Connect with us

ព័ត៌មានទាន់ហេតុការណ៍

ប្រធានាធិបតីមីយ៉ាន់ម៉ារំឭកថ្ងៃរដ្ឋប្រហារ៖ យោធាបង្ខំខ្ញុំឱ្យចុះចេញ តែខ្ញុំសុខចិត្តស្លាប់វិញ

មីយ៉ាន់ម៉ា៖ ក្នុងសវនាការមួយនៅថ្ងៃទី១២ ខែតុលា ប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint បានរំឭកដល់ថ្ងៃធ្វើរដ្ឋប្រហារពីសំណាក់យោធា។ បើតាមមេធាវីរបស់លោក Win Myint ប្រធានាធិបតីរូបនេះ ត្រូវបានយោធាបង្ខំឱ្យលាលែងពីតំណែងក្រោមហេតុផលសុខភាព តែលោកបានបដិសេធ និងឆ្លើយតបវិញថា លោកសុខចិត្តស្លាប់។

ប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint ឡើងផ្ដល់សក្ខីកម្មជាលើកដំបូងនៅថ្ងៃទី១២ ខែតុលាពាក់ព័ន្ធសំណុំរឿងញុះញង់ដែលចោទប្រកាន់ដោយរបបយោធាដែលធ្វើរដ្ឋប្រហារទម្លាក់លោក និងលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ។ លោក Win Myint មិនមានសាក្សីឡើយក្នុងការការពារខ្លួនទល់នឹងការចោទប្រកាន់នេះ។ ក្នុងសវនាការដដែល លោកប្រធានាធិបតី ក៏រំឭកដល់ព្រឹត្តិការណ៍រដ្ឋប្រហារដែលបញ្ចប់ការព្យាយាមរបស់មីយ៉ាន់ម៉ាក្នុងការឈានទៅរកប្រជាធិបតេយ្យ។

លោក Khin Maung Zaw មេធាវីចុងចោទបានស្រង់សម្ដីកូនក្ដីរបស់ខ្លួនថា​ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ មន្ត្រីយោធាពីរនាក់ បានចូលបន្ទប់ស្នាក់របស់លោក Win Myint ក្នុងវិធានប្រធានាធិបតីក្នុងរដ្ឋធានីណៃពិដោ។ មន្រ្តីយោធាទាំងពីរ បានប្រាប់ឱ្យលោក Win Myint លាលែងពីតំណែងដោយលើកហេតុផលសុខភាព តែលោកបានច្រានចោល ហើយប្រាប់ពួកគេវិញថា លោកសុខចិត្តស្លាប់ជាជាងយល់ស្របតាមការទាមទារ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។

លោក Win Myint ស្ថិតក្នុងចំណោមមេដឹកនាំរដ្ឋាភិបាលដែលត្រូវបានចាប់ និងឃុំខ្លួនដោយក្រុមយោធាមុនការប្រកាសដណ្ដើមអំណាចកាលពីជាងខែ៨មុន។ លោកស្រី ស៊ូជី ក៏ត្រូវចាប់ឃុំខ្លួនផងដែរ។ អ្នកទាំងពីរ សុទ្ធតែរងការចោទប្រកាន់ជាច្រើនករណីដូចគ្នាដែរ។ លោកស្រី ស៊ូជី ត្រូវរំពឹងថា នឹងផ្ដល់សក្ខីលើករណីញុះញង់នេះនៅពេលបន្ទាប់។

ក្រោយរដ្ឋប្រហារដោយយោធា មីយ៉ាន់ម៉ា​ ក៏ធ្លាក់ចុះវិបត្តិនយោបាយមិនធូរស្រាល ខណៈដែលកម្លាំងសន្តិសុខបង្រ្កាបការតវ៉ារបស់ប្រជាជនដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១ពាន់នាក់ បាត់បង់ជីវិត។ អ្នកប្រឆាំងរដ្ឋប្រហារ ក៏ចាប់ផ្ដើមតស៊ូដោយអាវុធទល់នឹងក្រុមយោធាទៀតផង​ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook