Connect with us

ចំណេះដឹង-អប់រំ

លើភ្នំបូកគោ វត្តសំពៅប្រាំ មានប្រវត្តិពាក់ព័ន្ធ ទៅនឹងរឿងព្រេង ព្រះថោង នាងនាគ

        វត្តសំពៅប្រាំ     ស្ថិតនៅលើខ្ពង់រាបនៃភ្នំបូកគោ   និងជាទីក្រុងទេសចរណ៍    មួយយ៉ាងសំខាន់     នៃប្រទេសកម្ពុជា​ដែលមានខ្យល់អាកាសជាប់ទៅ​នឹងមាត់សមុទ្រល្អបរិសុទ្ធ​កាលពីដើមឡើយស្ថិតនៅក្នុង ឃុំកោះតូច ស្រុក​​កំពត ខេត្តកំពត។

       ភ្នំនេះ     កសាងជាផ្លូវថ្នល់  ព័ន្ធជុំវិញតាមចង្កេះភ្នំ   កាត់ជ្រោះភ្នំ សម្រាប់ធ្វើការឡើងទៅកាន់កំពូលភ្នំ មាន​រថយន្តតូចគ្រប់ធន បើកបរបានគ្មានលំបាកទេ លើកលែងតែរថយន្តធំវែងៗ បើកបរពុំបាន ព្រោះ​ផ្លូវ​បត់​បែន​ខ្លាំងពេក  ផ្លូវឡើងភ្នំនេះ មានចម្ងាយ៣២គីឡូ ចាប់ពីត្រង់បែកចេញពីផ្លូវជាតិលេខ៣    (ផ្លូវកំពតទៅ​វាលរេញ)    ពីដើមខ្ពង់រាបបូកគោ     ជាកន្លែងយកខ្យល់អាកាសសម្រាប់ជនជាតិអឺរ៉ុប  ដែលជាអាណាព្យាបាល​ស្រុកយើងគឺ លផក ហ្វ្រងស្វា-បីដ្វាំងស៊ីដង់ស៊ុប៉េរីយើ នៅប្រទេសកម្ពុ​ជា​ បានសម្ពោធជាផ្លូវការ​កាលពី​ឆ្នាំ១៩២៥។

       កាលពីសម័យកសាងនោះ         បារាំង​បានរៀបចំធ្វើទីសំណាក់អាស្រ័យ     ព្រោះមានខ្យល់អាកាសត្រជាក់ល្អ​សម្រាប់ពួកគេ   ដូច្នេះហើយ ព្រះមហាក្សត្រខ្មែរយើង ក៏ទ្រង់ព្រះតម្រិះដល់ព្រះពុទ្ធសាសនាភ្លាមដែរ គឺ ព្រះ​អង្គទ្រង់សាងអារាម  ដោយមានកូនវិហារតូចមួយ និងចេតិយមួយឡើងផងដែរ។

        សំណង់វត្តនេះ  តាំងនៅ​លើ​ដី​ខ្ពស់ជាងកំពូលភ្នំ ក៏មានផែនថ្មធំៗនៅពាសពេញដែរ ចម្លែកជាងគេ គឺផែនថ្មជាបន្ទះៗ​មានទំហំ​បណ្តោយ​ប្រមាណជាជាង១០ម៉ែត្រ     និងកំរាស់ប្រហែល  ជិត ១០ ម៉ែត្រ  ទ្រងទ្រាយផែនថ្មនេះ   មានភាព​សំប៉ែតខ្ពស់ទ្រនុងនៅតម្រៀបគ្នា   ជាប្រាំសន្លឹក មានសណ្ឋានដូចជាក្តោងសំពៅត្រដាង  ដោយឃើញរូបភាពនៃថ្មទាំង៥ផែននេះ  មានសណ្ឋានដូចដំពៅ៥  កំពុងបើកក្តោង ហើយការកសាង​វត្ត​នេះ   ក៏ត្រូវធ្វើនៅជាប់ផែនថ្មនេះតែម្តង   ទើបអ្នកផងហៅ ទីនេះតាមសន្មតថា “វត្តសំពៅប្រាំ” ។

          បាន​ក្លាយ​ទៅជា  រឿងព្រេងនិទានពីវត្តសំពៅប្រាំនេះថា     ក្នុងកាលកន្លងយូរមកហើយ  មានស្តេចខ្មែរមួយអង្គ​ព្រះ​នាម  ព្រះថោង គឺព្រះអង្គម្ចាស់ ការតូចព្រះទ័យនឹងមាតា   ដែលតម្រូវឲ្យទ្រង់គោរពបូជា ​ព្រះអនុជពៅ​ម្លោះ​ហើយទ្រង់យាងចេញពីព្រះរាជវាំង  ជាមួយបក្សពួក​ដើម្បី  ចេញឲ្យឆ្ងាយពីរាជវាំង  ទៅដល់ឆ្នេរខ្សាចមួយ    ដែល​មានដើមឆ្លកមួយដើម ដុះនាកណ្តាលខ្សាច់នោះ។

         ព្រះអង្គបញ្ឈប់ពលរេហ៍នៅទីនោះ  សម្រាកព្រះកាយនៅក្រោមដើមធ្លក   ពេលព្រលឹងស្រាងៗឡើង  ទ្រង់​យាង​មួយព្រះអង្គឯងលំហែព្រះកាយ      តាមមាត់សមុទ្រកាន់តែឆ្ងាយទៅៗ    ស្រាប់តែឮសំលេងមនុស្សអ៊ូអរ ព្រះអង្គក៏យាងទៅជិតបានជួបនឹងនាងនាគ ដែលកំពុងនាំភីលៀង មកកំសាន្តឆ្នេរសមុទ្រនោះ    ហើយព្រះអង្គក៏​​បានលួងលោមស្រឡាញ់នាងនាគៗ ក៏យល់ព្រម    តែសុំឲ្យព្រះអង្គតោកកន្ទុយនាគ​ដើម្បីជ្រែកទឹក​ទៅ​​កាន់​​ឋាននាគ  ដើម្បីថ្វាយបង្គំព្រះបាទភុជង្គនាគជាព្រះបិតា ។

        ព្រះអង្គតាមព្រះនាង  ទៅដល់ឋាននាគ អស់រយៈពេលប្រាំពីរថ្ងៃ ក៏សុំលា   ព្រះបិតានាំមហេសីវិលមកឋាន  មនុស្សវិញ        កាលនោះព្រះបាទភុជង្គនាគ​ក៏បានរៀបចំ   ប្រដាប់ប្រដាជាព្រព្យមានតម្លៃ ​ចំនួនប្រាំសំពៅ​ដើម្បីដង្ហែ        ព្រះរាជបុត្រមកគ្រប់គ្រងរាជនៅឋានមនុស្សលោក សំពៅទាំងប្រាំនេះ  បានបើកក្តោងសំដៅទៅមាត់ សមុទ្រជាយដែនប្រទេស ហើយក៏ចូលចតតម្រៀបគ្នា រើ​ប្រដាប់ប្រដាចេញពីសំពៅ ហើយ  ដឹកជញ្ជូនយកទៅរកទីណាមួយមានទួលខ្ពស់      ដើម្បីរៀបចំកសាង​ជាទី​ក្រុង​ឡើង​។

       រីឯសំពៅទាំង៥នោះ ក៏បញ្ឈរទុកសម្រាប់ព្រះអង្គ មានដំណើរទៅណាមកណា ទ្រង់គង់ក្រសាលតាមព្រះ​ចិន្តា   ពលរេហ៍ទាំង៥០០នាក់ ដង្ហែព្រះថោងនាងនាគ ទៅស្ថាបនាទីក្រុងរាជនិវេសន៍ទាំងអស់គ្នា​ទៅ​នៅសល់តែសំបកសំពៅ​ លុះអស់កាលយូរលង់ក្រោយមក ឆ្នេរសមុទ្រក៏ចេះតែស្រុតឆ្ងាយទៅៗ  ដីក៏កាន់​តែដុះ  ខ្ពស់ឡើងៗ     សំពៅទាំង៥នោះ ក៏កឿងនៅជាប់នឹងច្រាំង   ហើយយូរៗទៅក៏រឹងទៅជាថ្ម លិចបាត់​តួសំ​ពៅទៅក្នុងដី    នៅសល់តែក្តោងទាំង៥     ដែលគេឃើញសព្វ ថ្ងៃ នេះ។

       បើតាមការស្រាវជ្រាវរបស់ខ្ញុំវិញ វត្តនេះ   ពុំមែនវត្តបុរាណណាស់ណាទេ   គឺជាវត្តថ្មី​មួយ​ដែលព្រះករុណា ​ព្រះបាទ សម្តេចព្រះស៊ីសុវត្ថិ-មុនីវង្ស ព្រះចៅប្រទេសកម្ពុជា ទ្រង់កសាងឡើងកាលពី គ.ស ១៩២៤ គឺនៅគ្រា   ដែល​រាជ​ការអាណាព្យាបាលបារាំង       គេស្ថាបនាទីតំបន់បូកគោ   ធ្វើជាទីលំហែសម្រាប់យកខ្យល់ត្រជាក់​តាម ធាតុ​អាកាសនៅអឺរ៉ុប។

       កាលនោះរាជការបារាំង            បានថ្វាយចំពោះ   ​ព្រះករុណាជាអម្ចាស់ជីវិត    នូវទីកន្លែងមួយ     សម្រាប់ព្រះអង្គស្ថាបនា   ជាព្រះរាជដំណាក់មួយ    នៅភ្នំបូកគោនោះដែរ    ដូច្នេះហើយព្រះអង្គ ក៏ផ្តួចផ្តើម ព្រះ ទ័យ​ កសាងជាវត្តមួយនេះឡើង       ដោយជ្រើសរើសយកទីទួលដែលនៅជាប់     នឹងផែនថ្ម៥សន្លឹកធំៗ    នោះ​ជាព្រះវិហារមួយតួចតែស្អាតស្អំ និងចេតិយតូចមួយទៀត   នៅពីមុខព្រះវិហារនេះ    គេសន្មតយកនាមភិយ្យោថា  “វត្តសំពៅប្រាំ”   គឺយកតាមលំនាំទីកន្លែងលើទួលនោះ ដែលមានសន្លឹកផែនថ្មធំៗ  ដូចជាក្តោងសំពៅប្រាំផ្ទាំង  ស្ថិតនៅត្រង់នោះស្រាប់។

       សព្វថ្ងៃ ភ្នំបូកគោ    ជាទីមនោរម្យមួយសម្រាប់ទេសចរធ្វើដំណើរ ទៅលំហែរសម្រាកកាយ គ្រប់ពេល​ ដែល​​ឈប់សម្រាកពីការងារ ម្លោះហើយវត្តសំពៅប្រាំ       ក៏ទៅជារមណីយដ្ឋានមួយ    ដែលទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក  និង  ក្រៅភាគច្រើនខ្មែរយើងគេបានស្គាល់ច្រើនណាស់ ៕

 

រៀបចំដោយ ៖ ខ្ញុំបាទ  ចាន់   សឿន កម្ពុជាសន្តិភាព!!!

 

Click to comment

Leave a Reply

Your email address will not be published.

Facebook