នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រគល់ជូនគ្រួសារសព ដែលលង់ទឹកស្លាប់ ដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់ ទាំង៦នាក់ ដោយក្នុងមួយគ្រួសារទទួលបានថវិកា១៤លានរៀល។
ថ្លែងនៅក្នុងពេលប្រគល់ថវិការនេះ លោក ម៉ៅ ធនិន បានសម្តែងមរណទុក្ខ និងសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសារ និងសាច់ញាតិនៃសព ដែលបាត់បង់បង ប្អូន កូន ក្មួយ ប្តី និងឪពុកជាទីស្រលាញ់ ក្នុងអំឡុងជំនន់ទឹកភ្លៀង កាលពីពេលកន្លងទៅ។ ដើម្បីចូលរួមរំលែកមរណទុក្ខ និងការលំបាកជូនគ្រួសារសព សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភបន្ថែមក្នុងមួយសពទទួលបានថវិកា៤លានរៀល ខណៈដែលលើកមុនទទួល បានថវិកាចំនួន១០លានរៀលរួចមកហើយ។
ក្រុមគ្រួសារសពទាំង៦ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងរកអ្វីមកប្រៀបមិនបានចំពោះទឹកចិត្ត សណ្តោសដ៏ប្រពៃ របស់សម្តេចទាំងទ្វេរ ដែលតែងតែ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ជួបទុក្ខលំបាក។
ជាមួយគ្នានោះ ពួកគាត់ក៏សូម ថ្លែងអំណរគុណចំពោះអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារ ព្រមទាំងមន្ត្រីរាជការក្នុងខេត្ត ដែលបានខិតខំ ជួយប្រជាពលរដ្ឋគ្រប់ទី កន្លែង ក្នុងគ្រាដែលមានជំនន់ទឹកភ្លៀងនៅក្នុងខេត្ត៕ ដោយ៖ ព្រាប ស


