Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន អំពាវនាវពលរដ្ឋ ឲ្យបញ្ឈប់បរិភោគ សាច់សត្វព្រៃ

ភ្នំពេញ៖ លោក នេត្រ ភត្រ្តា រដ្ឋលេខាធិការនិងជាអ្នក នាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបញ្ឈប់ការបរិភោគ សត្វសាច់ព្រៃធ្វើជាអាហារទៀត ខណៈសាច់សត្វព្រៃ មួយចំនួនកំពុងមានផ្ទុកជំងឺ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ស្ថានភាពនៃប្រភេទ សត្វព្រៃ សំខាន់ៗ ក្នុងដែនជម្រកសត្វ ព្រៃកែវសីមា ឆ្នាំ២០១០-២០២០ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោក នេត្រ ភត្រ្តា បានថ្លែងថា ក្នុងរយៈពេល១០ ឆ្នាំនៃការ សិក្សាស្រាវជ្រាវរបស់មន្រ្តីជំនាញ គឺបានរកឃើញប្រភេទ សត្វចំនួន១៣ប្រភេទ ស្ថិតនៅមានវត្តមានក្នុងតំបន់ការ ពារធម្មជាតិទទួលបានផលវិជ្ជមាន ដោយសារប្រភេទសត្វ មួយចំនួននៅថេរ និងមួយចំនួនកើនឡើង និងប្រភេទសត្វ មួយចំនួនត្រូវបានថយចុះ។ លោកបន្តថា ការថយចុះបែបនេះ គឺជាក្ដីព្រួយបារម្ភយ៉ាងខ្លាំង របស់ក្រសួងបរិស្ថាន។

លោកបន្តទៀតថា “ដូច្នេះក្នុងនាមក្រសួងបរិស្ថាន ក៏សូមអំពាវនាវសាជាថ្មីម្ដងទៀត ជូនដល់ប្រជាពលរដ្ឋកម្ពុជា សូមបញ្ឈប់ការពិសារសាច់សត្វព្រៃ ពីព្រោះវាមិនបាន ជួយដល់សុខភាពរបស់បងប្អូន ដូចដែលអ្វី ដែលមានជំនឿថា សត្វមួយចំនួន ផ្ដល់សុខភាពដល់បងប្អូនទេ! ប៉ុន្តែផ្ទុយទៅវិញសត្វមួយចំនួន អាចធ្វើឲ្យប៉ះពាល់ដល់សុខភាព បងប្អូនប្រជាពលរដ្ឋ”។

ជាមួយគ្នានោះ លោករដ្ឋលេខាធិការ ក៏បានអំពាវនាវ ដល់អាជ្ញាធរ មានសមត្ថកិច្ច ដែលមានតំបន់ការពារធម្មជាតិ ត្រូវចាត់វិធានការ ឲ្យបានតឹងរឹងចំពោះជនណា ដែលជួនដូរសត្វព្រៃ ឬបរបាញ់សត្វព្រៃ និងត្រូវគ្រប់គ្រងឲ្យ បាន ចំពោះការកែច្នៃកាំភ្លើង ដែលជាអាវុធ សម្រាប់បាញ់សម្លាប់សត្វព្រៃ។

លោកបញ្ជាក់ថា គិតត្រឹមរយៈពេល៩ ខែឆ្នាំ២០២០ ក្រុមការងារបានដោះអន្រ្ទាក់ ចេញពីតំបន់ការពារធម្មជាតិ ទាំង៦៨កន្លែង សរុបចំនួន ៣ម៉ឺនអន្រ្ទាក់ និងបង្រ្កាបបទល្មើស នៅទូទាំងប្រទេស បានចំនួន ១៨៧៩៥លើក៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook