Connect with us

ព័ត៌មានជាតិ

អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានត្រៀមខ្លួនរួចជាស្រេចរង់ចាំស្វាគមន៍ទទួលភ្ញៀវទេសចរបរទេសវ៉ាក់សាំងពេញលេញ

សៀមរាប៖ ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាស្តីអំពីកិច្ចប្រតិបត្តិស្តង់ដារវិធានសុវត្ថិភាព SOP ដើម្បីទទួលភ្ញៀវទេសចរបរទេសវ៉ាក់សាំងពេញលេញ កាលពីរសៀលថ្ងៃ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ថា អាកាសយាន ដ្ឋានអន្តរជាតិសៀមរាប បានត្រៀមខ្លួនរួចជាស្រេចហើយ ជាមួយនឹងការរង់ចាំស្វាគមន៍ទទួល ភ្ញៀវទេសចរបរទេសវ៉ាក់សាំងពេញលេញ ដែលត្រូវចូលមកទស្សនាខេត្តសៀមរាប។

នៅក្នុងកិច្ចប្រជុំនេះ ក៏បានវាយតម្លៃថា កិច្ចការធានា ការពារសុវត្ថិភាពភ្ញៀវ វាមិនត្រឹមតែជាការឱ្យតម្លៃលើសេវាបដិសណ្ឋារកិច្ចប៉ុណ្ណោះទេ តែនេះគឺជាកិច្ចរក្សាតម្លៃ និងកិត្តិយសរបស់ជាតិ។

ឯកឧត្តម ប៊ុន រដ្ឋា បានបន្តថា កម្ពុជាគឺជាប្រទេសបានបើកឡើងវិញ ក្រោមមោទកភាព នៃការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងកម្រិតភាគរយខ្ពស់ ដែលពិភពលោកទទួលស្គាល់។ ការបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងពេញលេញរបស់កម្ពុជា អាចថាជាការរង់ចាំរបស់ភ្ញៀវទេសចរ ។

ឯកឧត្តមបន្តថា កម្ពុជាបានកំណត់ក្នុងបញ្ជីសម្រាប់បណ្តាប្រទេសមួយចំនួននៅលើពិភពលោក មកកាន់កម្ពុជាដោយមិនចាំបាច់តម្រូវឱ្យមានវីសា(VISA) នោះឡើយ ជាពិសេសបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដែលនេះគឺជាគោលនយោបាយបើកចំហជើងមេឃរបស់កម្ពុជា ។ បញ្ហាទាំងអស់នេះ ព្រលានយន្តហោះអន្តរជាតិសៀមរាប ក៏បានត្រៀមខ្លួនជាស្រេចសម្រាប់បម្រើការហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍នានាផងដែរ។

សូមជម្រាបថា ការពិភាក្សារបស់កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើនីតិវិធីប្រតិបត្តិ ធានាការពារប្រកបដោយប្រសិទ្ធភាព ការឆ្លង-ការចម្លងជំងឺកូវីដ-១៩ ដោយឈរលើគោលការណ៍សម្រេចឯកភាពគ្នាកន្លងមក រវាងរដ្ឋមន្រ្តីទាំង២ ក្រសួងសុខាភិបាល និងក្រសួងទេស ចរណ៍ ក្នុងនោះគឺការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ប័ណ្ណបញ្ជាក់ការចាក់វ៉ាក់សាំងពេញលេញ លិខិតបញ្ជាក់ការធ្វើតេស្ត PCR ៧២ម៉ោងមុនមកដល់គោលដៅ និងការធ្វើតេស្តរហ័សនៅពេលឆ្លងកាត់ព្រលានយន្តហោះ។ កិច្ចប្រជុំនោះ ក៏បានបង្ហាញឱ្យឃើញផងដែរ អំពីតួនាទីយ៉ាងសំខាន់របស់ក្រុមមន្រ្តីឆ្លើយតបបន្ទាន់ រួមមាន៖ ក្រុមការងារចត្តាឡីស័ក និងក្រុមជំនាញប្រតិបត្តិការតេស្តរហ័ស៕



ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook