Connect with us

ព័ត៌មានជាតិ

គ្រឹះស្ថានសិក្សារដ្ឋនៅសៀមរាប ១៧៣សាលា ស្នើសុំបើកដំណើរការបង្រៀនសិស្សឡើងវិញ

ខេត្តសៀមរាប៖ យោងតាមប្រភពពីរដ្ឋបាលខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និង ជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មការរៀបចំបើកដំណើរការសាលារៀនឡើងវិញ លើកឡើងថា មកដល់ពេលនេះ ការបើកសាលារៀនឡើងវិញ ដើម្បីបង្រៀននិងរៀនតាមបណ្តុំ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​​​នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នៅខេត្តសៀមរាប ពុំទាន់បានដំណើរការនៅឡើយនោះទេ ដោយសារតែកាលពីពាក់​​​​កណ្តាលខែកញ្ញាកន្លងទៅ។

ពេលនេះ ខេត្តសៀមរាប កំពុងស្ថិតក្នុងស្ថានភាពហានីភ័យខ្ពស់ នៃជំងឺកូវីដ-១៩ តែយ៉ាងណាក៏ដោយ ក៏នៅមានបន្តការបង្រៀនសិស្សពីចម្ងាយ តាមប្រព័ន្ធអនឡាញ ដូច្នេះមកដល់ពេលនេះ ក្រោយពីការប្រកាសរំសាយតំបន់លឿងទុំ និង តំបន់ក្រហមនាចុងខែកញ្ញាកន្លងមកនេះ ក្នុងចំណោមបណ្តាក្រុង-ស្រុកទាំង ១២របស់ខេត្តសៀមរាប មានស្រុកចំនួន៨ បានដាក់ពាក្យស្នើសុំបើកសាលាបង្រៀនសិស្សឡើងវិញ មករដ្ឋបាលខេត្ត តាមរយៈមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ទៀតថា ស្រុកចំនួន៨ ដែលបានដាក់ពាក្យស្នើសុំបើកសាលារៀនឡើងវិញ រួមមាន ៖ ១. ស្រុកបន្ទាយស្រី , ២. ស្រុកស្វាយលើ , ៣. ស្រុកសូទ្រនិគម , ៤. ស្រុកប្រាសាទបាគង , ៥. ស្រុកស្រីស្នំ , ៦. ស្រុកវ៉ារិន , ៧. ស្រុកអង្គរធំ និង ៨. ស្រុកក្រឡាញ់ ក្នុងនោះមានគ្រឹះស្ថានសិក្សារដ្ឋកម្រឹតមធ្យមចំនួន៤៤សាលា និងកម្រឹតបឋមសិក្សាចំនួន១២៩លាសា ។

លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានបញ្ជាក់ថា ការបើកសាលាបង្រៀនសិស្សឡើងវិញនេះ វាមិនមែនជាព្រឹត្តិការណ៍ ឬជាការងារថ្មីនោះទេ ហើយការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីដើមខែកញ្ញាឆ្នាំ២០២០ នៅជាធរមាននៅឡើយ ព្រមជាមួយនឹងការណែនាំបន្ថែមស្តីពីស្តង់ដាអនាម័យ ការអនុវត្តវិធានការ៣ការពារ ៣កុំ ការចាក់វ៉ាក់សាំងបង្ការសម្រាប់សិស្ស និងបុគ្គលិកអប់រំ និងការធ្វើតេស្តសំណាកគ្រូបង្រៀន មុនបើកសាលាបង្រៀនសិស្ស ជាដើម។

លោក លី ប៊ុណ្ណា បានឲ្យដឹងបន្ថែមថា ខេត្តសៀមរាបកន្លងមកនេះ បើទោះជាការបង្រៀន​​​និងរៀនតាមបណ្តុំមិនទាន់បានដំណើរការនៅឡើយ ក៏ប៉ុន្តែការបង្រៀននិងរៀនពីចម្ងាយ ត្រូវបានអនុវត្តតាមការណែនាំរបស់ក្រសួងទាំងនៅទីក្រុង ទីប្រជុំជន និងនៅទីជនបទ ដោយបានរៀបចំឲ្យមានក្នុងរូបភាពចម្រុះ ជាបណ្តុំតាមសហគមន៍ ដែលធ្វើឲ្យកិច្ចការទាំងនេះ បានបង្កើតឲ្យមានបទជាពិសោធន៍ ផងដែរ ដូច្នេះការត្រៀមបើកសាលារៀនឡើងវិញនេះ ផ្តោតលើអទិភាពថ្នាក់ទី៥ , ទី៦ , ទី៩ និងថ្នាក់ទី១២ ដែលក្នុងថ្នាក់រៀននីមួយៗ មានសិស្សមិនលើសពីចំនួន១៥នាក់​ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook