Connect with us

ព័ត៌មានទាន់ហេតុការណ៍

អង្គការ WHO អះអាងថា មេរោគបំប្លែងថ្មី Omicron «មានហានិភ័យខ្ពស់» ដែលអាចធ្វើឲ្យករណីឆ្លងកូវីដ-១៩ កើនឡើងខ្លាំង

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានថ្លែងនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅហ្សឺណែវ) ថា មេរោគ COVID-19 បំប្លែងថ្មី «អូមីក្រុង» (Omicron) មាន «ហានិភ័យខ្ពស់» ដែលអាចបង្កឲ្យករណីឆ្លងជំំងឺនេះកើនឡើង ខណៈដែលការបិទព្រំដែនដោយប្រទេសកាន់តែច្រើន កំពុងក្លាយជាក្តីមន្ទិល ចំពោះការស្តារសេដ្ឋកិច្ចពិភពលោក ឡើងវិញពីជំងឺរាតត្បាតសកល ដែលបានអូសបន្លាយអស់ពីរឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

អាកាសចរណ៍អន្តរជាតិទាំងតូចទាំងធំ នៅលើពិភពលោក បានចាត់វិធានការភ្លាមៗ កាលពីសប្តាហ៍មុន ដើម្បីតាមដានលើអ្នកដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង ដែលត្រូវបានគេដឹងថា ជាអ្នករកឃើញវីរុសបំប្លែងថ្មី Omicron នេះមុនគេ។ ការចាត់វិធានការភ្លាមៗនេះ គឺត្រូវបានចាត់ទុកថា ជាការរួមចំណែកជួយទប់ទល់ នៅក្នុងដំណាក់កាលបឋមដើម្បីកុំឲ្យវីរុសថ្មីននេះ រីករាលដាលទៅប្រទេសផ្សេងៗទៀត។

ឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែកើនឡើង និងការចាត់វិធានការភ្លាមៗពីប្រទេសនានា ជាពិសេសគឺការបិទទ្វារលែងស្វាគមន៍ ប្រជាជនមកពីតំបន់អាហ្វ្រិកខាងត្បូងនោះ, WHO បានណែនាំសមាជិកទាំង ១៩៤ ប្រទេសរបស់ខ្លួនថា ការកើនឡើងនៃករណីឆ្លងណាមួយ (បង្កឡើងដោយ Omicron) អាចនឹងក្លាយជាករណីធ្ងន់ធ្ងរ ប៉ុន្តែរហូតមកទល់នឹងដើមសប្តាហ៍នេះ ពុំទាន់មានករណីស្លាប់ណាមួយដោយសារ COVID-19 មានជាប់ពាក់ព័ន្ធនឹងវីរុស Omicron នៅឡើយទេ។

WHO បានគូសបញ្ជាក់យ៉ាងដូច្នេះថា Omicron កើតចេញពីការបំប្លែងខ្លួនច្រើនលើក ដែលយើងពុំធ្លាប់បានឃើញកន្លងមកចំពោះវីរុស ហើយប្រាកដណាស់វាអាចមានសក្តានុពល បង្កឲ្យសោកនាដកម្មនៃជំងឺរាតត្បាតសកល COVID-19 កាន់តែរីកធំឡើង។ WHO បានសង្កត់ធ្ងន់ជាងចុងក្រោយថា «ហានិភ័យជាសកលពាក់ព័ន្ធនឹង Omicron គឺពិតជាខ្ពស់ណាស់»៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook