Connect with us

ព័ត៌មានជាតិ

កម្ពុជាកំពុងសិក្សាសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ ដើម្បីពង្រឹងការដឹកជញ្ជូនផ្លូវទឹក

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងស្ថាប័នជំនាញពាក់ព័ន្ធ កំពុងពិភាក្សា និងសិក្សាឡើងវិញអំពីសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីក ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

កិច្ចប្រជុំពិភាក្សានេះធ្វើឡើងកាលពីថ្ងៃទី ១៤ តុលានេះ ក្រោមអធិបតីភាពរបស់ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល។

គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ កំណត់យកឃ្លាប្រយោគ និងនិយមន័យ ឱ្យបានគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅ ដោយអង្គប្រជុំបានឯកភាពគ្នាកែសម្រួលអត្ថន័យតាមមាត្រានីមួយៗឱ្យមានខ្លឹមសារគ្រប់គ្រាន់។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ច្បាប់នេះបង្កើតឡើងក្នុងគោលបំណង ដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៍កំពង់ផែឱ្យកាន់តែមានសណ្ដាប់ធ្នាប់ ក៏ដូចជាជំរុញពាណិជ្ជកម្មជាតិ និងអន្តរជាតិផងដែរ។

ក្នុងកិច្ចប្រជុំ ឯកឧត្តម ក៏បានជំរុញឱ្យក្រុមការងារធ្វើការត្រួតពិនិត្យ និងប្រៀបធៀបខ្លឹមសារ សេចក្តីព្រាងច្បាប់នេះ ទៅនឹងច្បាប់ពាក់ព័ន្ធផ្សេងៗទៀតនៅកម្ពុជា និងប្រទេសដទៃទៀត ដើម្បីធានាថាច្បាប់នេះមិនងាកចេញពីខ្លឹមសារនៃច្បាប់អន្តរជាតិ។

គួរបញ្ចាក់ផងដែរថា ប្រទេសកម្ពុជាមានកំពង់ផែសមុទ្រចំនួន ២៧ និងកំពង់ផែទឹកសាបចំនួន ៧៨ ដែលស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងនៅតាមបណ្ដាខេត្តនានា ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook