Connect with us

ព័ត៌មានជាតិ

ក្រុមការងារអាជ្ញាធរជាតិអប្សរា ប្រទះឃើញថាសលោហ:នៅក្នុងបរិវេណប្រាសាទអង្គរវត្ត !

សៀមរាប៖ ការប្រទះឃើញវត្ថុបុរណ ឬបដិមា និងវត្ថុបូរាណដទៃទៀត គឺតែងតែរកឃើញជាញឹកញាប់ហើយត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សាទុកជាបេតិកភណ្ឌជាតិ។ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះដែរ ក្រុមអ្នកជំនាញ នៃអាជ្ញាជាតិអប្សរា បានប្រទះឃើញថាសលោហ:មួយ ដែលកប់ក្នុងដីនៅចន្លោះរានហាល និងបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត។

លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីបេតិកភណ្ឌរូបី នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះថា ថាសលោហ:នេះ ត្រូវបានប្រទះឃើញដោយក្រុមការងាររៀបចំប្រព័ន្ធទឹកស្រោចស្រពក្នុងបរិវេណប្រាសាទអង្គរ ខណ:ពួកគាត់ជីកដី ដើម្បីបង្កប់ទុយោទឹកសម្រាប់ស្រោចស្មៅ។ លោកថា ថាសនេះមានទំហំអង្កត់ផ្ចិត ៦២ស.ម ជម្រៅបាតថាស ៣ស.ម ផ្ទៃបាតរាងមូល និងរីកមាត់ឡើងមកលើបន្តិច និងបាតរាបស្មើ ដោយផ្នែកខាងចុងមានរាងក្បាច់កោងតូចៗពទ័្ធជុំវិញ។ នៅលើផ្ទៃថាសទាំងមូលនេះ គេពុំឃើញមានក្បាច់លម្អ រឺអក្សរអ្វីដែលអាចអោយយើងកំណត់ពីអាយុកាលនៃវត្ថុនេះអោយបានច្បាស់លាស់នៅឡើយទេ។

លោកសុម៉ាឡា បញ្ជាក់ទៀតថា បច្ចុប្បន្ន ក្រុមចុះបញ្ជី នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានយកថាសមួយនេះមករក្សាទុកជាបណ្តោះអាសន្ន នៅមជ្ឈមណ្ឌលជាតិអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការចុះបញ្ជី និងកំណត់អត្តសញ្ញាណវត្ថុបុរាណនេះជាដំបូងសិន មុននឹងលាងសម្អាត និងជួសជុលតាមបច្ចេកទេសជំនាញជួសជុលវត្ថុបុរាណជាបន្តទៀត៕


ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook