Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប, នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកម្រិតអន្តរជាតិ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អញ្ជើញដឹកនាំប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ នឹងត្រូវធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា តាមរយៈប្រព័ន្ធវីដេអូ ពីវិមានសនិ្តភាព រាជធានីភ្នំពេញ។

ការទទួលភារកិច្ចជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា ហើយក៏ជាមោទនភាពសម្រាប់ជាតិកម្ពុជាផងដែរ។ តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកម្រិតអន្តរជាតិមួយនេះ ជាឱកាសកម្ពុជាបង្ហាញនូវកេត្យានុភាព និងសមត្ថភាពរបស់ខ្លួនថា ប្រទេសដែលធ្លាប់តែញ៉ាំញី និងខ្ទេចខ្ទាំដោយវិបត្តិភ្លើងសង្គ្រាមពីអតីតកាលមួយនេះ បាននឹងកំពុងដើរតួនាទី និងឈរដោយស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាលើពិភពលោកប្រកបដោយមោទនភាពបំផុត។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់ប្រទេសតំបន់អាស៊ី និងអឺរ៉ុបនេះ នឹងមានការចូលរួមពីប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល និងអ្នកតំណាងជាន់ខ្ពស់របស់ប្រទេសដៃគូ ASEM ទាំង៥១ មកពីអាស៊ី និងអឺរ៉ុប ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន។

កិច្ចប្រជុំកំពូល ASEM13 ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» នឹងផ្តល់ឱកាសដ៏ទាន់ពេលវេលាមួយដល់ថ្នាក់ដឹកនាំមកពីតំបន់អាស៊ី និងអឺរ៉ុប ដើម្បីបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ អាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាសកល និងតំបន់សម្រាប់ផលប្រយោជន៍ទៅវិញទៅមក ក្នុងនោះរួមទាំងបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចបណ្តាលមកពីជំងឺនេះផងដែរ។

មុនពេលដំណើរការកិច្ចប្រជុំកំពូល ASEM13 តំណាងមកពីព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល នឹងអញ្ជើញថ្លែងការណ៍រួមមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាសហប្រធាននៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លោក ប៉ាន សូរ ស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសហអ្នករៀបចំវេទិកាធុរកិច្ច និងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាអ្នករៀបចំវេទិកាអាស៊ី-អឺរ៉ុប ស្តីពីស្ត្រីសន្តិភាព និងសន្តិសុខ ព្រមទាំងតំណាងមកពីកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប និងវេទិកាប្រជាជនអាស៊ី-អឺរ៉ុបផងដែរ។

ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះថ្នាក់ដឹកនាំ ASEM នឹងពិភាក្សាអំពីតួនាទីរបស់ ASEM ក្នុងការលើកកម្ពស់ពហុភាគីនិយម ដោយផ្តោតលើប្រធានបទពាក់ព័ន្ធ រួមមាន៖ ១) ASEM ក្នុងគម្រប់ខួប២៥ឆ្នាំ៖ សមិទ្ធផលបញ្ហាប្រឈម និងទិសដៅនាពេលអនាគត ២) ការធ្វើឱ្យប្រសើរឡើងវិញនូវដំណើរការពហុភាគីនិយមដើម្បីសន្តិភាព និងស្ថិរភាពសកល ៣) ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ ៤) កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ៥) ការតភ្ជាប់ ៦) ស្ត្រីសន្តិភាព និងសន្តិសុខ និង ៧) បម្រែបម្រួលអាកាសធាតុ។

ថ្នាក់ដឹកនាំ ASEM នឹងពិភាក្សាផងដែរអំពីជំងឺកូវីដ-១៩ និងការស្ដារ/អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញដោយផ្តោតលើ ១) ការដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយជំងឺកូវីដ-១៩ ២) ការពន្លឿនការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដើម្បីកំណើនរួមគ្នា និង ៣) ការកសាងឡើងវិញនូវអនាគតប្រកបដោយភាពធន់។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំចង្អៀតថ្នាក់ដឹកនាំ ASEM នឹងមានឱកាសចែករំលែកទស្សនៈ ដោយត្រង់ទៅត្រង់មកសេរី និងតាមបែបស្ថាបនាពាក់ព័ន្ធនឹងបញ្ហាសកល និងតំបន់។

ក្រោមការដឹកនាំរបស់កម្ពុជា ASEM13 នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ រួមមាន (១) សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 (២) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ និង (៣) ឯកសារសកម្មភាពអនាគតស្តីពីការតភ្ជាប់ ASEM។

បើតាមក្រសួងការបរទេសកម្ពុជា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM13 ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា ក្នុងការជំរុញពហុភាគីនិយមក៏ដូចជាការចូលរួមយ៉ាងសកម្មតាមតែអាចធ្វើទៅបានរបស់ខ្លួននៅក្នុងសហគមន៍ អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈម ជាសកលនាពេលបច្ចុប្បន្ន និងកំពុងលេចឡើងថ្មីៗនេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាវេទិការអន្តររដ្ឋាភិបាលមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបតិ្តការរវាងអាស៊ី និងអឺរ៉ុប។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ត្រូវបានចាត់ទុកជាវេទិកាក្រៅផ្លូវការតែមួយគត់សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ី និងអឺរ៉ុប ដែលផ្តោតលើការពង្រឹងភាពជាដៃគូជំរុញឱ្យមានសន្តិភាព និងសន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។

កិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះ មានវិសាលភាពគ្របដណ្តប់លើទិដ្ឋភាពនយោបាយ និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងទិដ្ឋភាពវប្បធម៌-សង្គម ហើយយន្តការនេះក៏ជាវេទិកាដ៏ល្អប្រសើរសម្រាប់ថ្នាក់ដឹកនាំដោះស្រាយបញ្ហាប្រឈមសកលនានាផងដែរ។

ចាប់តាំងពីកិច្ចប្រជុំកំពូលលើកដំបូងនៅខែមីនា ឆ្នាំ១៩៩៦ នៅទីក្រុងបាងកក ដែលមានរដ្ឋស្ថាបនិកត្រឹមតែ២៦ វេទិកានេះ បានពង្រីកសមាជិកភាពរបស់ខ្លួនដល់ទៅ ៥៣ប្រទេស និងដៃគូ រួមមាន៖ មាន៣០ ជាប្រទេសអឺរ៉ុប និង២១ ជាប្រទេសអាស៊ី រួមជាមួយនឹងសហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន។ បូកបញ្ចូលគ្នាទៅវេទិកា ASEM នេះ បានតំណាងឱ្យប្រមាណ៦៥ភាគរយនៃសេដ្ឋកិច្ចពិភពលោក, ៦០ភាគរយនៃប្រជាជន, ៥៥ភាគរយ នៃពាណិជ្ជកម្ម និង ៧៥ភាគរយ នៃទេសចរណ៍ពិភពលោក។

ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ASEM បានធ្វើឱ្យមានការផ្លាស់ប្តូរជាលក្ខណៈស្ថាប័នដ៏គួរឱ្យកត់សម្គាល់ និងបានចូលរួមដោះស្រាយបញ្ហាស្មុគស្មាញនានានៅក្នុងតំបន់ និងសកល ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្តាប្រទេសនៃទ្វីបទាំងពីរ។

កម្ពុជាបានចូលរួមក្នុងយន្តការនេះចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី៥ នាឆ្នាំ២០០៤ នៅប្រទេសវៀតណាម៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook