Connect with us

ព័ត៌មានទាន់ហេតុការណ៍

តើចិន និងអាមេរិកកំពុងរុញតំបន់អាស៊ីប៉ាស៊ីហ្វិកឲ្យធ្លាក់ក្នុងការប្រកួតប្រជែងគ្រឿងសព្វាវុធមែនទេ?

សង្គ្រាមពាក្យសម្តី​កំពុង  ​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​បារាំង អូស្រា្តលី និង​អាមេរិក។ ដើមចម​នៃ​សង្រ្គាមពាក្យ​សម្តី​នេះ​បាន​កើត​មាន​ឡើង ក្រោយ​ពី​អូស្រា្តលី​បាន​សម្រេច​លុប​កុងត្រា​ទិញ​នាវាមុជទឹកបារាំង​ដោយ​ងាក​ទៅ​ទិញ​នាវាមុជទឹក​អាមេរិក​វិញ។ ការ​សម្រេច​របស់​អូស្រា្តលី​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​សម្ព័ន្ធមិត្ត​ថ្មី​ត្រីភាគី​រវាង​អូស្រា្តលី អង់គ្លេស និង​អាមេរិក​ក្នុង​ថ្ងៃ​ពុធ ទី១៦ កញ្ញា​សម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ ដើម្បី​សម្តែង​កំហឹង​របស់​ខ្លួន បារាំង​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​នៅ​អូស្រ្តាលី និង​អាមេរិក​ឲ្យ​ចូល​ស្រុក​វិញ​ក្នុង​ថ្ងៃ​សៅរ៍ ទី១៨ កញ្ញា។ បន្ទាប់​មក​នៅ​យប់​ក្នុង​ថ្ងៃ​សៅរ៍​ដដែរ ប្រមុខ​ការទូត​បារាំង​បាន​ប្រើ​ពាក្យ​ធ្ងន់ៗ​វាយប្រហារ​លើ​អាមេរិក និង​អូស្រា្តលី។ នៅ​ថ្ងៃ​អាទិត្យ ទី១៩ កញ្ញា​នេះ នាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ការពារជាតិ​អូស្រា្តលី​បាន​ចេញ​មុខ​ពន្យល់ និង​ការពារ​លើ​ការ​សម្រេចចិត្ត​លុប​កុងត្រា​ទិញ​នាវាមុជទឹកបារាំង។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​បារាំង France 2 ប្រមុខ​ការទូត​បារាំង​លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់​បាន​ប្រើ​ពាក្យ​ធ្ងន់ៗ​ដោយ​វាយប្រហារ​ចាស់​ដៃ និង​មិន​សំចៃមាត់​លើ​អូស្រា្តលី និង​អាមេរិក ពិសេស​គឺ​អាមេរិក។ « ចិត្ត​វៀចវេរ » « ការ​មើលងាយ » « ការ​និយាយ​ភូតភរ » ទាំង​នេះ​សុទ្ធសឹង​ជា​ពាក្យពេចន៍​ដែល​លោក​ឡឺឌ្រីយ៉ង់​បាន​ប្រើ។ ទាក់ទង​នឹង​ការ​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​បារាំង​នៅ​អាមេរិក និង​នៅ​អូស្រា្តលី​ឲ្យ​ត្រឡប់​ចូល​ស្រុក​វិញ​ត្រូវ​បាន​លោក​ឡឺឌ្រីយ៉ង់​អះអាង​ថា ជា​កាយវិកាយ​នយោបាយ​មួយ​ធ្ងន់ធ្ងរ​ដែល​បញ្ជាក់​ពី​វិបត្តិធ្ងន់ធ្ងរ និង​ការ​មិន​ទុកចិត្ត​គ្នា​រវាង​បារាំង អាមេរិក និង​អូស្រា្តលី។

« យើង​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា ហើយ​នៅ​ពេល​ដែល​គេ​មាន​សម្ព័ន្ធមិត្ត​ម្នាក់ គេ​មិន​ដែល​ធ្វើ​អំពើ​ជាមួយ​សម្ព័ន្ធមិត្ត​តាម​បែប​ឃោរឃៅនិង​ដោយ​មិន​អាច​ទាយ​ទុក​មុន​បាន​របៀប​នេះ​ទេ » នេះ​ជា​សារ​បរិហារ​អាមេរិក​របស់​លោក​ឡឺឌ្រីយ៉ង់។ បន្ទាប់​មក ប្រមុខ​ការទូត​បារាំង​បាន​យល់​ឃើញ​ថា វិបត្តិ​រវាង​បារាំង និង​អាមេរិក​ពេល​នេះ​នឹង​អាច​ធ្វើ​ឲ្យ​មាន​ការ​គិតគូរ​លើ​ការ​កំណត់​យុទ្ធសាស្រ្ត​ថ្មី​របស់​អង្គការ​អូតង់​ដែល​បារាំង និង​អាមេរិក​ជា​សមាជិក​ដូច​គ្នា។ គួរ​រម្លឹក​ថា បារាំង​មិន​អស់ចិត្ត​នឹង​អូស្រា្តលី​ដែល​បាន​សម្រេច​លុប​កុងត្រា​ទិញ​នាវាមុជទឹក​បារាំង​ចំនួន ១២គ្រឿង ក្នុង​ទឹកប្រាក់ ៣១​ពាន់​លាន​អឺរ៉ូ​ដែល​អូស្ត្រាលី​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ ២០១៦។ បារាំង​ក្តៅ​ស្លឹក​ត្រចៀក​កាន់​តែ​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​អូស្រ្តាលី​ងាក​ទៅ​ទិញ​នាវាមុជទឹក​អាមេរិក​វិញ។

ជម្រើស​ក្នុង​ផលប្រយោជន៍​យុទ្ធសាស្រ្តជាតិ

នៅ​ថ្ងៃ​អាទិត្យ ទី១៩ កញ្ញា អូស្ត្រាលី​តាម​រយៈ​នាយករដ្ឋមន្រ្តី​លោក​ស្កុត ម៉ូរីសុន និង​រដ្ឋមន្រ្តី​ការពារជាតិ​លោក​ភីធ័រ ដាតតុន​បាន​ចេញ​មុខ​ពន្យល់​បកស្រាយ​ពី​មូលហេតុ​ដែល​អូស្រ្តាលី​ឈប់​ទិញ​នាវាមុជទឹកបារាំង និង​ងាក​ទៅ​ទិញ​នាវាមុជទឹក​អាមេរិក។ តែ​ជា​ដំបូង លោក​ស្កុត ម៉ូរីសុន និង​លោក​ភីធ័រ ដាតតុន​បាន​បញ្ជាក់​ថា អូស្រា្តលី​បាន​យល់​ពី​កំហឹង និង​ការ​អាក់អន់​ចិត្ត​របស់​បារាំង​ចំពោះ​ការ​សម្រេចចិត្ត​របស់​អូស្តា្រលី។ លោក​ម៉ូរីសុន​បាន​ថ្លែង​ច្បាស់ៗ​ថា លោក​មិន​ស្តាយ​ក្រោយ និង​គ្មាន​ថ្ងៃ​ស្តាយ​ក្រោយ​​លើ​ការ​សម្រេច​ចិត្ត​របស់​លោក​ទេ។ មិន​ស្តាយ​ក្រោយ​ដោយ​លោក​ម៉ូរីសុន​បាន​អះអាង​ថា ការ​សម្រេចចិត្ត​ងាក​ទៅ​ទិញ​នាវាមុជទឹក​អាមេរិក​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ផលប្រយោជន៍​យុទ្ធសាស្រ្តជាតិ​ជា​ធំ។

ចំណែក​លោក​ភីធ័រ ដាតតុន​បាន​បញ្ជាក់​ត្រង់ៗ​ដោយ​មិន​លាក់លៀម​ពី​ប្រសិទ្ធិភាព និង​ភាព​ខុស​គ្នា​រវាង​នាវាមុជទឹកបារាំង និង​នាវាមុជទឹកអាមេរិក​ដែល​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ដូច​គ្នា។ តាម​លោក​ភីធ័រ នាវាមុជទឹកបារាំង​ត្រូវ​ការ​ឲ្យ​មាន​ប្រតិបត្តិការ​ថែរក្សា​នៅ​រៀងរាល់ ១០ឆ្នាំ​ម្តង និង​ថែម​ទាំង​គ្រោង​បញ្ចូល​គ្រឿងបញ្ឆេះ​នុយក្លេអ៊ែរ​ទៀត​ផង ខណៈ​ដែល​អូស្រ្តាលី​គ្មាន​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ។ ចំណែក​នាវាមុជទឹក​អាមេរិក​វិញ​អាច​ស្ថិត​នៅ​ក្នុង​ទឹកសមុទ្រ​រហូត​ដល់​ទៅ ៣៥ឆ្នាំ​ដោយ​មិន​ត្រូវ​ការ​ឲ្យ​មាន​ប្រតិបត្តិការ​ថែរក្សា ឬ​ការ​បញ្ចូល​គ្រឿងបញ្ឆេះ​នុយក្លេអ៊ែរ​ទេ។

ចំណែក​ហេតុផល​មួយ​ទៀត​ដែល​អូស្រា្តលី​បាន​លើក​ឡើង គឺ​បារាំង​មាន​ភាព​យឺតយ៉ាវ​នៅ​ក្នុង​គម្រោង​សាងសង់​នាវាមុជទឹក​ដែល​អូស្រា្តលី​បាន​កម្ម៉ង់ទិញ ហើយ​តម្លៃ​ក៏​លើស​ពី​ការ​កំណត់​នៅ​ក្នុង​កុងត្រា។ តាម​លោក​ភីធ័រ ដាតតុន ហេតុផល​ចុង​ក្រោយ​នេះ​ត្រូវ​បាន​អូស្ត្រាលី​ប្រាប់​បារាំង​តាំង​ពី​ប៉ុន្មាន​ខែ​កន្លង​មក ហើយ​ការ​លុប​កុងត្រា​ក៏​អូស្រា្តលី​ធ្លាប់​បាន​ជូន​ជា​ដំណឹង​ដល់​បារាំង​រួច​ហើយ​ដែរ។ តើ​ហេតុផល​របស់​អូស្រា្តលី​ពេល​នេះ​នឹង​អាច​រំងាប់​កំហឹង​របស់​បារាំង​បាន ឬ​អត់?។ នៅ​មិន​ទាន់​អាច​និយាយ​បាន​ទេ ព្រោះ​គេ​ត្រូវ​ចាំ​ការ​ពន្យល់​បក​ស្រាយ​ពី​បារាំង​វិញ​ម្តង។ អ្វី​ដែល​គេ​អាច​និយាយ​បាន រឿងរ៉ាវ​មួយ​នេះ​កំពុង​ក្លាយ​ជា​វិបត្តិ​ការទូត​មិន​ធ្លាប់​មាន​រវាង​បារាំង និង​អាមេរិក។

ចិន និង​អាមេរិក​ជា​ដើមចម​ឲ្យ​មាន​ការ​ប្រជែង​គ្រឿងសព្វាវុធ​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក?

ការ​សម្រេច​បំពាក់​នាវាមុជទឹកអាមេរិក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​របស់​អូស្ត្រាលី​ពេល​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​អាស៊ី​បារម្ភ​ពី​ការ​ប្រជែង​គ្រឿងសព្វាវុធ ពិសេស​អាវុធ​នុយក្លេអ៊ែរ​រវាង​ពួក​មហាអំណាច​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ រូបភាព​នៃ​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​បាលីស្ទិក​របស់​កូរ៉េខាងជើង និង​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​បាលីស្ទិក​ពី​នាវាមុជទឹក​របស់​កូរ៉េខាងត្បូង​ថ្មីៗ​នេះ រួម​ទាំង​ការ​ទិញ​នាវាមុជទឹក​អាមេរិក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​របស់​អូស្រា្តលី​ពេល​នេះ គឺ​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ប្រទេស​អាស៊ី​ផ្សេង​មិន​អាច​លាក់​កំបាំង​ពី​ក្តីបារម្ភ​របស់​ខ្លួន​បាន។

នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្រ្តី​អូស្រា្តលី នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​បាន​សម្តែង​ក្តីបារម្ភ​ប្រាប់​លោក​ម៉ូរីសុន​ថា សម្ព័ន្ធមិត្ត​រវាង​អាមេរិក និង​អូស្រា្តលី​នឹង​រុញ​ប្រទេស​មហាអំណាច​ផ្សេង​ឲ្យ​បញ្ចេញ​ប្រតិកម្ម​កាន់​តែ​កាច​ខ្លាំង​នៅ​ក្នុង​តំបន់។ ក្តីបារម្ភ​ដូច​គ្នា​នេះ​ក៏​មាន​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រទេស​សមាជិក​អាស៊ាន​ដូច​ម៉ាឡេស៊ី។ តាម​ពិត​ទៅ គឺ​ពាក្យ « នុយក្លេអ៊ែរ » ដែល​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​បារម្ភ​ជាង​គេ ព្រោះ​នៅ​ក្នុង​សន្ធិសញ្ញា​ក្រុង​បាងកក​ឆ្នាំ ១៩៩៥ អាស៊ាន​បាន​ប្តេជ្ញា​ធ្វើ​ឲ្យ​អាស៊ីអាគ្នេយ៍​ជា​តំបន់​គំរូ​គ្មាន​អាវុធនុយក្លេអ៊ែរ។ នៅ​ក្នុង​ន័យ​នេះ ឥណ្ឌូណេស៊ី​បាន​ឆ្លៀត​រម្លឹក​ប្រាប់​អូស្រា្តលី​ពី​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រួម​ទាំង​ការ​សន្យា​របស់​អូស្រា្តលី​ក្នុង​ការ​ធានា​សន្តិសុខ​នៅ​ក្នុង​តំបន់។

ក្រុម​អ្នក​ជំនាញ​បាន​មើល​ឃើញ​ថា អ្នក​ដែល​កំពុង​រុញ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ឲ្យ​ធ្លាក់​ក្នុង​ការ​ប្រជែង​គ្រឿង​សព្វាវុធ គឺ​ចិន និង​អាមេរិក។ តាម​ទិន្នន័យ​ចុង​ក្រោយ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ក្រុង​ស្តុកខុល តំបន់​អាស៊ីប៉ាស៊ីហ្វិក​តែ​មួយ​បាន​ចំណាយ​លុយ​ដល់​ទៅ​ជាង ៥០០ពាន់លានដុល្លារ​សម្រាប់​វិស័យ​ការពារ។ នៅ​ក្នុង​ទឹកប្រាក់​នេះ ចិន​តែ​ម្នាក់​ឯង​មាន​ដល់​ទៅ​ពាក់​កណ្តាល។ ការ​ចំណាយ​របស់​ចិន​ក្នុង​វិស័យ​ការពារ​ក្នុង​មួយ​ឆ្នាំៗ មាន​ប្រមាណ ២៥២ពាន់លានដុល្លារ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ថវិកា​ការពារ​ប្រចាំ​ឆ្នាំ​របស់​អូស្រ្តាលី ជប៉ុន ឥណ្ឌា និង​កូរ៉េខាងត្បូ​ក៏​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។

សម្រាប់​ក្រុម​អ្នកជំនាញ ចិន​ជា​ក្បាលម៉ាស៊ីន​នៃ​ការ​ចំណាយ​លើ​វិស័យ​ការពារ​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក ហើយ​អាមេរិក​ហាក់​កំពុង​រុញ​ប្រទេស​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ឲ្យ​បប្រជែង​ទប់​នឹង​ឥទ្ធិពល​របស់​ចិន៕​​  ​​​

អត្ថបទ៖ ឈិត សណាង កម្ពុជា សន្តិភាព។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook