Connect with us

ព័ត៌មានជាតិ

ក្រុងសៀមរាប នឹងក្លាយជាទីក្រុងឆ្លាតវៃ នៃក្រុងឆ្លាតវៃអាស៊ាន បន្ទាប់ពីទីសហការជាមួយ JICA

សៀមរាប៖ លោក លី សំរិទ្ធ អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប និងពីធីចុះហត្ថលេខាលើឯកសារកំណត់ហេតុកិច្ចប្រជុំ ជាមួយភាគីជប៉ុន ដោយមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោក នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត នាយករង ទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រត្តិបត្តិការអន្តជាតិ និងមន្រ្តីពាក់ព័ន្ធទាំងអស់នៅសាលាខេត្ត។

លោក លី សំរិទ្ធ បានបញ្ជាក់អំពីក្រុងសៀមរាប នៃខេត្តសៀមរាបរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិកនៃបណ្តាញទីក្រុង ឆ្លាតវៃអាស៊ានកាលពីឆ្នាំ២០១៨ កន្លងទៅ រដ្ឋបាលខេត្តសៀមរាប ក៏ដូចជារដ្ឋបាលក្រុងសៀមរាបបានធ្វើការរៀបចំផែនការក្នុងការបង្កើនការចំណាយសាធារណៈវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងក្រុង ការបង្កើនសោភណ្ឌភាពក្នុងក្រុង ក៏ដូចជាចូលរួមក្នុងការអនុវត្តនូវផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃអាស៊ានផងដែរ។

ទន្ទឹមគ្នានេះ ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ឲ្យស្របតាមផែនការទីក្រុងឆ្លាតវៃរបស់​​សមាគមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តក៏បានរៀបចំជាសំណើ ដើម្បីដាក់ការស្នើសុំជូនទៅទីភ្នាក់ងារសហ​​​ប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេ​កទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាបនៃខេត្តសៀមរាប កាលពីឆ្នាំ២០១៩កន្លងទៅនេះ ហើយ ជាការឆ្លើយតបតាមសំណើស្នើសុំរបស់រដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានទទួលយកសំណើរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន។

ជាក់ស្តែងនៅក្នុងដើមឆ្នាំ២០២០កន្លងទៅ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបញ្ជូនក្រុមការងារសិក្សារបស់ខ្លួនមកធ្វើការសិក្សាបឋម ទៅលើការរៀបចំទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាបនៃខេត្តសៀមរាប ដែលជាការសិក្សាដំណាក់កាលទី១នៃការប្រមូលព័ត៌មានក្នុងការរៀបចំទីក្រុងឆ្លាតវៃសម្រាប់ក្រុងសៀមរាប។ ការសិក្សាប្រមូលព័ត៌មានបឋមពីការរៀបចំទីក្រុងឆ្លាតវៃសម្រាប់ក្រុងសៀមរាប ដែលជាការសិក្សាដំណាក់កាលទី១ នឹងត្រូវបញ្ចប់នៅក្នុងដើមឆ្នាំ២០២២ខាងមុខនេះ។

លោក អភិបាលរងខេត្តក៏បានបន្ថែមទៀតថា ទន្ទឹមគ្នានឹងការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រុងសៀមរាបនៃខេត្តសៀមរាបក៏បានទទួលនូវការផ្តល់ជូនដ៏ថ្លៃថ្លាពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានសម្រេចក្នុងការផ្តល់នូវថវិកាចំនួន ១៥០លានដុល្លារសហរដ្ឋអាមេរិច ក្នុងការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាបផងដែល៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook