Connect with us

ព័ត៌មានជាតិ

ប្រជាកសិករនៅខេត្តបន្ទាយមានជ័យ កំពុងចាប់ផ្តើមបង្កបង្កើនផលស្រូវស្តារឡើងវិញ ក្រោយទឹកស្រកចុះបណ្តើរៗ

(បន្ទាយមានជ័យ)៖ ប្រជាកសិករ នៅក្នុងតំបន់រងផលប៉ះពាល់ ដោយ សារជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យបាននិងកំពុងចាប់ផ្តើមបង្កបង្កើនផលស្រូវស្តារឡើងវិញ ក្រោយទឹកស្រកចុះបណ្តើរៗ ដើម្បីលើកកម្ពស់ជីវភាពនិង សម្រាប់ជាស្បៀងហូបចុកក្នុងក្រុមគ្រួសារ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍! លោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះថា ស្ថានភាពទឹកជំនន់នៅតាមតំបន់ខ្លះនៃខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមស្រកចុះជាបណ្តើរៗហើយ ដែលធ្វើឱ្យបងប្អូនប្រជាកសិករនៅតំបន់មួយ ចំនួន អាចចាប់ផ្តើមការងារបង្កបង្កើនផលស្រូវឡើងវិញ បន្ទាប់ពីខូចខាតដោយសារជំនន់ទឹកភ្លៀង។ លោកបន្តថា ក្រោយពេលពិនិត្យស្ថានភាពជាក់ស្តែង ទំហំនៃផលប៉ះពាល់ ដំណាំ ស្រូវរបស់ប្រជាពលរដ្ឋទូទាំងខេត្ត មានប្រមាណ៣៦,០០០ ហិកតា ក្នុងនោះទំហំនៃការ ខូចខាតមានប្រមាណ ២០,០០០ហិកតា ដែលត្រូវដំាដុះស្តារវិញ ដោយពេលនេះបងប្អូនប្រជាកសិករ កំពុងរូតរះ ការងារសាបព្រោះ ដើម្បីស្តារឡើងវិញឱ្យទាន់រដូវកាល ។ លោកបន្តថា បើយោងតាមស្ថិតិជាក់ស្តែង ទោះបីជាមាន ផលប៉ះពាល់ដោយជំនន់ទឹក ភ្លៀង ធ្វើឱ្យខូចខាតដំណាំស្រូវក៏ពិតមែន តែអត្រាបង្កបង្កើន ផលនាឆ្នាំនេះ មានអត្រាខ្ពស់ ដែលមិនធ្វើឱ្យមានការថយចុះបរិមាណទិន្នផលស្រូវឡើយ។

ទឹកចាប់ផ្តើមស្រកហើយ តែប៉ុន្មានថ្ងៃនេះ ម្សិលមិញ ម្សិលម្ងៃភ្លៀងជាប់រហូតឡើងវិញមួយចំនួន កន្លែងដែលស្រកគាត់ចាប់ ផ្តើមស្តារឡើងវិញមួយចំនួនហើយ ស្ថានភាពប៉ះពាល់ដំណាំស្រូវវារជាង៣៦,០០០ ហិកតាជិត៣៧,០០០ហិកតា ឥឡូវខូចអស់ជិត២០,០០០ ហិកតាហើយ មន្ត្រីខាងស្រុកគាត់ចុះទៅជាមួយអាជ្ញាធរដែនដីស្រុកចុះវាយតម្លៃ ជាក់ ស្តែង ប៉ុន្តែផ្នែកខាងលើពេលស្រកគាត់ចាប់ផ្តើមស្តារហើយ គាត់កេងយកទឹក នៅសល់ពីក្នុងស្រែ គាត់បូមចេញ គាត់យកគោយន្តវាយដី ព្រោះបណ្តើរៗហើយ គាត់យកទឹកនៅសល់ធ្វើម៉េច ឱ្យបានប្រើ ប្រាស់ទឹកកុំឱ្យវាស្រកទៅអស់ ព្រោះស្រែគាត់មានភ្លឺ រឿងស្រូវខូចប៉ុណ្ណឹង ខ្ញុំគិតថាវាអត់មានបញ្ហាអីទេ គាត់ចាប់ ផ្តើមធ្វើបន្តទៀត ណាមួយឆ្នាំនេះ យើងធ្វើភាគរយខ្ពស់ ១០៤ភាគរយហើយ កើនច្រើន យើងគិតថាវាខូចខាតខ្លះ ប៉ុន្តែក្នុងគ្រោះទឹកជំនន់នេះ យើងសង្កេតឃើញ តំបន់ដែលមិនលិចទឹកស្រូវវស្សាយើងដើមល្អជាងរាល់ឆ្នាំ ខ្ញុំគិតថាបរិមាណស្រូវរបស់យើង មិនខ្វះខាតទេ បរិមាណអាចលើសពេលអត់មានទឹកផង។

សូមរម្លឹកថា យោងតាមតួលេខរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងឆ្នាំ ២០២១ នេះ យ៉ាងហោច ណាស់មានប្រជាពលរដ្ឋចំនួន១៣នាក់ បានលង់ទឹកស្លាប់ និងជំនន់ទឹកភ្លៀងជន់លិច បានបង្កផលប៉ះពាល់លើ ៣៨ឃុំ សង្កាត់ នៃស្រុក ក្រុងចំនួន០៧ ធ្វើប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន១៨,៧១៥ គ្រួសារ និងបានជម្លៀសទៅ កាន់ទីទួលសុវត្ថិភាពចំនួន ១,១៥០គ្រួសារ។ និងប៉ះ ពាល់ដំណាំស្រូវ ប្រមាណ ២៥,២២៣ហិកតា ដំឡូងមី ២២២ហិកតា និងដំណំារួមផ្សំប្រមាណ៧៩ហិកតា ព្រម ទាំងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័នមួយចំនួនទៀត៕



ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook