

សោកស្តាយណាស់! ដំណាំស្រូវប្រមាណ៣ពាន់ហិកតានៅក្នុងស្រុកមង្គលបុរី ត្រូវជន់លិចដោយសារជំនន់ទឹកភ្លៀង

បន្ទាយមានជ័យ៖ លោករត្ន័ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ជោគជាំ បានធ្វើឱ្យទឹកជំនន់ជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រស្រុកមង្គលបុរី ធ្វើឱ្យដំណាំស្រូវ របស់ប្រជាពលរដ្ឋ ប្រមាណ ៣ពាន់ហិកតាត្រូវជន់លិច ។

លោកបន្តថា បើសិនជាថ្ងៃនេះ ឬថ្ងៃបន្តបន្ទាប់មិនមានភ្លៀងធ្លាក់ ឬទឹកហូរមកពីតំបន់ផ្សេងនោះទេ ស្ថានភាពទឹកអាចនឹងស្រកទៅវិញ ក្នុងពេលដ៏ខ្លីខាងមុខ មិនបង្កឱ្យខូចខាតផលដំណាំរបស់ប្រជាពលរដ្ឋនោះទេ បែជាធ្វើឱ្យដំណាំស្រូវកាន់តែលូតលាស់ល្អ តែបើសិន ទឹកជំនន់នៅតែបន្ត ដំណាំទាំងនោះអាចនឹងត្រូវខូចខាត។

ស្ថានភាពថ្ងៃនេះវាឡើងដែរ តែឡើងតិច ចាត់ទុកថាវានឹងចុះ ថ្ងៃនេះវាអត់ភ្លៀងសម្រាប់តំបន់ខ្ញុំ បើប៉ុន្មានថ្ងៃមុន វាភ្លៀងពីរថ្ងៃ ជាប់គ្នា ធ្វើឱ្យជន់លិចដំណាំស្រូវ ប្រហែល៣ពាន់ហិកតា ក្នុង៣ឃុំនេះ ដោយសារដីនេះជាតំបន់ប្រជាពលរដ្ឋគាត់បានច្រូតវគ្គមុនរួចហើយ មានបងប្អូនខ្លះគាត់ធ្វើវគ្គពីរបន្តទៀត ខ្លះបានមួយខែជាង ខ្លះបាន២០ថ្ងៃទៅវាបានលិច ដោយឡែកចំពោះមនុស្សសត្វ អត់ទាន់មានបញ្ហា ប្រឈមជម្លៀសឬយ៉ាងណានោះទេ ហើយផ្លូវថ្នល់លិចតិចណាស់ គ្រាន់តែលិចមួយភ្លែត បើនិយាយរួមទៅស្ថានភាពនៅល្អប្រសើ បើថ្ងៃនេះ ស្អែកអត់ភ្លៀងទេ ហើយខាងលើៗអត់ហូរជន់មកទេ ស្រូវហ្នឹងអាចល្អឡើងវិញ វាស្រកទៅ ប៉ុន្តែបើសិនវាថែមទៀត ស្រូវអាចខូច លិចមួយអាទិត្យខូចហើយអត់ដូចស្រូវពីដើមទេ។

សូមជម្រាបផងដែរថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី២២ដល់២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ)ដែលអូសបន្លាយកាត់ លើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនិងខ្យល់មូសុងនិរតីបក់នៅក្នុងល្បឿនមធ្យមទៅបង្គួរ ហើយបន្តមកសម្ពាធទាបដែលស្ថិតនៅក្នុងប្រព័ន្ធ (ITCZ) ស្ថិតនៅខាងកើតហ្វីលីពីនអាចវិវត្តខ្លួនទៅជាសម្ពាធទាបសកម្ម ឬវិសម្ពាធនៅលើសមុទ្រចិនខាងត្បូង។ តាមការព្យាករណ៍គន្លងរបស់សម្ពាធទាបសកម្ម ឬវិសម្ពាធទាបនេះ នៅថ្ងៃទី២៤-២៥ ខែកញ្ញា នឹងបក់ចូលប្រទេសវៀតណាម ស្ថិតនៅចន្លោះតំបន់ គីញើន (Qui Nhon) និងដាណាង (Da Nang) ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២៣ទៅ២៥°C និងសីតុណ្ហភាព អតិបរមា មានពី ៣២ទៅ៣៤°C ហើយអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុង ភូមិសាស្រ្តមួយចំនួនមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប និងខេត្តបន្ទាយមានជ័យ៕



Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook