រដ្ឋបាលខេត្តកណ្តាល បានប្រកាសប្រាប់ប្រជាពលរដ្ឋ រស់នៅស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នួល និងក្រុងតាខ្មៅ សូមត្រៀមបង្ការប្រុងប្រយត្ន័ខ្ពស់ ចំពោះស្ថានភាពទឹកជំនន់ទឹកភ្លៀង ខណះកំរឹតទឹកភ្លៀងជន់ធ្លាក់ហូរកាត់យ៉ាងខ្លាំងពីខេត្តកំពង់ស្ពឺតាមដងស្ទឹងព្រែកត្នោត កំពង់ហក់ឡើងខ្ពស់ ជន់លិច បណ្តាឃុំមួយចំនួននៅស្រុកកណ្តាលស្ទឹង។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកណ្តាល ដែលកម្ពុជាសន្តិភាព ទទួលបាននៅរសៀលថ្ងៃ ទី១៤ខែ តុលាឆ្នាំ២០២០នេះបានអោយដឹងថា ដោយសារទទួលរងនូវឥទ្ឋិពលព្យុះជាបន្តបន្ទាប់និងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនបង្គួរ ខេត្តកណ្តាលបានទទួលរងនូវជំនន់ទឹកភ្លៀងពីខេត្តកំពង់ស្ពឺតាមស្ទឹងព្រែកត្នោត ដែលបានធ្លាក់មកដល់សំណង់ទំនប់៧មករា ដែលមកទល់នឹងពេលនេះទឹកមានកំរិតកំពស់៩,២០ម៉ែត្រ ដែលលើសកំរិតប្រុងប្រយត្នត្រឹមតែ៧ម៉ែត្រប៉ុណ្នោះ។
សេចក្តីប្រកាសខាងលើនេះបានអោយដឹងដែរថា ដោយសារតែកំរិតទឹកលើសកំរិតប្រុងប្រយត្នបែបនេះ បានបណ្តាលអោយ ទំនប់សណ្តរសងខាងទាំងពីរនៅភូមិសាស្ត្ររាជធានីភ្នំពេញ មានកំរិតទឹកកំពស់ទឹកហូរលើខ្នងទំនប់សណ្តរ ដែលអាចប៉ះពាល់ដល់ខេត្តកណ្តាល រួមមាន ស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកណ្តាលក៏បានក្រើនរំលឹកដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋាន ត្រៀមការពារនិងជួយពលរដ្ឋអោយទាន់ពេលវេលា រួមទាំងការបង្ការ អនាម័យនិងការពារជំងឺឆ្លងផងដែរ៕
