Connect with us

ព័ត៌មានទាន់ហេតុការណ៍

នាវាមុជទឹក-នុយក្លេអ៊ែរបានចុះហត្ថលេខា ហើយដោយ អាមេរិក អូស្ត្រាលី និងអង់គ្លេស

(ស៊ីដនី)៖  នាវាមុជទឹក-នុយក្លេអ៊ែរបានចុះហត្ថលេខា ហើយដោយ អាមេរិក អូស្ត្រាលី និងអង់គ្លេស កិច្ចព្រមព្រៀងនេះបានធ្វើឡើង នៅថ្ងៃចន្ទនេះដោយបានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងដ៏សំខាន់មួយនេះ ដើម្បីឲ្យអូស្ត្រាលីអាចបំពាក់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ស្របតាមកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី (AUKUS) ដែលត្រូវបានបង្កើតឡើងតាំងតែពីខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP ដែលកម្ពុជាសន្តិភាពទទួលបាន នៅព្រឹកថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក ភីតថឺ ដតថុន (Peter Dutton) បានចូលរួមជាមួយតំណាងទូត នៃសហរដ្ឋអាមេរិក និងអូស្ត្រាលី ក្នុងការចុះហត្ថលេខាខាងលើនេះ នៅលើទឹកដីអូស្ត្រាលី ដើម្បីឲ្យប្រទេសទាំងបីអាចចែករំលែក បច្ចេកវិទ្យាចម្បងៗ ទាក់ទងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ នៅក្នុងវិស័យជើងទឹក។

នេះជាកិច្ចព្រមព្រៀងលើផ្នែកបច្ចេកវិទ្យាលើកដំបូងហើយ ដែលត្រូវបានចុះហត្ថលេខាជាសាធារណៈរវាងប្រទេសទាំងបី គិតចាប់តាំងពីការប្រកាស បង្កើតសម្ព័ន្ធភាពត្រីភាគី AUKUS ដែលបាននិងកំពុងប្រឈមនឹងការរិះគន់ខ្លាំងៗ ពីសំណាក់ប្រទេសចិន។ ហើយកិច្ចព្រមព្រៀងនេះ ក៏បានធ្វើឱ្យចិន ខឹងសម្បារដោយហៅថា ជាការគំរាមកំហែងដែល «គ្មានភាពទទួលខុសត្រូវ ទាល់តែសោះ» ចំពោះស្ថិរភាពក្នុងតំបន់ ព្រោះបើយើងមើលភាពជាក់ស្តែងប្រទេសរចិននិងអូស្ត្រាលីហាក់មិនសូវស៊ីចង្វាក់គ្នានោះទេជាពិសេសផ្នែកយោធាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចនេះតែម្តង។

គួរបញ្ជាក់ថានៅមុនការចុះហត្ថលេខា នេះដែល ត្រូវបានធ្វើឡើងនៅរដ្ឋធានីកង់បេរ៉ារវាង លោក Peter Dutton, លោក ម៉ៃខឺល ហ្គោលមែន (Michael Goldman) ជាតំណាងបេសកកម្មការទូតអាមេរិក ប្រចាំនៅអូស្ត្រាលី និងលោកស្រី វិចតូរៀ ទ្រីឌែល (Victoria Treadell) ប្រធានឧត្តមស្នងការចក្រភពអង់គ្លេស, ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា «កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការ ដែលនឹងធ្វើឱ្យប្រសើរឡើងនូវឥរិយាបថ ការពារគ្នាទៅវិញទៅមករបស់យើងបន្ថែមទៀត»

សូមបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀង AUKUS ប្រទេសអូស្ត្រាលីនឹងទទួលបាននាវាមុជទឹក ដើរដោយថាមពលនុយក្លេអែរទំនើបបំផុតចំនួន ៨គ្រឿង ដែលមានសមត្ថភាពបំបាំងកាយ និងធ្វើបេសកកម្មក្នុងរយៈចម្ងាយឆ្ងាយ កិច្ចព្រមព្រៀងនេះក៏ធ្លាប់ធ្វើឪ្យប្រទេសបារាំងខឹងអាមេរិកនិងអូស្ត្រាលីផងដែរដោយបាននិយាយថា ពួកគេបានចាក់បារាំងពីខាងក្រោយព្រោះថាអូស្ត្រាលីក៏ធ្លាប់បានធ្វើកិច្ចសន្យាទិញនាវាមុជទឹកពីប្រទេសបារាំងមុនរួចហើយ។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook