Connect with us

ព័ត៌មានជាតិ

អាម៉េរិក បើកការិយាល័យនៃក្រសួងកសិកម្មនៅកម្ពុជា ដើម្បីជំរុញកសិពាណិជ្ជកម្មទ្វេភាគី

ភ្នំពេញ៖ សហរដ្ឋអាម៉េរិក បានបើកការិយាល័យរបស់ក្រសួងកសិកម្ម (USDA) ដំបូងរបស់ខ្លួន នៅកម្ពុជា ក្នុងខែកញ្ញានេះ ដើម្បីទ្រទ្រង់ពាណិជ្ជកម្មទាក់ទងនឹងកសិកម្ម ដែលកំពុងមានកំណើន រវាងប្រទេសទាំងពីរ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ក្រសួងកសិកម្មអាម៉េរិក (USDA) នេះស្ថិតនៅក្នុងស្ថានទូតអាម៉េរិកនៅភ្នំពេញ។ ការងាររបស់ការិយាល័យនេះ នឹងមាននៅទូទាំងប្រទេសកម្ពុជា ដើម្បីទ្រទ្រង់កិច្ចសហការនិងពាណិជ្ជកម្មទ្វេភាគី ផ្នែកកសិកម្ម សម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖«នៅប្រទេសកម្ពុជា គេចូលចិត្តផលិតផល និងបច្ចេកវិទ្យាកសិកម្មរបស់អាម៉េរិក ហើយការិយាល័យថ្មីរបស់ USDAនេះ នឹងជំរុញកិច្ចការនេះដើម្បីឲ្យអតិថិជន និងផលិតករកម្ពុជាទទួលបានផលិតផល និងបច្ចេកវិទ្យាទាំងនោះឲ្យបានកាន់តែច្រើន។ វាជាដំណឹងល្អសម្រាប់ប្រទេសទាំងពីរ ហើយវាក៏បានឆ្លុះបញ្ចាំងឲ្យឃើញអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ក្នុងការធ្វើឲ្យប្រជាជនកម្ពុជាទទួលបានទំនិញ និងសេវាប្រកបដោយគុណភាព ពីសហរដ្ឋអាម៉េរិក»។

សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា ការិយាល័យផ្នែកសេវាកម្មជាមួយបរទេស របស់ USDA ក៏នឹងជួយផងដែរដល់កសិករ និងសិស្សសាលានៅកម្ពុជា ក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារ តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ជាបន្តរបស់USDA ដូចជាកម្មវិធី McGovern-Dole International Food for Education ដែលផ្តល់អាហារសម្រាប់កូនសិស្សនៅសាលាបឋមសិក្សា និងកម្មវិធី Food for Progress ដែលលើកកម្ពស់ផលិតភាពកសិកម្មផងដែរ។

កញ្ញា ហូយ សុខគា អ្នកឯកទេសខាងកិច្ចការកសិកម្ម ត្រូវបានជ្រើសរើសធ្វើជាអ្នកតំណាង ការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក (USDA) ប្រចាំកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល ដោយបន្តអះអាងថា កន្លងមក សុខគា គឺជាអ្នកឯកទេសពាណិជ្ជកម្មរបស់ស្ថានទូតអាម៉េរិក នៅភ្នំពេញ ដោយនាងបានជួយក្រុមហ៊ុនអាម៉េរិកនានា ឲ្យចូលមកបណ្តាក់ទុននៅកម្ពុជាផងដែរ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកនៅកម្ពុជា កាលពីឆ្នាំ២០២០ កម្ពុជា បាននាំចូលទំនិញកសិកម្មពីសហរដ្ឋអាម៉េរិក ដែលមានតម្លៃសរុប ៧២,៧ លានដុល្លារ ដែលចំនួននេះកើន ៤៧៤% នៅក្នុងរយៈពេល ១០ ឆ្នាំមកនេះ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook