Connect with us

ព័ត៌មានអន្តរជាតិ

តៃវ៉ាន់គ្រោងនឹងចូលរួមចំណែកដល់មូលនិធិសកលស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត

(តៃវ៉ាន់)៖ តៃវ៉ាន់មានគម្រោងផ្ដល់ជំនួយតាមរយៈធនាគារពិភពលោកសម្រាប់ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និង ចែករំលែកវ៉ាក់សាំងទៅកាន់ប្រទេសនានា។ នេះបើយោងទៅតាមការបញ្ជាក់ពីអតីតអនុប្រធានធិបតីតៃវ៉ាន់លោក ចិន ជៀនជេន(Chen Chien-jen) ថ្លែងក្នុងកិច្ចប្រជុំកំពូលលើបញ្ហាកូវីដ ១៩ ។

ក្នុងសេចក្ដីថ្លែងការណ៍កំពូលនេះ លោកចិន ជៀនជេនបានបង្ហាញថា តៃវ៉ាន់គាំទ្រចំពោះគោលដៅចាក់វ៉ាក់សាំងជាសកល និងបរិច្ចាគម៉ាស់និងសម្ភារៈពេទ្យមួយចំនួនផងដែរ។
«នៅពេលដែលយើងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងស្រុកហើយ យើងចង់ចែករំលែកវ៉ាក់សាំងរបស់យើងជាមួយប្រទេសដទៃទៀត»។ លោកចិន បាននិយាយ ដោយលោកមិនបានបញ្ជាក់លម្អិត។

លើសពីនេះ លោកបន្ថែមថា៖«សម្រាប់ចក្ខុវិស័យរួមដែលកសាងពិភពលោកឱ្យប្រសើរឡើង យើងនឹងស្វះស្វែងបរិច្ចាគទៅមូលនិធិអន្តរការីហិរញ្ញវត្ថុសុខភាពសកល ដែលផ្ដួចផ្ដើមដោយសហរដ្ឋអាម៉េរិក»។

តៃវ៉ាន់មានបំណងបង្ហាញទំនួលខុសត្រូវខ្លួនក្នុងនាមជាសមាជិកនៃសហគមន៍អន្តរជាតិកំលុងពេលដ៏លំបាកនេះ ទោះបីជារដ្ឋាភិបាលចិនដីគោកបានរារាំងវត្តមានរបស់ខ្លួនក្នុងអង្គការសុខភាពពិភពលោក។ សមាជិកភាពរបស់តៃវ៉ាន់បានជាប់គាំង ស្ទើរគ្រប់ស្ថាប័នអន្តរជាតិដោយសារការរារាំងរបស់ចិនដីគោក ដែលប្រកាសប្រាប់ពិភពលោកថាកោះតៃវ៉ាន់ជាខេត្តរបស់ខ្លួន។

តៃវ៉ាន់បានគ្រប់គ្រងស្ថានភាពកូវីដ ១៩ របស់ខ្លួនបានយ៉ាងល្អ ដោយមានអ្នកឆ្លងតិចតួចបំផុត ហើយអាត្រានៃអ្នកចាក់វ៉ាក់សាំងពេញលេញមានលើសពី ១០ ភាគរយនៃចំនួនប្រជាជន​សរុប។

មែនទែនទៅ តៃវ៉ាន់ក៏ទទួលបានវ៉ាក់សាំងពីបណ្តាប្រទេសជាច្រើនផងដែររួមាន សហរដ្ឋអាម៉េរិក ជប៉ុន ប៉ូឡូញ សាធារណរដ្ឋឆែក ស្លូវ៉ាគី និង លីទុយអានី។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធទី ២២ ខែកញ្ញា ប្រធានធិបតីអាម៉េរិកលោក ចូ បៃដិន បានសន្យាថានឹងបរិច្ចាគវ៉ាក់សាំងកូវីដ ១៩ ទៅបណ្ដាប្រទេសទូទាំងពិភពលោកចំនួន ៥០០ លានដូសបន្ថែមទៀត។ លើសពីនេះ រដ្ឋាភិបាលអាម៉េរិកក៏កំពុងកៀងគរប្រាក់ប្រមាណ ១០ ពាន់លានដុល្លារសម្រាប់មូលនិធិអន្តរការីហិរញ្ញវត្ថុសុខភាពសកលដែលប្រតិបត្តិការដោយធនាគារពិភពលោក៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook