Connect with us

ព័ត៌មានទាន់ហេតុការណ៍

ថៃសម្រេចផ្តល់សេវាពន្យាកំណើតដោយមិនគិតថ្លៃចំពោះស្រ្តីអាយុក្រោម ២០ឆ្នាំនៅទូទាំងប្រទេសដើម្បីកាត់បន្ថយអាត្រាមានផ្ទៃពោះដោយមិនបានគ្រោងទុក

ថៃ៖ ការិយាល័យសន្តិសុខសុខភាពជាតិថៃបានជូនដំណឹងកាលពីថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ម្សិលមិញនេះថា នៅតាមមន្ទីរពេទ្យនៅទូទាំងប្រទេសថៃនឹងផ្តល់ជូនសេវាពន្យាកំណើតដោយមិនគិតថ្លៃចំពោះក្រុមពលរដ្ឋជាស្រ្តីដែលមានអាយុក្រោម ២០ ឆ្នាំ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន The Thaiger បានឲ្យដឹងថា សេវាពន្យាកំណើតដែលអាជ្ញាធរថៃគ្រោងនឹងផ្តល់ជូនដោយមិនគិតថ្លៃនោះគឺជាការប្រើប្រាស់ IUD ឬនិយាយតាមភាសាសាមញ្ញគឺការដាក់កងនៅក្នុងស្បូន​ ដែលវិធីនេះអាចជួយមិនឲ្យស្រ្តីមានផ្ទៃពោះក្នុងចន្លោះពី ៣-៥ឆ្នាំឯណោះ ប្រសិនពួកគាត់មិនយកវាចេញនោះទេ។

ការិយាល័យសន្តិសុខសុខភាពជាតិថៃបានបញ្ជាក់ថា កម្មវិធីខាងលើនេះត្រូវផ្តល់ជូននៅតាមគ្រប់មន្ទីររដ្ឋនៅទូទាំងប្រទេសថៃ និងនៅតាមមន្ទីរពេទ្យឯកជនដែលជាដៃគូសហការណ៍ជាមួយអាជ្ញាធរសុខាភិបាលថៃ។ គោលបំណងនៃការអនុវត្តគម្រោងមួយនេះត្រូវបានអាជ្ញាធរថៃបញ្ជាក់ថា គឺធ្វើឡើងដើម្បីកាត់បន្ថយអត្រាមានផ្ទៃពោះដោយមិនបានគ្រោងទុក ដែលនាពេលកន្លងមកបញ្ហានេះតែងកើតមានជាញឹកញាប់នៅក្នុងចំណោមយុវតីថៃ។ បើតាមអ្នកជំនាញថៃបានបញ្ជាក់ថា ការប្រើប្រាស់ IUD អាចបង្កឲ្យស្រ្តីមានបញ្ហាតិចតួចមួចចំនួនដូចជាឈឺក្បាល ចង់ក្អួត វិលមុខ និងកើតមុនជាដើម តែបញ្ហាទាំងអស់នេះនឹងបាត់ទៅវិញដោយខ្លួ​នយ៉ាងយូរបំផុតត្រឹមរយៈពេល ៦ខែប៉ុណ្ណោះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook