Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលចុះទៅខេត្តបន្ទាយមានជ័យក្រោយទឹកលេចពេទ្យបង្អែកថ្មពួក

មន្ទីរពេទ្យបង្អែកស្រុកថ្មពួក ត្រូវបានទឹកជន់លិចយ៉ាងជ្រៅនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ ទឹកនេះមួយផ្នែកជាទឹកភ្លៀងក្នុងខេត្ត និងមួយផ្នែកជាទឹកភ្លៀងហូរធ្លាក់ពីប្រទេសថៃ  ហើយក្នុងនោះទឹកបានជន់លេចចូលក្នុងមន្ទីពេទ្យបង្អែកថ្មពួកផងដែរ។

ឆ្លើយតបនឹងបញ្ហារនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ឯកឧត្តម​ ម៉ម​ ប៊ុនហេង បានចឱទៅពិនិត្យស្ថានភាពជាក់ស្តែងនិងដើម្បីរកដំណោះស្រាយជាបន្ទាន់ផងដែរ។

អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងប្រាប់ពត៌មានក្នុងស្រុកមួយថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី លី អៃឡាន (Li Ailan) តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា ព្រមទាំងមន្ត្រីសុខាភិបាលផ្សេងទៀត នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បាននិងកំពុងធ្វើដំណើរ ចុះទៅខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យស្ថានភាពមន្ទីរពេទ្យនៅទីនោះ បន្ទាប់ពីរងការលិចលង់ដោយសារទឹកជំនន់។

កម្លាំងសង្គ្រោះមានកងពលតូចទ័ពពិសេស (៩១១) យោធា កងរាជអាវុធហត្ថ និងនគរបាលខេត្តដឹកនាំបញ្ជាផ្ទាល់ ដោយលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានចុះជួយជម្លៀសប្រជាពលរដ្ឋទាំងយប់ភ្លាមផងដែរ។

បើតាមលោក អ៊ុំ រាត្រី ក្រុមគ្រូពេទ្យប្រមាណជា១០០នាក់ និងអ្នកជំងឺ១៣នាក់ ត្រូវបានដឹកជម្លៀសពីមន្ទីរពេទ្យបង្អែកថ្មពួក ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយចេក។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានបន្តលិចលង់កាន់តែខ្លាំង នៅតំបន់មួយចំនួនទៀតក្នុងស្រុកថ្មពួក អូរជ្រៅ និងក្រុងប៉ោយប៉ែតផងដែរ។

កងកម្លាំងសង្គ្រោះគ្រប់ផ្នែក ក៏បានចេញប្រតិបត្តិការជួយជម្លៀសប្រជាលរដ្ឋរកទីទួលសុវត្ថិភាព និងរៀបចំសម្ភារដាក់កន្លែងខ្ពស់ឱ្យផុតពីទឹក។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ក៏ជាខេត្តមួយដែលកំពុងរងការលិចលង់ធ្ងន់ធ្ងរពីជំនន់ទឹកភ្លៀងផងដែរ។ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ខេត្តបន្ទាយមានជ័យ បានជន់លិចក្រុង/ស្រុក ចំនួន៩ និងឃុំ/សង្កាត់ចំនួន៤៩ ហើយធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ ហើយប្រជាពលរដ្ឋជាង ២ពាន់គ្រួសារត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។

គិតត្រឹមថ្ងៃទី១៧ ខែតុលា ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ១២នាក់ បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់។ ដើម្បីដោះស្រាយការលំបាកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី១៧ ខែតុលា នេះ ក៏បានសម្រេចបន្ថែមកញ្ចប់ថវិកាចំនួន ១០ម៉ឺនដុល្លារបន្ថែមទៀតទៅកាន់ខេត្តជាប់ព្រំដែនថៃមួយនេះ។ មកដល់ពេលនេះខេត្តបន្ទាយមានជ័យទទួលបានថវិកាពីសម្តេចតេជោ ២០ម៉ឺនដុល្លារហើយ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook