Connect with us

ព័ត៌មានជាតិ

ក្រសួងធនធានទឹក៖ កម្ពុជានឹងបន្តទទួលរង នូវវិសម្ពាធនិងសម្ពាធទាប នៅថ្ងៃទី១៨ និង១៩ ខែតុលា

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ពិសេសប្រជាពលរដ្ឋរស់នៅ ទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ និងជួរភ្នំ និងសូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែតុលា ឆ្នាំ២០២០ ដោយសាឥទ្ធិពលនៃព្យុះមួយចំនួនទៀត។នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១៣ខែតុលាឆ្នាំ២០២០នេះ។

សេចក្តីប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានអោយដឹងថា ប្រព័ន្ឋសំពាធទាបនឹងបន្តលាតសន្ឋឹងលើកម្ពុជា ដោយសារនៅសមុទ្រចិនខាងត្បូងកើតមានព្យុះទី១៦ឈ្មោះថាណាងហ្គា។តាមការព្យាករព្យុះនេះ ចូលសមុទ្រតុងកឹងឆ្លងកាត់កោះហៃណាំ មុននឹងចូលទៅដល់ភាគខាងជើងប្រទេសវៀតណានៅថ្ងៃទី១៥ខែតុលា។ បន្ទាប់ពីនោះក្នុងរង្វង់ថ្ងៃទី១៦ទៅថ្ងៃទៅ១៧ខែតុលាឆ្នាំ២០២០ ព្យុះមួយទៀតនឹងកើតមានឡើងដែលរាប់ថាជាព្យុះទី១៧ ឈ្មោះ សូដែល ដែលមានកម្លាំងខ្លាំង។តាមការរំពឹងទុកព្យុះនេះនឹងចូលវៀតណាមនៅចំនុចគីញឺន នឹងបន្តឥទ្ឋិពលរបស់វាឆ្លងកាត់ចូលកម្ពុជាយើងតាមខេត្តរតនៈគីរី នៅថ្ងៃទី១៨ដល់ថ្ងៃទី១៩ខែតុលា ដោយកំលាំងខ្សោយទៅជាវិសម្ពាធនិងសម្ពាធទាប។

ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់លាយឡំ ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី១៦-២០ ខែតុលា ឆ្នាំ២០២០។

សូមជំរាបថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នានេះបានបណ្តាលស្រុកមួយចំនួន ខេត្តចំនួន១៣ របស់ប្រទេសកម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង ឬមានកម្ពស់ទឹកឈានដល់ការប្រកាសអាសន្ន ក្នុងនោះរួមមាន៖ ខេត្តប៉ៃលិន,បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, ព្រះវិហារ, កំពង់ឆ្នាំង, ស្ទឹងត្រែង, សៀមរាប, កំពង់ស្ពឺ, ក្រចេះ, កំពង់ចាម, ត្បូងឃ្មុំ និងខេត្តកំពង់ធំជាដើម។

ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ដើម្បីឆ្លើយតបនឹងទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ កាលពីសៀលថ្ងៃទី១២ ខែតុលានេះ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជា អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចាត់តាំងលោក គីម សុផារុន ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រៀមបន្តចែកចេញជំនួយមនុស្សធម៌ដល់ជនរងគ្រោះដោយគ្រោះទឹកជំនន់ដែល សម្ភារ:ទាំងនេះ មានដូចជា មីកញ្ចប់ ត្រីខ តង់ និងឃីតសម្ភារ:អនាម័យខ្លួនប្រាណ។

ថ្លែងប្រាប់សារព័ត៍មានក្នុងស្រុក លោកនាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា ការដោះស្រាយទុក្ខលំបាករបស់ប្រជាជនគឺជាកាតព្វកិច្ចចំបង និង ស្នូលរបស់មន្រ្តីរាជការ ដូច្នេះការចែកជំនួយមនុស្សធម៌នាពេលនេះគឺមិនត្រូវផ្តោតតែលើអ្នក ជម្លៀសមកទួលសុវត្ថិភាពទេ ហើយក៏មិនត្រូវប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរដែរ ស្របតាមគោលនយោបាយស្នូលរបស់រាជរដ្ឋាភិបាលស្តីពី «ការមិនទុកនរណាម្នាក់ចោល» ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook