Connect with us

ព័ត៌មានអន្តរជាតិ

អាហ្វហ្គានីស្ថានចង់មានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសទាំងអស់

(អាហ្វហ្គានីស្ថាន)៖ នាយករដ្ឋមន្ត្រីស្តីទីនៃរដ្ឋាភិបាលចាំផ្ទះអាហ្វហ្គានីស្ថាន លោក Mullah Hassan Akhund បាននិយាយថា ប្រទេសអាហ្វហ្គានីស្ថានចង់មានទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសជិតខាង និងប្រទេសក្នុងតំបន់ផងដែរ។

លោក Hassan Akhund បាននិយាយនៅក្នុងសុន្ទរកថារបស់លោកនៅក្នុងស្ថានីយ៍វិទ្យុ និងទូរទស្សន៍អាហ្វហ្គានីស្ថាន (RTA) ដែលគ្រប់គ្រងដោយរដ្ឋកាលពីយប់ថ្ងៃសៅរ៍ថា «ប្រទេសឥស្លាមអេមីរ៉ាតចង់មានទំនាក់ទំនងល្អ ទំនាក់ទំនងសេដ្ឋកិច្ច និងការរួមរស់ជាមួយបណ្តាប្រទេសទាំងអស់។ អាហ្វហ្គានីស្ថាននឹងមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ដោយវាមិនមែនជាគោលនយោបាយរបស់យើងទេ»។

នៅក្នុងសុន្ទរកថាដំបូងរបស់លោកចាប់តាំងពីការចូលកាន់កាប់របស់ក្រុមចលនាតាលីបង់កាលពីថ្ងៃទី១៥ ខែសីហា និងការបង្កើតរដ្ឋាភិបាលចាំផ្ទះរបស់ខ្លួននៅថ្ងៃទី៧ ខែកញ្ញា លោក Hassan Akhund បានកត់សម្គាល់ថា ទឹកដីអាហ្វហ្គានីស្ថាននឹងមិនត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងនឹងប្រទេសណាមួយទេ ហើយរដ្ឋបាលថ្មីនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថានដើម្បីប្រឆាំងនឹងនរណាម្នាក់នោះដែរ។

លោកបាននិយាយថា «គ្មានការបង្កគ្រោះថ្នាក់ដល់ប្រទេសណាមួយពីប្រទេសអាហ្វហ្គានីស្ថានទេ ហើយគ្មាននរណាម្នាក់នឹងឃើញពីគ្រោះថ្នាក់ចេញពីអាហ្វហ្គានីស្ថាននោះដែរ។ ឥឡូវនេះ រដ្ឋអេមីរ៉ាតឥស្លាមអាហ្វហ្គានីស្ថានកំពុងផ្តោតសំខាន់ទៅលើការកសាងប្រទេសរបស់យើងឡើងវិញ»។ លោកបានកត់សម្គាល់ថា ការដាក់សម្ពាធទៅលើប្រទេសអាហ្វហ្គានីស្ថាននឹងមិនផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់នោះឡើយ។

ទាក់ទងទៅនឹងការអប់រំរបស់ស្ត្រី លោក Hassan Akhund បាននិយាយថា «សិទ្ធិរបស់ស្ត្រីត្រូវបានការពារ ហើយប្រទេសឥស្លាមអេមីរ៉ាតគោរពសិទ្ធិនៃការអប់រំសម្រាប់ស្ត្រី និងកុមារី»។

លោកក៏បានជំរុញឱ្យបណ្តាអភិបាលខេត្ត មេប៉ូលីស និងចៅក្រមទាំងអស់ ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការផ្តល់សេវាដល់ប្រជាជនអាហ្វហ្គានីស្ថាន ដោយអំពាវនាវឱ្យពួកគេចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះអ្នកដែលបង្កការយាយីក្នុងចំណោមប្រជាជនទាំងអស់។

នាយករដ្ឋមន្រ្តីស្តីទីរូបនេះក៏បានអំពាវនាវឱ្យប្រជាជនអាហ្វហ្គានីស្ថានរួបរួមគ្នា និងកសាងប្រទេសឡើងវិញ រួមទាំងសេដ្ឋកិច្ចរបស់ខ្លួនដោយសុច្ឆន្ទៈ ភាតរភាព និងការឯកភាពគ្នា៕
ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published.

Facebook