Connect with us

ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ញើលិខិតចូលរួមការសោកស្ដាយជូនរដ្ឋមន្រ្តីការពារប្រទេសវៀតណាម ក្នុងការបាត់បង់ជីវិតទាហាន

(ភ្នំពេញ)៖ សម្តេចពីជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានផ្ញើទៅកាន់ នាយឧត្តមសេនីយ៍ ជុំ ស៊ុនលិច រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចំពោះការពលីជីវិតរបស់កម្មាភិបាលជាន់ខ្ពស់ និងទាហានវៀតណាម ក្នុងបេសកកម្មចុះជួយសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយធម្មជាតិដោយព្យុះ និងជំនន់ទឹកភ្លៀង នៅតំបន់ភូមិភាគកណ្តាល ថ្មីៗនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងដូច្នេះថា៖ «តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ និងនាយទាហាន នាយទាហានរង ពលទាហាន នៃកងយោធពលខេមរភូមិន្ទទាំងមូល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំពិតជាសោកសៅយ៉ាងក្រៃលែង ដោយទទួលដំណឹងថា កម្មាភិបាលជាន់ខ្ពស់ និងយុទ្ធជនមួយចំនួននៃកងទ័ពប្រជាជនវៀតណាម បានពលីជីវិតក្នុងបេសកកម្មចុះជួយសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយធម្មជាតិដោយព្យុះ និងជំនន់ទឹកភ្លៀង នៅតំបន់ភូមិភាគកណ្តាល កាលពីប៉ុន្មានថ្ងៃកន្លងមកថ្មីៗនេះ»

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានលើកឡើងថា ការពលីកម្មដ៏ខ្ពង់ខ្ពស់របស់កម្មាភិបាលជាន់ខ្ពស់ និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាម គឺជាការបាត់បង់ដ៏ធំធេង និងគួរឱ្យគោរពកោតសរសើររបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ហើយក៏ជាការបាត់បង់មិត្តដ៏ល្អរបស់រាជរដ្ឋាភិបាល ប្រជាជន និងកងយោធពលខេមរភូមិន្ទផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា៖ «យើងខ្ញុំចងចាំនូវវីរភាពដ៏អង់អាចក្លាហាន និងសូមឧទ្ទិសបួងសួងជូនដល់វិញ្ញាណក្ខន្ធកម្មាភិបាលជាន់ខ្ពស់ និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាម ដែលលះបង់ខ្ពស់ក្នុងបុព្វហេតុសង្គ្រោះមនុស្សជាតិសូមឱ្យស្ថិតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត»

តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ និងនាយទាហាន នាយទាហានរង ពលទាហាន នៃកងយោធពលខេមរភូមិន្ទទាំងមូល និងសម្តេចផ្ទាល់ សូមសម្តែងនូវសមានចិត្តចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះបក្ស ប្រជាជន រដ្ឋ និងកងទ័ពប្រជាជនវៀតណាម ក៏ដូចជាជូនចំពោះក្រុមគ្រួសារនៃសពនូវការបាត់បង់កម្មាភិបាលជាន់ខ្ពស់ និងយុទ្ធជនមួយចំនួនជាទីគោរពស្រលាញ់នេះ។

សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ មានទាហានវៀតណាម ១៨នាក់ហើយ បានស្លាប់ ក្នុងប្រតិបត្តិការសង្គ្រោះ ប្រជាពលរដ្ឋពីគ្រោះមហន្តរាយទឹកជំនន់ និងខ្យល់ព្យុះ នៅក្នុងភាគកណ្តាលប្រទេសវៀតណាម ខណៈដែលអ្នកស្លាប់ទាំងជនស៊ីវិល និងយោធា នៅប្រទេសនេះបានកើនដល់ជិត ១០០នាក់ និង៣០នាក់កំពុងបាត់ខ្លួន៕

ខាងក្រោមនេះជាសារលិខិតសម្តេចពិជ័យសេនា ទៀ បាញ់៖

 

Click to comment

Leave a Reply

Your email address will not be published.

Facebook