ភ្នំពេញ៖ សហរដ្ឋអាមេរិក បានបើកការិយាល័យកសិកម្មនៃក្រសួងកសិកម្ម (USDA) ដំបូងរបស់ខ្លួននៅប្រទេសកម្ពុជានៅខែកញ្ញានេះ ដើម្បីទ្រទ្រង់ពាណិជ្ជកម្មទាក់ទងនឹងវិស័យកសិកម្មដែលកំពុងមានកំណើនរវាងប្រទេសទាំងពីរ។
ថ្វីត្បិតតែការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ក្រសួងកសិកម្មអាមេរិក (USDA) ស្ថិតនៅក្នុងស្ថានទូតអាមេរិកនៅភ្នំពេញមែន ប៉ុន្តែការងាររបស់គេមានគ្របដណ្ដប់នៅទូទាំងប្រទេសកម្ពុជា ដើម្បីទ្រទ្រង់កិច្ចសហការ និងពាណិជ្ជកម្មទ្វេភាគី ផ្នែកកសិកម្ម សម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖«នៅប្រទេសកម្ពុជា គេចូលចិត្តផលិតផល និងបច្ចេកវិទ្យាកសិកម្មរបស់អាមេរិក ហើយការិយាល័យថ្មីរបស់ USDAនេះ នឹងជំរុញកិច្ចការនេះដើម្បីឲ្យអតិថិជន និងផលិតករកម្ពុជាទទួលបានផលិតផល និងបច្ចេកវិទ្យាទាំងនោះឲ្យបានកាន់តែច្រើន។ វាជាដំណឹងល្អសម្រាប់ប្រទេសទាំងពីរ ហើយវាក៏បានឆ្លុះបញ្ចាំងឲ្យឃើញអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ក្នុងការធ្វើឲ្យប្រជាជនកម្ពុជាទទួលបានទំនិញ និងសេវាប្រកបដោយគុណភាព ពីសហរដ្ឋអាមេរិក»។
ទីផ្សារប្រទេសកម្ពុជាកំពុងមានកំណើន សម្រាប់ទំនិញកសិកម្មនាំចេញរបស់សហរដ្ឋអាមេរិក ដោយក្នុងឆ្នាំ ២០២០ គេលក់បានក្នុងតម្លៃ ៧២,៧ លានដុល្លារ គឺកើន ៤៧៤ភាគរយនៅក្នុងរយៈពេល ១០ ឆ្នាំមកនេះ។
ការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ USDA ក៏នឹងជួយផងដែរដល់កសិករ និងសិស្សសាលានៅកម្ពុជា ក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារ តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ជាបន្តរបស់ USDA ដូចជាកម្មវិធី McGovern-Dole International Food for Education ដែលផ្តល់អាហារសម្រាប់កូនសិស្សនៅសាលាបឋមសិក្សា និងកម្មវិធី Food for Progress ដែលលើកកម្ពស់ផលិតភាពកសិកម្មផងដែរ។
ការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានតែងតាំង កញ្ញា ហូយ សុខគា អ្នកឯកទេសខាងកិច្ចការកសិកម្មធ្វើជាតំណាង។ កន្លងមក សុខគា គឺជាអ្នកឯកទេសពាណិជ្ជកម្មរបស់ស្ថានទូតអាមេរិកនៅភ្នំពេញ ដោយនាងបានជួយក្រុមហ៊ុនអាមេរិកនានាឲ្យចូលមកបណ្តាក់ទុនក្នុងទីផ្សារនៃប្រទេសកម្ពុជា៕

