Connect with us

កងកម្លាំងប្រដាប់អាវុធ

តើវិបត្តិ​នាវាមុជទឹក​បារាំង​អាច​ប៉ះពាល់ដល់​ទំនាក់ទំនងអូស្ត្រាលី និង​សហភាពអឺរ៉ុបដែរឬទេ?

ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​សហភាពអឺរ៉ុប និង​អូស្ត្រាលី ដែល​គេ​បាន​គ្រោង​ទុក​ជាយូរមកហើយ ត្រូវ​បានផ្អាក​ទៅវិញ ដោយសារ​តែ វិបត្តិនាវាមុជទឹក រវាង​បារាំង និង​អូស្ត្រាលី។ អ្នកទទួលខុសត្រូវ​អឺរ៉ុប​ម្នាក់ ប្រចាំ​ទីក្រុង​Canberra បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ដែល អង្គភាព សារព័ត៌មាន ​កម្ពុជា សន្តិភាព​ទទួលបាន ​ នៅថ្ងៃ​សៅរ៍រ​ទី ២តុលា​ថា ការពិភាក្សា​ពាណិជ្ជកម្ម លើកទី​១២ រវាង អូស្ត្រាលី និង​សហភាពអឺរ៉ុប ​ត្រូវ​លើកពេល រហូត​ដល់​ខែវិច្ឆិកា។

គួរបញ្ជាក់ថា​ការសម្រេច​លើកពេល​របស់​ភាគី អឺរ៉ុប​កំពុង​ធ្វើឲ្យ​គេ​មន្ទិល​សង្ស័យថា ​ ​វិបត្តិ​នាវាមុជទឹក​បារាំង អូស្ត្រាលី លើកនេះ​នឹងអាច​ជះផលអាក្រក់ ប៉ះពាល់ ដល់​អនាគត​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី ដែល​អូស្ត្រាលី និង​សហភាព​អឺរ៉ុប​បាន​ចរចា​ដល់​ជុំ​ទី​១២​ហើយនោះ។

រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​អូស្ត្រាលី លោកDan Tehan ដែល​ត្រូវ​ធ្វើដំណើរ​មក​ចរចា​នៅទឹកដីអឺរ៉ុប បាន​និយាយ​បន្ធូរបន្ថយ​ស្ថានការណ៍ទៅវិញ ដោយ​អះអាង​នៅ​ថ្ងៃ​សុក្រ​នេះ ថា អូស្ត្រាលី​យល់ពី​ប្រតិកម្ម​របស់​បារាំង ប៉ុន្តែ អូស្ត្រាលី ដូច​គ្រប់រដ្ឋផ្សេងទៀត ដែល​ធ្វើអ្វីៗ​ដើម្បី​ផលប្រយោជន៍​ជាតិដពោលគឺយកផលប្រយោជន៍​​​ជាតិជាធំជាងអ្វីៗទាំងអស់ ។

ទោះ​ការចរចា ត្រូវ​ផ្អាក​រហូតដល់​ខែ​វិច្ឆិកា ប៉ុន្តែ រដ្ឋមន្រ្តីពាណិជ្ជកម្មអូស្ត្រាលី និយាយ​ថា លោក​​នឹង​បន្ត​ការពិភាក្សា​ជាមួយ មន្រ្តីពាណិជ្ជកម្ម​អឺរ៉ុប នៅ​សប្តាហ៍​ក្រោយ ដើម្បី ឈាន​ទៅ​សម្រេច បង្កើត​ឲ្យ​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ ដែលផ្តល់ប្រយោជន៍ ទៅឲ្យ​ភាគី ទាំងពីរ អូស្ត្រាលី និង​សហភាពអឺរ៉ុប។

សហភាពអឺរ៉ុប​ជា​ដៃគូពាណិជ្ជកម្ម​ធំទី​៣​របស់អូស្ត្រាលី។ ការដោះដូរពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ នៅ​ឆ្នាំ ២០២០​មានទំហំប្រាក់ ៣៦ពាន់លាន​អឺរ៉ូ។ អូស្ត្រាលី​និង​សហភាពអឺរ៉ុប​គ្រោង​នឹង​ចរចា បង្កើត​ឲ្យ​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាងគ្នា យ៉ាងយូរ​នៅ ចុងឆ្នាំនេះ។ ប៉ុន្តែ វិបត្តិនាវាមុជទឹក​បារាំង និង​ការបោះឆ្នោត​នៅ​អូស្ត្រាលី និង​បារាំង អាច​ទៅពន្យឺត ល្បឿន​ដំណើរការ​ចរចា។

សូមរំលឹកឡើងវិញ ថា នៅ​ខែ កញ្ញា អូស្ត្រាលី បាន​ប្រកាស កាត់ផ្តាច់ កិច្ចសន្យា ​លែង​ទិញ នាវាមុជទឹក បារាំង ១២គ្រឿង ដែល​មាន​តម្លៃ ៥៥​ពានន់​លាន​អឺរ៉ូ ហើយបាន​ងាក​ទៅ​ទិញ នាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​របស់អាមេរិកវិញ នៅក្រោម​កិច្ចព្រមព្រៀង​ត្រីភាគី អាមេរិក អូស្ត្រាលី និងអង់គ្លេស។ បារាំង​ចាត់ទុកការសម្រេចចិត្ត របស់​អូស្ត្រាលី​ថា ​ជា​ការក្បត់ រំលោភ​ទំនុកចិត្ត។ បារាំង ខឹងក្តៅក្រហាយ រហូត​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ពីអូស្ត្រាលី និង​អាមេរិក។

នៅថ្ងៃ​ពុធ​សប្តាហ៍នេះ ឯកអគ្គរដ្ឋទូតបារាំង បាន​វិល​ត្រលប់​ទៅ​វ៉ាស៊ីនតោន វិញ ប៉ុន្តែ គេ​នៅមិនទាន់​បាន​ដឹង​ថ្ងៃវិលត្រលប់​របស់​​ឯកអគ្គរដ្ឋទូតបារាំង ប្រចាំប្រទេស​អូស្ត្រាលី នោះទេ។ នៅសប្តាហ៍មុន អតីត​នាយករដ្ឋមន្រ្តី អូស្ត្រាលី លោក​Malcolm Turnbull ដែលជាអ្នកចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ទិញ​នាវាមុជទឹកបារាំង កាលពី​ឆ្នាំ ២០១៦ បាន​និយាយ​ប្រាប់កាសែត​អូស្ត្រាលីថា ដោយ​លុបចោល​កិច្ចសន្យាទិញនាវាមុជទឹកបារាំង រដ្ឋាភិបាល​របស់​លោកនាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន​មាន​ចេតនា បោកប្រាស់​បារាំង។ “បារាំង​មានអារម្មណ៍​ថា ខ្លួន​ត្រូវគេ​បោក និង​មើលងាយ ជាន់ឈ្លីកិត្តិយស។ ការក្បត់ ជំនឿទុកចិត្ត នឹងនៅដិតជាប់យូរ ច្រើនឆ្នាំ ក្នុង​ទំនាក់ទំនង​អូស្ត្រាលី​ជាមួយ​សហភាពអឺរ៉ុប” នេះជាប្រសាសរន៍​របស់​លោក Malcolm Turnbull៕

អត្ថបទ៖ ឈិត ​សំណាង

កម្ពុជា​ សន្តិភាព។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook