Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាអោយកងទ័ព យកចិត្តទុកដាក់ខ្ពស់ជួយសង្គ្រោះពលរដ្ឋ

ភារកិច្ចស្នូលរបស់កងទ័ពគឺ ការពារជាតិនិងប្រជាជន ! នេះគឺជាការលើកឡើង របស់ឯក ឧត្តម ហ៊ុន ម៉ាណែត ដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី ១០ខែតុលាឆ្នាំ២០២០ ក្នុងគ្រាដែលកម្ពុជាកំពុងជួបគ្រោះជំនន់ទឹកភ្លៀងយ៉ាងគំហុក នៅក្នុងខេត្តក្រុងចំនួន១៣នៃព្រះរាជាណាចក្រកម្ពុជា។

ឯក ឧត្តមបានសង្កត់ធ្ងន់ៗនិងច្បាស់ៗថា ក្នុងគ្រាដែលប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួនបានទទួលរងគ្រោះដោយសារទឹកជំនន់ បញ្ជាការដ្ឋានកងទ័ពជើងគោកបានដាក់ចេញនូវបទបញ្ជាឲ្យគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារៈដើម្បីត្រៀមចូលរួមក្នុងប្រតិបត្តិការ អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយទឹកជំនន់។

មិនតែប៉ុណ្នោះ ឧត្តម ក៏បាន អរគុណ និងកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃយោធភូមិភាគទី៥ បណ្ដាអង្គភាពតំបន់ប្រតិបត្តិការសឹករង កងពលតូចថ្មើរជើង និងកងការពារព្រំដែនចំណុះអោយយោធភូមិភាគទី៥ កងពលតូចអន្តរាគមន៍លេខ១៤ និងបណ្តាអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចាត់តាំងកម្លាំង មធ្យោបាយ សម្ភារៈ ចូលរួមជាមួយអជ្ញាធរមូលដ្ឋាននិងកម្លាំងអង្គភាពមិត្ត ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលានៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។

ឯក ឧត្តម ក៏បានបន្ថែមដែរថា បញ្ជាការដ្ឋានកងទ័ពជើងគោកបានចេញបទបញ្ជាឲ្យបង្កើនកម្លាំងអន្តរាគមន៍សង្គ្រោះពីបញ្ជាការដ្ឋានទ័ពពិសេស រួមជាមួយទូកនិងអូប៊័រសង្គ្រោះ និងកងពលតូចដឹកជញ្ជូនលេខ៩០ ត្រៀមចល័តរថយន្តដឹកជញ្ជូនក្នុងករណីមានតម្រូវការចាំបាច់ ។

សូមជំរាបថា ឯក ឧត្តម ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក នៃកងយុទ្ឋពលខេមរៈភូមិន្ទ ជាមេដឹកនាំដែលយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខពលរដ្ឋ ដោយមិនគិតពីនិន្នាការនយោបាយឡើយ ។ ក្រោមបទបញ្ជារបស់លោក កងទ័ពបានខិតខំយ៉ាងសស្រាក់ស្រាំ ជួយសង្រ្គោះពលរដ្ឋបានទាន់ពេលវេលា មិនបានទុកអោយពលរដ្ឋណាម្នាក់ ឯកោឡើយ។ តាមភាពជាក់ស្តែង ប៉ុន្មានថ្ងៃនេះ ទឹកជំនន់ភ្លៀងលិចលង់ស្ទើរគ្រប់ទីកន្លែង ពួកគេបានប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីសង្រ្គោះជីវិត ពលរដ្ឋនិងសត្វពាហនៈយ៉ាងអង់អាចក្លាហានទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់នោះឡើយ។

បើតាមលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៣ម៉ឺនគ្រួសារ ប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ផ្ទះប្រជាពលរដ្ឋជាង ៣ម៉ឹនខ្នងរងការជន់លិច និងខូចខាត ៣០ខ្នង។ទឹកជំនន់នេះ ធ្វើឱ្យលិចផលដំណាំប្រជាពលរដ្ឋជាង ១២ម៉ឺនហិកតា ស្រូវជិត ៨ម៉ឺនហិកតា និងដំណាំផ្សេងៗជាង ៤ម៉ឺនហិកតា។ 

ដោយឡែកសំរាប់រាជធានីភ្នំពេញក៏រងនូវផលប៉ះពាលផងដែរ ។បើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីយប់ថ្ងៃទី១៣ខែតុលាថា ប្រជាពលរដ្ឋជាង៥០០គ្រួសារ ក្នុងសង្កាត់ចំនួន៤ នៅខណ្ឌដង្កោ បានទទួលរងប៉ះពាល់ដោយសារទឹកជំនន់ ហូរចេញពីដងស្ទឹងព្រែកត្នោត តាមបណ្តោយផ្លូវលេខ២០អា ដែលស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook