Connect with us

ព័ត៌មានជាតិ

៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ខេត្តកែប ទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់

(កែប)៖ ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គិតចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានអ្នកទេសចរជាតិ និងបរទេសដែលមកកម្សាន្តនៅរមណីយដ្ឋានខេត្តកែប ចំនួន ៧៥ ៨៦៨ នាក់ និងភ្ញៀវបរទេសចំនួន៦៦៧នាក់។ នេះជាតួលេខសរុបដែលទទួលបានពីរដ្ឋបាលខេត្តកែប កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តាមបណ្តាភូមិសាស្ត្រខេត្តកែប គឺមានស្ថានភាពល្អ ដោយអាជ្ញាធរ និងសមត្ថកិច្ចបានរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ បានល្អប្រសើរ គ្មានករណីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

សូមជម្រាបជូនថា នាឱកាសពិធីបុណ្យអំទូក ឆ្នាំនេះ មានអ្នកទេសចរបានធ្វើដំណើរតាមរថយន្តចូលមកកាន់ខេត្តកែប មានចំនួន ៩ ១៣៩ គ្រឿង ដែលជាតួលេខកើនឡើងជាងឆ្នាំមុន ហើយតម្លៃភាស៊ីចំណតរថយន្តមិនមានការឡើងថ្លៃនោះទេ។ ជាមួយគ្នានេះ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃនេះដែរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំកម្លាំងដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ នៅតាមដងផ្លូវ គ្រប់ភូមិសាស្ត្រខេត្ត ពិសេសការរៀបចំសណ្តាប់ធ្នាប់នៅតាមមាត់ឆ្នេរ ចាប់ពីផ្សារក្តាម រហូតដល់ឆ្នេរលេងទឹក ដែលលទ្ធផលកិច្ចប្រតិបត្តិការនេះ ធ្វើឱ្យភូមិសាស្ត្រខេត្តកែបទាំងមូលមានលក្ខណៈល្អប្រសើរ គឺគ្មានបទល្មើសកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ៕

ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook