Connect with us

ព័ត៌មានជាតិ

ខេត្តកែប៖ សាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ

 (កែប)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការសាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប។ នេះបើយោងតាមអង្គភាពសារព័ត៌មានកម្ពុជាសន្តិភាពទទួលបានឱ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។

​នៅក្នងពិធីនេះដែរ មានការប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូងខេត្តកែប និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកែប ដោយមានការអញ្ជើញចូលរួមពីសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំនៃសាលាឧទ្ធរណ៍ព្រះសីហនុ និងមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ ប្រធានក្រុមប្រឹក្សាខេត្តកែប អភិបាលនៃគណៈអភិបាលខេត្តកែប អភិបាលនៃគណៈអភិបាលខេត្តកំពត ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មន្រ្តីតុលាការ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

ក្នុងពិធីនេះដែរ លោក កើត រិទ្ធ បានសម្ដែងនូវការអបអរសាទរចំពោះការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការសាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប ដោយមានការប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់លោក ហន សុខេមរិន ជាប្រធានសាលាដំបូងខេត្តកែប លោក ខាន់ សុផល ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាខេត្តកែប ព្រមទាំងចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងអបអរសាទរចំពោះប្រធានលេខាធិការដ្ឋានព្រមទាំងមន្ត្រីលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកែបទាំងអស់ ដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងឱ្យមកបម្រើការនៅក្នុងសាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែបនេះ។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា៖ «ការដាក់ឱ្យដំណើរការសាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នេះ គឺដើម្បីចូលរួមអបអរសាទរខួបលើកទី២៨ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២១)។ ថ្ងៃទី២៤ ខែកញ្ញា នេះ ក៏នឹងត្រូវចារទុកជាថ្ងៃប្រវតិ្តសាស្រ្តថ្មីមួយទៀត សម្រាប់ទឹកដីខេត្តកែប ដែលនឹងមានសាលាដំបូង និងអយ្យការអមសាលាដំបូង ដើម្បីបម្រើសេវាយុតិ្តធម៌ជូនប្រជាពលរដ្ឋ កាន់តែងាយស្រួល និងកាន់តែមានប្រសិទ្ធភាពសម្រាប់ការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ»

លោករដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា សាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប ដែលជាសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋខេត្តកែប ត្រូវបានដាក់ឱ្យដំណើរការដោយផ្អែកតាមការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខេត្តកែប និងផ្អែកតាមច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ដែលតម្រូវឱ្យមានសាលាដំបូងមួយនៅបណ្តារាជធានី-ខេត្តនៅទូទាំងប្រទេស ព្រមទាំងស្របតាមទិសដៅនៃកម្មវិធីកែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ សំដៅបង្ខិតការផ្តល់សេវាយុត្តិធម៌ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋខេត្តកែប តាមរយៈការកាត់បន្ថយការចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរទៅទទួលយកសេវាយុតិ្តធម៌នៅសាលាដំបូងខេត្តកំពត និងអយ្យការអមសាលាដំបូងខេត្តកំពត។ ទន្ទឹមនេះ វត្តមាននៃសាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែបនេះ នឹងអាចជួយសម្រាលបន្ទុកសំណុំរឿងរបស់សាលាដំបូងខេត្តកំពត ជាពិសេស អាចជួយជម្រុញឱ្យមានការដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកែប បានកាន់តែឆាប់រហ័សជាងមុនទៅទៀត។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រធានសាលាដំបូងខេត្តកំពត និង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារដោះស្រាយសំណុំរឿងកន្លងមកបានយ៉ាងល្អប្រសើរ ទាំងសំណុំរឿងរបស់ប្រជាពលរដ្ឋខេត្តកំពតខ្លួនឯងផង ទាំងសំណុំរឿងរបស់ប្រជាពលរដ្ឋខេត្តកែបផង និងបានថ្លែងអំណរគុណផងដែរដល់លោកអភិបាលខេត្តកំពត និងលោកអភិបាលខេត្តកែប ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រ និងផ្តល់កិច្ចសហការល្អជាមួយសាលាដំបូងខេត្តកំពត និងអយ្យការអមសាលាដំបូងខេត្តកំពត នាពេលកន្លងមក។ លោករដ្ឋមន្រ្តី សូមស្នើឱ្យបន្តផ្តល់កិច្ចសហការល្អនេះជាមួយសាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងថ្មីនេះបន្តទៀត ជាពិសេស ជាមួយ លោកប្រធានសាលាដំបូងខេត្តកែប និងលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកែប ដែលទើបនឹងចូលកាន់តំណែងថ្មីនេះ ឱ្យអនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាព ហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗ បន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងវិស័យយុតិ្តធម៌ទាំងមូល។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានផ្តល់ការណែនាំ និងផ្តាំផ្ញើដល់ប្រធានសាលាដំបូងខេត្តកែប និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកែប ឱ្យខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំស្ថាប័នតុលាការ និងស្ថាប័នអយ្យការ ឱ្យមានការរីកចម្រើន ជាពិសេស ត្រូវមានកិច្ចសហការឱ្យបានល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដោយផ្អែកតាមតួនាទី និងភារកិច្ចដែលច្បាប់ប្រគល់ឱ្យរៀងៗខ្លួនប្រកបដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ជាទីបំផុត។

សូមបញ្ជាក់ថា៖ សាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប នឹងមានសមត្ថកិច្ចលើសំណុំរឿងដែលទទួលពីប្រជាពលរដ្ឋចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។ ចំពោះសំណុំរឿងដែលមានមុនថ្ងៃទី២៤ ខែកញ្ញានេះ ត្រូវបន្តស្ថិតនៅក្រោមចំណាត់ការរបស់សាលាដំបូងខេត្តកំពត និងអយ្យការអមសាលាដំបូងខេត្តកំពតដដែល៕

ដោយ គង់ សុខឡេង។

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook