Connect with us

កងកម្លាំងប្រដាប់អាវុធ

ចិន​នឹង​អាច​ឈ្លានពាន​តៃវ៉ាន់​នៅអំឡុងឆ្នាំ ២០២៧។

ភាពតានតឹង​រវាង​ចិន និង​តៃវ៉ាន់​បានឡើង​ដល់​កម្រិត​កំពូល បន្ទាប់ពី​ចិន​បញ្ជូន​យន្តហោះ ក្នុងចំនួន​ដ៏ច្រើន មិនធ្លាប់​មាន ទៅហោះក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់។ សម្រាប់ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ដែល​ទើប​បាន​ជួប​ពិភាក្សា​ជាមួយ​មន្រ្តីជាន់​ខ្ពស់ចិន កាល​ពី​ថ្ងៃ ពីព្រហស្បតិ៍​ទី ៧ តុលា ភាពតានតឹង​រវាង​ចិន និង​តៃវ៉ាន់ នៅ​មួយ​រយៈចុងក្រោយ គឺ​ជារឿងគួរ​ឲ្យ​ព្រួយបារម្ភ។ នៅថ្ងៃ​សុក្រទី ៨​តុលា ប៉េកាំង បាន​ប្រតិកម្ម ខឹងខ្លាំង និង​ទាមទារ​ឲ្យ​អាមេរិក​ឈប់​ធ្វើសកម្មភាព​ញុះញង់ ជំរុញ​ឲ្យ​មានសន្តិសុខ​នៅ​ច្រកសមុទ្រ​តៃវ៉ាន់ នៅបន្ទាប់ពី មន្រ្តី​បញ្ចកោន​អាមេរិក បាន​បញ្ជាក់​ដែរ​ថា អាមេរិក​បាន​បញ្ជូនកងទ័ព​ពិសេស ឲ្យ​បង្វឹកហាត់​ទាហាន​តៃវ៉ាន់ អស់រយៈពេល​ជាច្រើន​ខែ​មកហើយ។ នេះ បើតាម អង្គភាព សារព័ត៌មាន កម្ពុជា សន្តិភាព ទទួលបាននៅ ព្រឹកថ្ងៃ សៅរ៍ ទី៩ ខែ​តុលា​ឆ្នាំ ២០២១នេះ។

សូមបញ្ជាក់ថា ចាប់តាំង​ពី​ចិន​បញ្ជូន​យន្តហោះចម្បាំង ក្នុង​ចំនួន​ដ៏ច្រើន​មិនធ្លាប់មាន ទៅហោះ​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ សង្រ្គាម​ពាក្យសំដី និង​ក្តីបារម្ភ​ជុំវិញ ការផ្ទុះសង្រ្គាម ឈ្លានពាន​វាយដណ្តើម​យក​កោះតៃវ៉ាន់ ពី​សំណាក់​ប្រទេស​ចិន មាន​កាន់​តែ​ច្រើនឡើងៗ។ យើង​ដឹង​ហើយ​ថា ទំនាក់ទំនង​តៃវ៉ាន់ និង​ចិន បាន​ចាប់​ល្អក់កករ ខ្លាំង តាំងពីពេល ដែល​លោកស្រី ត្សៃ អ៊ីងវេន បាន​ជាប់ឆ្នោត ធ្វើ​ជា​ប្រធានាធិបតី តៃវ៉ាន់ នៅ​ឆ្នាំ ២០១៦។

ភាពតានតឹង រវាង​ចិន និង​តៃវ៉ាន់នេះ ត្រូវ​បាន​លាតត្រដាង ដោយ​ការបញ្ជូន​យន្តហោះ ចម្បាំង ចិន ក្នុង​ចំនួន​ដ៏ច្រើន មិនធ្លាប់មាន ទៅហោះរំលោភ ចូល​តំបន់​ការពារ​ដែនអាកាស​របស់តៃវ៉ាន់ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ គិត​ចាប់តាំង​ពី​ថ្ងៃ​សុក្រ ទី ១ តុលា រហូត​ដល់​ថ្ងៃ​ចន្ទ ដើមសប្តាហ៍នេះ ចិន​បាន​បញ្ជូន​យន្តហោះចម្បាំង ប្រភេទ​យន្តហោះ​ទម្លាក់គ្រាប់បែក​ យ៉ាងតិច ១៤៨គ្រឿង ទៅហោះក្នុង​តំបន់​ការពារ​ដែនអាកាស​របស់តៃវ៉ាន់។ វត្តមានដ៏ច្រើន​របស់​យន្តហោះចម្បាំង​ចិន ទៅ​ហោះរំលោភចូល​តំបន់​ការពារ​ដែនអាកាស​របស់តៃវ៉ាន់ បាន​សបញ្ជាក់​ពីការដាក់សម្ពាធខ្លាំង​របស់​ចិន ទៅលើ​តៃវ៉ាន់ ដែល ចិន ចាត់ទុក ជា​ដែនដី​ខេត្ត​របស់ខ្លួន និង​សន្យា បង្រួបបង្រួម មក​ក្នុងទឹកដី​ចិន នៅវេលា​ណាមួយ ទោះបីជា​ត្រូវ​ប្រើកម្លាំងយោធា។

យើងត្រលប់​មក​និយាយ​ពី ហេតុផល​ដែលធ្វើ​ឲ្យ​ចិន និង​តៃវ៉ាន់ ស្រាប់តែ​ចាប់តានតឹង​នឹង​គ្នា​ខ្លាំង​នៅពេលនេះវិញម្តង។ គេ​តែងនិយាយថា មាន​ភ្លើង ទើបមាន​ផ្សែង។

ទី១៖ គឺ​ចិន​មិន​សប្បាយចិត្ត​នឹងប្រធានាធិបតី​តៃវ៉ាន់​ផ្ទាល់តែម្តង។ លោកស្រី ប្រធានាធិបតី​តៃវ៉ាន់​ត្សៃ អ៊ីងវេន ដែល​មិនព្រមទទួលស្គាល់​ថា តៃវ៉ាន់ ជា​ផ្នែក​របស់​ចិន បាន​ផ្តោត​នយោបាយ​អាទិភាព ទៅលើ​វិស័យការពារ​ជាតិ ដោយ​បាន​បង្កើន​ថវិកាកងទ័ព ជាបន្តបន្ទាប់។ ក្រោម​ការដឹកនាំ​របស់លោកស្រី អ៊ីងវេន តៃវ៉ាន់ បាន​ទិញ សព្វាវុធ ក្នុង​តម្លៃ រាប់ពាន់​លាន​ដុល្លារ ពីអាមេរិក និង​បាន​ពង្រឹងឧស្សាហកម្ម​អាវុធ ក្នុង​ទឹកដី​របស់ខ្លួនដើម្បីស្វាគមន៍ ការមកដល់របស់ចិនដោយមិនក្រែងញញើតបន្តិចណាឡើយ។

ទោះ​លោកស្រី ត្សៃ អ៊ីងវេន នៅតែ​ធានា​អះអាង​ថា តៃវ៉ាន់​មិន​ចង់​ប្រឈម​មុខ ធ្វើ​សង្រ្គាម​ជាមួយ ចិន ប៉ុន្តែ ការជំរុញ​នយោបាយ​ការបរទេស របស់​តៃវ៉ាន់ តាមរយៈ ការពង្រឹង ចំណងយោធា និង​សេដ្ឋកិច្ច ជាមួយ​ប្រទេស​ដទៃ រួម​ទាំង​ការបង្កើន​ថវិកា ដើម្បីបំពាក់សព្វាវុធ​ឲ្យ​កងទ័ព​តៃវ៉ាន់ បានធ្វើ​ឲ្យ​ចិន គិតបារម្ភ​ខ្លាចថា តៃវ៉ាន់ កំពុង ដើរទៅរក​ផ្លូវ ប្រកាស ឯករាជ្យ​ ជា​ផ្លូវការ។

ទី២៖ ភាពតានតឹង​ចិន និង​តៃវ៉ាន់ កើតឡើង​ក៏ដោយសារ​តែមកពី​មាន​កត្តា​លូកដៃ​ពី​បរទេស។ ដោយ​បញ្ជូន​យន្តហោះ ចម្បាំង​ទៅហោះ​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ ចិន​ចង់បញ្ជូន​សញ្ញា​ទៅ​តៃវ៉ាន់ និង​អាមេរិក​រួមទាំងប្រទេស​លោកខាងលិច​ផ្សេងទៀត កុំ​ឲ្យ​ដើរហួស​ខ្សែកំណត់​ក្រហម​របស់​ចិន​ឲ្យសោះ។ នៅថ្ងៃទី ១​តុលា គឺ​ចំ​ថ្ងៃ​ដែល​ចិន​ប្រារព្ធខួប កំណើត ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចិន បាន​បញ្ជូន​យន្តហោះ ចម្បាំង ទៅក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ ដើម្បី ប្រតិកម្ម ប្រឆាំង​នឹង​អង់គ្លេស ដែលបាន​បញ្ជូន​នាវាចម្បាំង ទៅ​បើកចរាចរ នៅ​ច្រកសមុទ្រ​តៃវ៉ាន់។ មួយវិញទៀត ការដំឡើង​សំឡេង ដាក់សម្ពាធ​លើ​តៃវ៉ាន់ ក៏កើតមកពីកំហឹង របស់​ចិន ដែល​ប្រឆាំងដាច់ខាត​នឹង​ កិច្ចព្រមព្រៀង អាមេរិក អូស្ត្រាលី និង​អង់គ្លេស ​ស្តីពីការបំពាក់នាវាមុជទឹក ឲ្យអូស្ត្រាលី ដែល​ចិន​ចាត់ទុកថា ​ជា​យុទ្ធសាស្រ្ត​គំរាមកំហែង​សន្តិសុខ​ចិន និង​តំបន់។

ការញ៉ុះញង់ពីកងទ័ពពិសេស​របស់​អាមេរិក​ដែលបានទៅ​បណ្តុះបណ្តាល​កងទ័ព​តៃវ៉ាន់ធ្វើឪ្យចិនមិនសប្បាយចិត្តយ៉ាងខ្លាំង។

នៅថ្ងៃសុក្រទី ៨ តុលា ថ្ងៃ​ដែល​មន្រ្តីបញ្ចកោន​បញ្ជាក់ការចុះផ្សាយ​របស់​កាសែតអាមេរិក ដែល​ថា កងទ័ពអាមេរិក ច្រើនជាង ២០នាក់ បានទៅបណ្តុះបណ្តាល​កងទ័ព​តៃវ៉ាន់ មន្រ្តីនាំពាក្យ​របស់​ក្រសួង​ការបរទេស​ចិន បាន​ប្រតិកម្ម ប្រឆាំង និង​បានព្រមាន រំលឹក​អាមេរិក​ឲ្យ​ដឹង​ខ្លួន​ថា រឿង​តៃវ៉ាន់ នេះ​ជា​រឿងរសើប។ អាមេរិក​ត្រូវ​ឈប់​លក់​អាវុធ​ឲ្យតៃវ៉ាន់ ​ឈប់បន្ត​ទំនាក់ទំនង​យោធា ជាមួយ​តៃវ៉ាន់ និង​ត្រូវ​ឈប់ធ្វើឲ្យ​ទំនាក់ទំនង​ចិន និងអាមេរិក កាន់តែត្រូវ​ខូចខាត​ធ្ងន់ធ្ងរ។ សម្រាប់​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន ចិន​នឹង​ចាត់គ្រប់​វិធានការចាំបាច់ ដើម្បី​ការពារ​បូរណភាព និង​ដែនអធិបតេយ្យភាព​របស់​ចិន។

បើសិន មន្រ្តីការពារ​ជាតិ​អាមេរិក​មិន​ចេញមុខ​បញ្ជាក់ ការចុះផ្សាយ របស់​កាសែត Wall Street ភាគីចិន ប្រហែល​មិន​ខឹង​ច្រឡោត​នោះទេ ព្រោះថា កន្លងមក កាសែត​ក្នុង​ស្រុក​តៃវ៉ាន់ ក៏​ធ្លាប់​បាន​សរសេរ​ពីរឿងនេះ រួចទៅហើយដែរ។ ប៉ុន្តែ លើកនេះ មន្រ្តី​អាមេរិក​បាន​ចេញមុខ​មកបញ្ជាក់​ការចុះផ្សាយ របស់​កាសែត​អាមេរិក ដែល​សរសេរ​ថា អាមេរិក​បាន​បញ្ជូន​កងទ័ព​ពិសេស ២០នាក់ និង​ទាហាន​ធម្មតា​ប៉ុន្មាន​នាក់​ទៀត​ឲ្យ​ទៅជួយ​បង្វឹកហាត់​កងទ័ពអាកាស និង​ជើងទឹក​តៃវ៉ាន់ យ៉ាងតិច បាន១ឆ្នាំ​មកហើយ។

ចិន​ប្រាកដ​ជាធ្លាប់​ដឹង រឿងវត្តមាន​កងទ័ពអាមេរិក​ទៅជួយបណ្តុះបណ្តាល​ដោយលួចលាក់ កងទ័ព​តៃវ៉ាន់ ព្រោះថា អាមេរិក​ក៏​បាន​លក់​សព្វាវុធ និង​មានទំនាក់ទំនង យោធា​ជាមួយ តៃវ៉ាន់ បើទោះបី​មានការប្រឆាំង​របស់ចិន។ ប៉ុន្តែ កន្លងមក ដោយសារ ភាគី​អាមេរិក និង​តៃវ៉ាន់ នៅស្ងាត់ មិន​និយាយអ្វី ចិន ក៏មិន​បញ្ចេញសំឡេង​ប្រតិកម្ម​អ្វីដែរ។ លើកនេះ ការដែល​មន្រ្តី​អាមេរិក ហ៊ានបញ្ជាក់​ជា​ផ្លូវការ ថា ពិតជា​មាន​កងទ័ពអាមេរិក​ពិសេស ទៅ​បណ្តុះបណ្តាល​កងទ័ព​តៃវ៉ាន់ យ៉ាងដូច្នេះ ចិន ក៏មាន​ឱកាស ដើម្បី ចោទប្រកាន់​អាមេរិក ត្រង់ៗ​ថា ជាអ្នកញុះញង់ ឲ្យមានភាពតានតឹង​នៅក្នុង​តំបន់។

សម្រាប់អាមេរិក ដោយ​ចេញមុខ​ទទួល​ស្គាល់ ថា មានកងទ័ពអាមេរិក​ទៅ ជួយ​បណ្តុះបណ្តាល​កងទ័ព​តៃវ៉ាន់ នៅពេលនេះ នៅកាលៈទេសៈ ដែល ចិន​បញ្ជូន​យន្តហោះ ទៅ​គំរាម ដាក់សម្ពាធ​តៃវ៉ាន់ ​អាមេរិក​ក៏ចង់បញ្ជូន​សញ្ញា ទៅ​ចិន ថា អាមេរិក​នៅបន្ត​ចាំជួយ​តៃវ៉ាន់។

រដ្ឋមន្រ្តី​ក្រសួងការពារ​ជាតិ​តៃវ៉ាន់៖ ចិន​នឹង​អាច​ឈ្លានពាន វាយយក​តៃវ៉ាន់ នៅ​អំឡុង​ឆ្នាំ ២០២៥

សង្រ្គាម​ឈ្លានពាន​របស់​ចិន ដើម្បី​វាយដណ្តើម​គ្រប់គ្រង​កោះតៃវ៉ាន់ អាច​កើតមាន ឬ​អត់ គេ​នៅមិនទាន់ដឹង ទេ ព្រោះវា​ជា​រឿង​អនាគតមើលមិនឃើញ។

គេ​ក៏មិនដឹងថា តើ​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​តៃវ៉ាន់​សំអាង​ព័ត៌មានអ្វី បាន​ជា​និយាយ​ថា ចិន​អាច​ឈ្លានពាន វាយយក​តៃវ៉ាន់ នៅ​អំឡុង​ឆ្នាំ ២០២៥។ នៅក្នុងស្ថានភាព​ជាក់ស្តែង រដ្ឋមន្រ្តីការពារ​ជាតិ​តៃវ៉ាន់ បាន​លើកអំណះអំណាងនេះឡើង នៅពេល​គណៈកម្មការសភា តៃវ៉ាន់​កំពុង​ពិភាក្សា តើ​ត្រូវ​ដំឡើង​ថវិកា​យោធា​តៃវ៉ាន់​ទៀត ដែរឬទេ។

រឿង​ចិនអាច​វាយយក​តៃវ៉ាន់ ប្រាកដណាស់​ថា នឹង​អាច​បណ្តាល​ឲ្យមាន​សង្រ្គាមផ្ទុះឡើង នៅក្នុង​តំបន់ ព្រោះ​វា​អាច​អូសទាញ​ឲ្យមាន​អន្តរាគមន៍​របស់​អាមេរិក និង​ប្រទេស​លោកខាងលិច ដែល​ប្រឆាំង​ការពង្រីក​ដែនឥទ្ធិពល​ផ្តាច់មុខ​របស់​ចិន នៅក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ ការផ្ទុះសង្រ្គាម​ណាមួយ នឹង​អាច​ធ្វើ​ឲ្យ​ចិន និង​គ្រប់ភាគី​ខាតបង់ប្រយោជន៍ សេដ្ឋកិច្ច និង​ជីវិតមនុស្ស។ ដូច្នេះ ចិន ទំនង​ជា​មិនធ្វើឲ្យ​មានផ្ទុះសង្រ្គាម​នៅតៃវ៉ាន់​នៅពេលនេះទេ។ ចិន​ប្រហែល​អាច​រង់ចាំ​ច្រើនឆ្នាំ ទៀត ដើម្បី​អាច​ចូល​ដណ្តើមគ្រប់គ្រង​តៃវ៉ាន់ ដោយ​ចិត្តត្រជាក់ដោយ មិនចាំបាច់ខាត​កម្លាំង​យោធា ច្រើន ឬ​រង់ចាំ​ពេលណាមួយ ដែល​ចិន អាច​ចូលគ្រប់គ្រង តៃវ៉ាន់ ​ដោយ​គ្មាន​ការតវ៉ា អន្តរាគមន៍​យោធា​ធំដុំណាមួយ​ពីសំណាក់​អាមេរិក និង​ប្រទេសផ្សេងទៀត៕

អត្ថបទ៖ ឈិត សំណាង

កម្ពុជា សន្តិភាព។

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook