Connect with us

ព័ត៌មានជាតិ

លោក​ ស៊ុន ចាន់ថុល៖ ទឹកជំនន់បានធ្វើឲ្យខូចផ្លូវ ចំនួន១២៣ខ្សែ ប្រវែង៤០០គីឡូម៉ែត្រ

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ មានផ្លូវចំនួន១២៣ខ្សែ ប្រវែងសរុបប្រមាណ៤០០គីឡូម៉ែត្រ នៅក្នុងប្រទេសកម្ពុជា បានរងផលប៉ពាល់ដោយសារទឹកជំនន់។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ដូចនេះ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមេីលស្ថានភាពទឹកជំនន់ ដែលកំពុងជន់លិចនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងបាននាំយកអំណោយចែកជូនដល់ពលរដ្ឋរងគ្រោះផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ក្នុងចំណោមកំណត់ផ្លូវប្រវែង៤០០គីឡូម៉ែត្រនោះ មានផ្លូវដីក្រហមប្រវែង ១៤០គីឡូម៉ែត្រ ក្រៅពីនោះគឺផ្លូវកៅស៊ូAC និងផ្លូវកៅស៊ូ DBST។

លោកទេសរដ្ឋមន្ត្រី បានបន្តថា ជាដំណោះស្រាយបណ្ណោះអាសន្ន គ្រប់មន្ទីសាធារណការខេត្ត ដែលរងផលប៉ះពាល់ដោយទឹកជំនន់ បានសហការគ្នាទប់ទឹកទាំងនោះ ដេីម្បីកុំឱ្យហូរកាត់នៅលេីផ្លូវ ហេីយសម្រាប់ផ្លូវដែលមានការលិចទឹកច្រេីន គឺបានផ្អាកមិនឱ្យរថយន្តធ្វេីដំណេីរលេីតែម្តង ដេីម្បីកុំឱ្យមានការខូចខាតផ្លូវកាន់តែខ្លាំងផងដែរ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវដល់ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ សូមកុំបើកបរនៅលើផ្លូវទាំងឡាយដែលកំពុងទទួលរងការជន់លិច និងត្រូវស្ដាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្ការកុំឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រងការខូចខាតកាន់តែធ្ងន់ធ្ងរថែមទៀត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ទៀតថា បន្ទាប់ពីទឹកស្រកវិញភ្លាម លោកនឹងឱ្យក្រុមការងារជំនាញពាក់ព័ន្ធរបស់ក្រសួង ចុះធ្វើបញ្ជីប៉ាន់ស្មានចំពោះទំហំការខូចខាតផ្លូវថ្នល់ទាំងអស់ ដើម្បីស្នើសុំកញ្ចប់ថវិកាយកមកជួសជុលវិញភ្លាម ជាមួយនឹងការដាក់ពង្រីកលូ ឱ្យបានធំៗជាងមុនផងដែរ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook