Connect with us

ព័ត៌មានទាន់ហេតុការណ៍

អង់គ្លេស និងអ៉ីស្រាអែលប្តេជ្ញារារាំងអ៉ីរ៉ង់ មិនឲ្យក្លាយជារដ្ឋនុយក្លេអ៊ែរ

ឡុងដ៍៖ រដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេស និងអ៊ីស្រាអែល បានសរសេរនៅក្នុងអត្ថបទរួមមួយថា ប្រទេសទាំងពីរនេះនឹង «ធ្វើការទាំងយប់ទាំងថ្ងៃ» ដើម្បីរារាំងអ៊ីរ៉ង់មិនឲ្យក្លាយជា ប្រទេសមានអំណាចផ្នែកនុយក្លេអ៊ែរ ជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) និងរដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក យ៊ែរ ឡាភីត (Yair Lapid) បានសរសេរនៅក្នុងអត្ថបទរួមមួយ ដែលចេញផ្សាយដោយកាសែត Telegraph កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះថា «ពេលវេលាកំពុងដើរទៅមុខយ៉ាងឆាប់រហ័ស ដែលបង្កើនតម្រូវការសម្រាប់ កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយដៃគូ និងមិត្តភក្តិរបស់យើង ដើម្បីរារាំងមហិច្ឆតារបស់ទីក្រុងតេហេរ៉ង់»

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណាហ្វតាលី បេនណិត (Naftali Bennett) បាននិយាយថា ប្រទេសរបស់លោកមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» ដែលមហាអំណាចពិភពលោក នឹងដកទណ្ឌកម្មចេញពីប្រទេសអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់មិនបានធ្វើតបស្នងមកវិញគ្រប់គ្រាន់ទាល់តែសោះ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយក្រុមអ្នកចរចាបានកោះប្រជុំគ្នានៅទីក្រុងវីយែន (Vienna) ប្រទេសអូទ្រីស នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

ទន្ទឹមនឹងនេះ បើតាមកាសែត Telegraph អ៊ីស្រាអែល និងចក្រភពអង់គ្លេស នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ១០ឆ្នាំនៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីធ្វើការយ៉ាងជិតស្និទ្ធលើវិស័យជាច្រើនដូចជា សន្តិសុខព័ត៌មានវិទ្យា បច្ចេកវិទ្យា ពាណិជ្ជកម្ម និងការការពារផងដែរ។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានបន្ថែមនៅក្នុងអត្ថបទថា អ៊ីស្រាអែល នឹងក្លាយជាដៃគូផ្នែកព័ត៌មានវិទ្យា «លំដាប់ទី១» របស់ចក្រភពអង់គ្លេសជាផ្លូវការ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង នូវការការពារផ្នែកព័ត៌មានវិទ្យារបស់ខ្លួន ខណៈដែលប្រទេសជុំវិញពិភពលោក កំពុងប្រឈមនឹងការកើនឡើងនៃការគំរាមកំហែង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook