សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង ត្រូវប្រជែងជាមួយវិសាខា ដើម្បីដណ្តើមកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន វេលាម៉ោង៦ល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ នាពហុកីឡដ្ឋានជាតិ។ គ្រូបង្វឹកក្រុមព្រៃវែងអះអាងថា ក្រុមខ្លួននឹងលេងឲ្យអស់ពីសមត្ថភាព ខណៈគ្រូបង្វឹកវិសាខាបានបញ្ជាក់ថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ជំនួបមួយនេះ។
វានឹងក្លាយជាជំនួបដ៏ជក់ចិត្ត ដ្បិតទាំងវិសាខា និងព្រៃវែងសុទ្ធតែត្រូវការជ័យជម្នះ ដើម្បីធានាកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ដែលមានណាហ្គាវើលកំពុងរង់ចាំ។ ការជួបគ្នារវាងក្រុមទាំងពីរ ជាជំនួបមួយដែលទស្សនិកជនទន្ទឹងរង់ចាំ ដ្បិតពួកគេចង់ដឹងថា តើក្រុមទាំងពីរនឹងប្រកួតគ្នាឲ្យអស់ពីសមត្ថភាព ឬយ៉ាងណា?
ការដាក់ចម្ងល់បែបនេះ ដោយសារសមាជិកភាគច្រើនក្នុងក្រុមព្រៃវែងជាយុវជនរបស់ក្លិបវិសាខា។ តែយ៉ាងណាទាំងគ្រូបង្វឹកព្រៃវែង ទាំងគ្រូបង្វឹកវិសាខា សុទ្ធតែអះអាងថា ពួកគេនឹងលេងឲ្យអស់ពីសមត្ថភាព។ ហើយពួកគេ ក៏បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ក្នុងការប្រជែងដណ្តើមជ័យជម្នះក្នុងការប្រកួតនៅល្ងាចនេះផងដែរ។
ទន្ទឹមនឹងបង្ហាញមោទកភាពជាក្រុមថ្នាក់ខេត្ត ដែលបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង លោក ឡុច ចន្ថា គ្រូបង្វឹកក្រុមព្រៃវែងអះអាងក្នុងសន្និសីទថា ក្រុមខ្លួនបានត្រៀមខ្លួន និងរៀបចំបានយ៉ាងល្អក្នុងការប្រជែងជាមួយវិសាខា ហើយនឹងលេងឲ្យអស់ពីសមត្ថភាព១០០ភាគរយ។ ថ្នាក់ដឹកនាំសមាគមបាល់ទាត់ខេត្តព្រៃវែងបានអះអាងកន្លងមកថា ក្រុមព្រៃវែងជាក្រុមបាល់ទាត់ប្រចាំខេត្តព្រៃវែង ខណៈវិសាខាជាក្រុមរបស់ក្លិបបាល់ទាត់វិសាខា។
មិនខុសគ្នាពីគ្រូបង្វឹកក្រុមព្រៃវែងនោះទេ លោក Colum Curtis គ្រូបង្វឹកក្រុមវិសាខាក៏បានអះអាងផងដែរថា ក្រុមវិសាខាបានត្រៀមខ្លួនល្អទាំងកម្លាំង និងកម្លាំងចិត្ត។ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះ មិនហ៊ានមើលស្រាលសមត្ថភាពរបស់យុវជនព្រៃវែងនោះទេ ដ្បិតលោកសង្កេតឃើញថា ព្រៃវែងជាក្រុមមួយមានសមត្ថភាពខ្ពស់ និងលេងសហការគ្នាជាក្រុមបានល្អ។
មុនឡើងមកជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមទាំងពីរបានទម្លាក់គូប្រកួតរៀងៗខ្លួននៅវគ្គ៨ក្រុមចុងក្រោយ។ ក្នុងនោះក្រុមព្រៃវែងទម្លាក់មជ្ឈមណ្ឌលបាល់ទាត់កងយោធពលខេមរភូមិន្ទ ខណៈវិសាខាទម្លាក់ក្រុមការពារតំណែងជើងឯកបឹងកេត។ បើក្រុមណាឈ្នះក្នុងការប្រកួតនៅល្ងាចនេះ នឹងឡើងទៅជួបណាហ្គាវើលនៅវគ្គផ្តាច់ព្រ័ត្រ។ ណាហ្គាវើលបានទម្លាក់ភ្នំពេញក្រោនដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៣-១ ក្រោយក្រុមទាំងពីរបានរក្សាលទ្ធផលស្មើ ០-០ រហូតចប់ការប្រកួត៩០នាទី៕