អូស្ត្រាលី ៖ ប្រទេសអូស្ត្រាលី នៅថ្ងៃច័ន្ទ ទី២៧ ធ្នូ ឆ្នាំ ២០២១នេះ បានប្រកាសពីអ្នកស្លាប់ដំបូងដោយសារវីរុសបំប្លែងថ្មី Omicron ចំពេលមានករណីឆ្លងកើនឡើងប្រចាំថ្ងៃ។ ទោះយ៉ាងណាអាជ្ញាធរមិនចាត់វិធានការដាក់កំហិតថ្មីឡើយ ដោយហេតុថាអត្រាចូលមន្ទីរពេទ្យនៅមានកម្រិតទាប នេះតាមព័ត៌មានដែលអង្គភាពកម្ពុជាសន្តិភាពទទួលបាន នៅព្រឹក ថ្ងៃចន្ទ ទី២៧ ខែ ធ្នូ ឆ្នាំ២០២១។
នៅក្នុងករណីស្លាប់ដំបូងនេះកើតលើអ្នកជំងឺវ័យជាង៨០ឆ្នាំ ហើយវាជាចំណុចមិនល្អមួយសម្រាប់អូស្ត្រាលី ដែលបានផ្អាកដំណាក់កាលមួយចំនួនក្នុងការបើកប្រទេសឡើងវិញ ក្រោយពេលបិទខ្ទប់អស់ជិត ២ឆ្នាំដោយសារការរាតត្បាតកូវីដ ១៩ ជាពិសេសវត្តមានរបស់មេរោគបំលែងខ្លួនថ្មីអូមីក្រុង។
វីរុសបំប្លែងថ្មី Omicron ដែលអ្នកជំនាញសុខភាពនិយាយថាមានការឆ្លងខ្លាំងជាងវីរុសមុន បានចាប់ផ្តើមរាតត្បាតនៅក្នុងប្រទេសអូស្ត្រាលី ខណៈដែលប្រទេសនេះបានដកការរឹតបន្តឹងព្រំដែនក្នុងស្រុកភាគច្រើន និងអនុញ្ញាតិឲ្យប្រជាពលរដ្ឋវិលចូលប្រទេសវិញដោយមិនមានការធ្វើចត្តាឡីស័កកន្លងមក។
តាមអាជ្ញាធរមិនបានបញ្ជាក់បន្ថែមពីករណីស្លាប់ដំបូងដោយសារ Omicron ឡើយដោយគ្រាន់តែនិយាយថា អ្នកជំងឺឆ្លង Omicron នៅមណ្ឌលថែរក្សាមនុស្សចាស់ និងបានស្លា.ប់ក្នុងមន្ទីរពេទ្យស៊ីដនី។
គួររំលឹកថាគិតត្រឹមថ្ងៃទី ២៦ ខែធ្នូ ប្រទេសអូស្ត្រាលីមានការឆ្លងកូវីដ ១៩ជាង ២៩១.០០០ករណី និងស្លាប់ ២.១៦២នាក់។ ប្រទេសនេះមានប្រជាជនសរុបជាង ២៥លាននាក់។
សូមរម្លឹកថា Omicron ត្រូវបានអ្នកវិទ្យាសាស្ត្រអាហ្វ្រិចខាងត្បូងរកឃើញ និងបានរាយការណ៍ទៅដល់អង្គការសុខភាពពិភពលោកកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា។ រហូតមកដល់ពេលនេះ វីរុសនេះបានធ្វើដំណើរទៅដល់ប្រទេសជាង៨០ជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ។
អង្គការសុខភាពពិភពលោកប្រកាសថា ការចាក់វ៉ាក់សាំងមានស្រាប់ដូសជំរុញអាចប្រឆាំងនឹងវីរុស Omicron បានផងដែរដូច្នេះការចាក់វ៉ាក់សាំងនៅតែជាកាតព្វកិច្ចចាំបាច់ដដែលដើម្បីការពារការឆ្លងកូវិដ១៩៕
