Connect with us

ព័ត៌មានជាតិ

សោកស្តាយណាស់! ដំណាំស្រូវប្រមាណជាង ២៥,០០០ហិកតានៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវជន់លិចដោយសារជំនន់ទឹកភ្លៀង

(បន្ទាយមានជ័យ)៖ មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ដំណាំស្រូវរបស់ប្រជាពលរដ្ឋប្រមា ណជាង២ម៉ឺន៥ពាន់ហិកតា នៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ ត្រូវជន់លិច ដោយសារជំនន់ទឹកភ្លៀង។ នេះបើតាមការបញ្ជាក់របស់លោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកបន្តថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ជោគជាំ និងមានទឹកហូរធ្លាក់មកពីព្រំដែនប្រទេសថៃផងនោះ បានធ្វើឱ្យទឹកជំនន់ជន់លិចនៅតាមបណ្តាស្រុកមួយចំនួន ដូចជា ស្រុកមង្គលបុរី ស្រុកព្រះនេតព្រះ ស្រុកភ្នំស្រុក ក្រុងប៉ោយ ប៉ែត និងក្រុងសិរីសោភ័ណ្ឌ ធ្វើឱ្យដំណាំស្រូវរបស់ប្រជាពល រដ្ឋប្រមាណជាង២៥,០០០ ហិកតា និងដំណាំរួមផ្សំផ្សេងៗប្រមាណជាង២,០០០ហិកតាត្រូវជន់លិច។ លោកបន្តថា ខណៈពេល នេះមិនទាន់អាចប៉ាន់ស្មានទំហំផ្ទៃដីរងផលប៉ះពាល់ឬខូចខាតទាំងស្រុងបាននៅ ឡើយទេ ដោយសារភ្លៀងនៅតែបន្តធ្លាក់ និងស្ថានភាពទឹកមិនទាន់ស្រកចុះនៅឡើយ ហើយស្ថានភាពដំណាំខ្លះអាចមិនទាន់ខូចខាតទាំងស្រុង។

លោកប៉ាង វណ្ណាសេដ្ឋ បន្តថា រហូតមកដល់ពេលនេះ គណៈកម្មការគ្រប់ គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ស្រូវពូជ និងគ្រាប់ពូជដំណាំរួមផ្សំនានា សម្រាប់ចែកជូនប្រជាពលរដ្ឋដាំដុះស្តារឡើងវិញ នៅពេលពិនិត្យវាយ តម្លៃទំហំផ្ទៃដីរងផលប៉ះពាល់រួចរាល់ និងស្ថានភាពទឹកបានស្រកទៅវិញ។ សំឡេង៖លិចលង់ហ្នឹងមានខាងមង្គលបុរី ខាងប៉ោយប៉ែត សិរីសោភ័ណ្ឌ ព្រះនេតព្រះ ភ្នំស្រុក យើងសរុបមកដល់ ពេលនេះប៉ះពាល់ដំណំាស្រូវជាង២៥,០០០ហិកតាហើយ ដំណាំផ្សេងៗលើដំឡូងមី និងបន្លែវារ២០០០ហិកតា តាមប្រភេទស្រូវ ស្រូវកណ្តាល ស្រូវធ្ងន់អីត្រឹម១០ថ្ងៃអីមិន ទាន់ខូចខាតទេ បើស្រូវ ស្រាលអាចខូចហើយ មក ដល់ពេលនេះកន្លែងខ្លះក៏១០ថ្ងៃ កន្លែងខ្លះទើបចូលម្សិលមិញ អ៊ីចឹងយើងនៅបន្តតាមដានមើលបន្តទៀត ឥឡូវគ្រាន់តែផលប៉ះពាល់ ត្រឹម ២៥,០០០ហិកតាហើយ វាអាចប៉ះពាល់ទៀត ព្រោះឥឡូវភ្លៀងរាល់ថ្ងៃ យើងគណៈកម្ម ការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត យើងប្រជុំ ត្រៀមហើយ បើមានការខូចខាតបន្ទាន់ដែលត្រូវដោះស្រាយពូជអី គណៈកម្មការគ្រប់គ្រងគ្រោះ មហន្តរាយខេត្ត នឹងត្រូវស្នើសុំទៅស្បៀងបម្រុងរបស់រដ្ឋ អ៊ីចឹងគាត់បានត្រៀមពូជអីរួចរាល់ហើយសម្រាប់តែយើងវាយតម្លៃការខូចខាត ត្រូវការប៉ុន្មានមកជួយសង្គ្រោះពលរដ្ឋបើយើងស្នើឥឡូវក៏មិនដឹងថាខូចប៉ុន្មាន។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិង ឧតុនិយមបានឱ្យដឹងថា ដោយសារការទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ)ដែលអូសបន្លាយកាត់ លើតំបន់ជួរភ្នំដងរែក និងខ្ពង់ រាបភាគឦសាន ជាមួយនិងខ្យល់មូសុងនិរតីបក់នៅក្នុងល្បឿនមធ្យមទៅបង្គួរ ហើយបន្តមកសម្ពាធទាបដែលស្ថិត នៅក្នុងប្រព័ន្ធ (ITCZ) ស្ថិតខាងកើតហ្វីលីពីនអាចវិវត្តន៍ខ្លួនទៅជាសម្ពាធទាបសកម្ម ឬវិសម្ពាធនៅលើសមុទ្រចិនខាងត្បូងចាប់ពីថ្ងៃទី២២ ខែ កញ្ញាមកបានបង្កឱ្យមានជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ៕



Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook