Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ បង្កើតក្រុមចុះស្រាវជ្រាវលើអាជីវកម្មជលផលនៅកម្ពុជា

(ភ្នំពេញ)៖ ក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា រួមនិងដៃគូអភិវឌ្ឍន៍ បាន រៀបចំឱ្យមានជាថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យា លើសហគ្រាសកែច្នៃផលិតផលវារី វប្បកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈមដែលរាំងស្ទះនៃជលផលក្រោយប្រមូលផល សំដៅបង្កើតបច្ចេកវិទ្យាកែច្នៃផលជលផល ដើម្បីបម្រើទីផ្សារក្នុងស្រុកនិងនាំចេញ។

ក្រុមចុះស្រាវជ្រាវនេះ ទទួលបានថវិកាគាំទ្រពីសហភាពអឺរ៉ុប តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគ្រាស នៃអង្គការសហប្រជាជាតិ ហៅកាត់ថា អង្គការ UNIDO ក្នុងគោលបំណងផ្តល់លទ្ធភាពដល់អ្នកតាក់តែងគោលនយោបាយ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជនធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហា ឆ្លើយតបនឹងតម្រូវការ ក្នុងវិស័យជលផល ជាពិសេសការស្រាវជ្រាវនិងនវានុវត្តន៍នៃជលផលក្រោយប្រមូលផល សំដៅបង្កើតបច្ចេកវិទ្យាកែច្នៃផលជលផល ដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំនៅកម្ពុជា។

លោកបន្តថា គំនិតផ្តួចផ្តើមនេះ ជាផ្នែកមួយនៃកម្មវិធីភាពជាដៃគូសម្រាប់ប្រទេសកម្ពុជាដែលជាក្របខណ្ឌមួយត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិឧស្សាហកម្ម និងពិពិធ ភាវូបនីយកម្មឧស្សាហកម្ម ដល់អាជីវកម្ម និងធុរកិច្ចបង្កើតថ្មីក្នុងវិស័យជលផល។

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ជឿជាក់ថា ថ្នាលស្រាវជ្រាវ នវានុវត្តន៍និងបច្ចេកវិទ្យាអាហារ ដែលរួមគ្នាបង្កើតនាពេលនេះ នឹងរួមចំណែកដល់ភាពជោគជ័យសម្រាប់វិស័យជលផល ខណៈរាជរដ្ឋាភិបាលបន្តជំរុញការនាំចេញ ផលិតផលកសិកម្មកែច្នៃរួច រួមទាំងផលិតផលជលផលឱ្យកើនដល់១២ភាគរយ នៃការនាំចេញសរុបនៅឆ្នាំ២០២៥ ។

យោងតាមទិន្នន័យផ្លូវការ បង្ហាញថា ផលិតកម្មវារីវប្បកម្មនៅកម្ពុជាបានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងឆ្នាំ២០១៩ ទិន្នផលសម្រេចបានប្រមាណជាង៣០ម៉ឺនតោន ស្មើនឹង៣៤ភាគរយ នៃផលិតកម្មជលផលសរុបនៅក្នុងប្រទេស។ ផលិតកម្មនេះ ត្រូវបានរំពឹងថា នឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ប្រមាណ២០ភាគរយ សម្រាប់រយៈពេល៤ឆ្នាំទៅមុខទៀត ខណៈអាជីវកម្មជលផលនៅកម្ពុជា មិនទាន់មានភាពប្រកួតប្រជែងខ្ពស់ ហើយក៏មិនទាន់ទាញយកអត្ថប្រយោជន៍ពីវិស័យនេះឱ្យអស់សក្តានុពល នៅឡើយ ដោយសារកង្វះចំណេះដឹង បច្ចេកវិទ្យាកែច្នៃ ការរក្សាទុកដាក់ជឿនលឿន កង្វះការយល់ដឹងអំពីនិន្នាការទីផ្សារ និងតម្រូវការអ្នកប្រើប្រាស់។

សូមបញ្ជាក់ថា កម្មវិធីគាំទ្រសហគ្រាសកែច្នៃជលផលខ្នាតតូច មធ្យម និងធំ ក្រោមជំនួយគំាទ្ររបស់សហគមន៍អឺរ៉ុប ផ្តល់ឱកាសឱ្យសហគ្រិនក្នុងវិស័យកែច្នៃផលិតផលជលផល អាចស្នើសុំហិរញ្ញវត្ថុ ក្នុងតម្លៃចាប់ពី២ម៉ឺន៥ពាន់ដុល្លារ ទៅ១០ម៉ឺនដុល្លារ ដើម្បីកែលម្អប្រតិបត្តិការអាជីវកម្មឱ្យស្រប ទៅនឹងស្តង់ដារសុវត្ថិភាពចំណីអាហារ និងតម្រូវការទីផ្សារ៕


ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook