Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន នឹងអញ្ជើញទៅស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ បន្តទៀត ដើម្បីចែកអំណោយ

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងអនុម័តលើរបៀវារៈមួយចំនួនហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនបានបង្អង់យូរឡើយ ដោយសម្តេចបានធ្វើដំណើរតាមយន្តហោះ ទៅកាន់ខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ ដើម្បីត្រៀមបន្តជួបប្រជាពលរដ្ឋ ដែលរងគ្រោះនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃសៅរស្អែកនេះ។

គោលដៅនៃការចុះជួបប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ស្អែកនេះ គឺនៅស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចុះជួបសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋខេត្តបន្ទាយ មានជ័យចំនួន៤ទីតាំងរួចទៅហើយ ក្នុងនោះមាននៅក្រុងប៉ោយប៉ែត ស្រុកសិរីសោភណ្ឌ ស្រុកថ្មពួក និងស្រុកមង្គលបុរីផងដែរ។

ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្តទាំង១៩ ដែលការជន់លិចដោយសារជំនន់ទឹកភ្លៀង។ ខេត្តបន្ទាយមានជ័យ ក៏ក្លាយជាខេត្តរងការលិចលង់ធ្ងន់ធ្ងរជាងគេមួយផងដែរ។ ក្រុង-ស្រុកចំនួន៦ របស់ខេត្តនេះបានរងការជន់លិចធ្ងន់ធ្ងររួមមាន៖ ក្រុងសិរីសោភណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ។

របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឱ្យស្លាប់ពលរដ្ឋ ១៩នាក់, ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋជាង២ម៉ឺនគ្រួសារ, ជម្លៀសទៅទីទួលសុវត្ថិភាពជាង៣ពាន់គ្រួសារ និងធ្វើឱ្យខូចខាតដំណាំកសិកម្ម រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ទំនប់ទឹក និងសាលារៀនជាដើម។

ទីណាដែលប្រជាជនជួបការលំបាក ទីនោះតែងតែមានវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដោយសម្តេចមិនមានទម្លាប់រត់ចោលប្រជាជនដែលជួបការលំបាកនោះទេ។ នេះជាអ្វីដែលសម្តេចបានប្រកាស ក្នុងពេលចុះជួបប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ហើយត្រូវបានបង្ហាញជាក់ស្តែង ក្នុងសកម្មភាពជាង៣១ឆ្នាំមកនេះ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook