Connect with us

ព័ត៌មានអន្តរជាតិ

ស្របពេលដែលមានការកើនឡើងនៃករណីវីរុសទម្រង់អូមីក្រុង ប្រទេសឥណ្ឌាបានអនុម័តការចាក់វ៉ាក់សាំងដូសជំរុញ និងការចាក់វ៉ាក់សាំងសម្រាប់កុមារ

ដោយសារការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ វីរុសទម្រង់អូមីក្រុងនៅក្នុងប្រទេសឥណ្ឌា នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនឌ្រី ម៉ូឌី បានប្រកាសថា ប្រទេសនេះនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ក្រុមកុមារដែលមានអាយុពី ១៥ឆ្នាំ ដល់ ១៨ឆ្នាំ ចាប់ពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថារបស់លោកកាលពីយប់ថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី ម៉ូឌី ក៏បាននិយាយផងដែរថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ នឹងត្រូវធ្វើឡើងសម្រាប់បុគ្គលិកថែទាំសុខភាព និងក្រុមការងារជួរមុខ និងក្រុមប្រជាជនដែលមានអាយុលើសពី ៦០ឆ្នាំដែលមានជំងឺផ្សេងៗចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ម៉ូឌី បានកើតឡើងនៅប៉ុន្មានម៉ោងបន្ទាប់ពីអគ្គនាយកគ្រប់គ្រងឱសថនៃប្រទេសឥណ្ឌា (DCGI) បានផ្តល់ការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់ (EUA) ដល់វ៉ាក់សាំង Covaxin របស់ក្រុមហ៊ុន Bharat Biotech ដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌាសម្រាប់កុមារដែលមានអាយុលើសពី ១២ឆ្នាំជាមួយនឹងលក្ខខណ្ឌមួយចំនួន។

តម្រូវការសម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញបានកើនឡើង ស្របពេលដែលមានការផ្ទុះឡើងនៃការឆ្លងវីរុសទម្រង់អូមីក្រុង។

នៅក្នុងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ម៉ូឌី លោកក៏បានកោតសរសើរផងដែរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍វិទ្យាសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ទាក់ទងនឹងវីរុសទម្រង់អូមីក្រុង លោកនាយករដ្ឋមន្ត្រីឥណ្ឌារូបនេះបាននិយាយថា ប្រជាជនមិនចាំបាច់មានភាពភ័យស្លន់ស្លោនោះទេ ព្រោះប្រទេសឥណ្ឌាមានការរៀបចំយ៉ាងល្អក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ដោយសារហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពរបស់ខ្លួន។

លោកបាននិយាយបន្ថែមថា ទោះជាយ៉ាងនេះក្តី ជំងឺរាតត្បាតនេះនៅមិនទាន់ចប់ទេ ហើយចាំបាច់ត្រូវរក្សានូវអាកប្បកិរិយាសមស្របនឹងជំងឺកូវីដ-១៩។

ការចាប់ផ្តើមនៃដំណាក់កាលចាក់វ៉ាក់សាំងថ្មីនេះចាប់ពីខែមករា ឆ្នាំ២០២២ នឹងបញ្ចប់ក្នុងរយៈពេលមួយឆ្នាំនៃដំណើរការចាក់វ៉ាក់សាំងរបស់ប្រទេសឥណ្ឌា ខណៈដែលការជំរុញកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាប់ផ្តើមកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១៕
ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published.

Facebook