(អាមរិក)៖បន្ទាប់ពីបានតតាំងសម្តីគ្នា នៅក្នុងវេទិកាពិភាក្សាពីរផ្សាយតាមកញ្ចក់ទូរទស្សន៍ដាច់ដោយឡែកពីគ្នា។ប្រធានាធិបតីសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋ លោក Donald Trump និងបេក្ខជនប្រជែងតំណែងប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ លោក Joe Biden បានវិលត្រឡប់ទៅកាន់យុទ្ធនាការឃោសនាបោះឆ្នោតវិញ កាលពីថ្ងៃសុក្រម្សិលមិញ។
លោក Trump និងលោក Biden អញ្ជើញទៅទស្សនារដ្ឋ ដែលមានការប្រកួតប្រជែងគ្នាខ្លាំងចំនួន ៣ នៅពេលដែលការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៣ ខែវិច្ឆិកា ខិតចូលមកកាន់តែជិត ដើម្បីបន្តការខំប្រឹងប្រែងចាប់យកការគាំទ្រមកពីក្រុមអ្នកបោះឆ្នោត។ មកដល់ពេលនេះ គេដឹងថា មានអ្នកបោះឆ្នោតចំនួន ១៨ លាននាក់ បានបោះឆ្នោតរួចហើយ។ នេះបើតាមគម្រោងបោះឆ្នោតសហរដ្ឋអាមេរិក នៅឯសាកលវិទ្យាល័យ Florida។
លោក Trump ឈប់សំចតនៅរដ្ឋ Florida និងរដ្ឋ Georgia ជារដ្ឋចំនួនពីរ នៅផ្នែកភាគខាងត្បូងប្រទេស ដែលត្រូវបានចាត់ទុកជារដ្ឋសំខាន់សម្រាប់ឱកាសឈ្នះឆ្នោត ក្នុងការកាន់តំណែងអាណត្តិទី ២ របស់លោកនៅសេតវិមាន។ លោកប្រធានាធិបតី Trump បានថ្លែងសន្ទរកថានៅក្នុងទីក្រុង Ft. Myers រដ្ឋ Florida អំពីវិធានការការពារពលរដ្ឋចាស់ៗ មុនពេលលោកចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងទីក្រុង Ocala រដ្ឋ Florida និងទីក្រុង Macon រដ្ឋ Georgia។
លោក Biden ធ្វើដំណើរទៅកាន់ក្រុង Southfield រដ្ឋ Michigan ដើម្បីធ្វើសន្ទរកថាស្តីពីផែនការ ពង្រាងការទទួលបានការថែទាំសុខភាព មុនពេលលោកចូលរួមកម្មវិធីមួយនៅក្នុងទីក្រុង Detroit រដ្ឋ Michigan ដើម្បីជំរុញអ្នកបោះឆ្នោតឲ្យចេញបោះឆ្នោត មុនថ្ងៃបោះឆ្នោត។
ការស្ទង់មតិភាគច្រើនបង្ហាញថា លោក Biden បន្តនាំមុខក្នុងការប្រកួតប្រជែង ដើម្បីកាន់តំណែងជាប្រធានាធិបតី នៅពេលដែលលោកបានទទួលមតិគាំទ្រនាំមុខជាច្រើនខែមកហើយ។ លោក Trump សង្ឃឹមថា នឹងទទួលបានការគាំទ្រកើនឡើង នៅពេលយុទ្ធនាការ ហើយនិងការជជែកដេញដោលបេក្ខជនប្រធានាធិបតីលើកក្រោយ ដែលត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី ២២ ខែតុលា៕