Connect with us

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតកូរ៉េ សន្យាជំរុញការដោះដូរពាណិជ្ជកម្មជាមួយកម្ពុជាឱ្យកើនឡើងបន្ថែមទៀត

ឯកឧត្តម ប៉ាក់ ហឿងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានសន្យាជំរុញការដោះដូរពាណិជ្ជកម្មជាមួយកម្ពុជាឱ្យកើនឡើងបន្ថែមទៀត ខណៈការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូងគិតត្រឹមដំណាច់ឆ្នាំ ២០១៩ កន្លងទៅ បានកើនដល់ជាង ១ ពាន់លានដុល្លារអាមេរិក។

ថ្លែងក្នុងឱកាសចូលជួបសម្តែងការគួរសមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០នេះ ឯកឧត្តមឯកអគ្គរដ្ឋទូតរំពឹងថា ទំហំការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនឹងកើនឡើងបន្ថែមទៀត បន្ទាប់ពីរដ្ឋាភិបាលទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាផ្លូវការនាពេលខាងមុខ។

ឯកឧត្តមបានឱ្យដឹងថា ទុនវិនិយោគកូរ៉េនៅកម្ពុជាក្នុងពេលបច្ចុប្បន្នមានជាង ៥ ពាន់លានដុល្លារ ដែលនាំឱ្យកូរ៉េក្លាយជាប្រទេសលំដាប់ទី២ ក្នុងការវិនិយោគនៅកម្ពុជា។ ឯកឧត្តមមានប្រសាសន៍ថា ផ្នែកនយោយបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរ នៅក្នុងរយៈពេលចុងក្រោយនេះ មានការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ និងរំពឹងថាត្រូវបានបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់រឹងមាំបន្ថែមទៀត ប្រសិនបើមានដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េមកកាន់កម្ពុជានាដើមខែវិច្ឆិកា ខាងមុខនេះ។

សម្តេចពញាចក្រី ហេង សំរិន វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរនាពេលកន្លងមក ដែលបាននាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជនទាំងសងខាង ដោយក្នុងនោះមានពលរដ្ឋកម្ពុជាប្រមាណ ៤ ម៉ឺននាក់កំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ។ សម្តេចពញាចក្រីមានប្រសាសន៍ថា សាធារណរដ្ឋកូរ៉េបាននឹងកំពុងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍនៅប្រទេសកម្ពុជាដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងអភិវឌ្ឍន៍ជនបទជាដើម។ សម្តេច បានស្នើសុំសាធារណរដ្ឋកូរ៉េបន្ថែមចំនួនកូតាពលរដ្ឋខែ្មរទៅធ្វើការងារនៅកូរ៉េទៀត ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook