Connect with us

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០២២

លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញជាដឹកនាំកិច្ច ប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ២០២១ ដើម្បីត្រួតពិនិត្យលើការអនុវត្ត ការងារនាពេលកន្លងមក និងដាក់ចេញនូវទិសដៅការងារ បន្តឆ្នាំ២០២២។

កិច្ចប្រជុំនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងទេសចរណ៍ តាមរយៈប្រព័ន្ធចម្រុះ(Hybrid) ដែលមានការចូលរួមពីថ្នាក់ដឹកនាំស្ត្រីតាមអគ្គនាយកដ្ឋាន វិទ្យាស្ថានជាតិទេសចរណ៍ នាយកដ្ឋាននានាចំណុះក្រសួងទេសចរណ៍ និងលោក លោកស្រី ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ព្រមទាំងមន្ត្រីជំនាញសរុបប្រមាណ១០០នាក់។

ក្នុងកិច្ចប្រជុំនោះ លោកជំទាវរដ្ឋលេខាធិការបានលើកឡើងថា ដើម្បីចូលរួមអនុវត្តន៍ គោលនយោបាយ «សមភាពយេនឌ័រ» ដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជ រដ្ឋាភិបាល ក្រសួងទេសចរណ៍បានដាក់ចេញជាបន្តបន្ទាប់នូវផែនការយុទ្ធសាស្ត្របញ្រ្ជាប និងលើកកម្ពស់យេនឌ័រក្នុងវិស័យរបស់ខ្លួនស្របតាមយន្តការជាតិ។

ដោយឡែកក្នុងបរិការណ៍កូវីដ-១៩ ក្រសួងទសេចរណ៍បានខិតខំតាមគ្រប់រូបភាព ដើម្បីជួយបង្កើនភាពអង់អាចដល់ស្ត្រីតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាល ទាំងក្នុងកម្រិត ជាតិ និងតំបន់ ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សំដៅជួយស្ត្រីឱ្យមានទាំងជំនាញទន់ និងជំនាញរឹងសម្របទៅតាមទីផ្សារការងារ និងក្លាយទៅជាអ្នកដឹកនាំនៅក្នុងអាជីវកម្ម សេវាកម្ម ព្រមទាំងត្រៀមខ្លួនសម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍។

លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងទេសចរណ៍ បាននិងកំពុងខិតខំ ជំរុញចលនាទេសចរណ៍ក្នុងស្រុកជាមួយនឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នីតិវិធី ប្រតិបត្តិស្តង់ដារអប្បបរមា (SOP) និងវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះក៏កំពុងខិតខំពង្រឹងគុណភាពសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ចឱ្យកាន់ តែល្អថែមទៀត និងបានជំរុញការចូលរួមរបស់ស្ត្រីក្នុងការអនុវត្តផែនទីចង្អុលផ្លូវ(Road-Map) ស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ (២០២០-២០២៥)។

ទន្ទឹមនឹងការងើបឡើងវិញនៃចលនាទេសចរក្នុងស្រុក មូលដ្ឋានអាជីវកម្មមួយចំនួន បានចាប់ផ្តើមបើកដំណើរការឡើងវិញ ដែលផ្តល់ឱកាសឱ្យបុគ្គលិកបានចូលបម្រើការ រួមទាំង ស្ត្រីផងដែរ។ ក្នុងន័យនេះស្រ្តីភាគច្រើនក៏បាននិងកំពុងបន្តការងារតាមបែបគន្លងថ្មី ហើយមួយ ចំនួនទៀតក៏បានងាកទៅឈោងចាប់យកមុខរបរផ្សេងក្នុងអន្តរកាលនៃវិបត្តិជំងឺកូវីដ-១៩។

នៅក្នុងឆ្នាំ២០២១នេះ ដោយសារឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ កម្លាំងពលកម្មស្ត្រី នៅក្នុងវិស័យទេសចរណ៍មានការថយចុះគួរឱ្យកត់សម្គាល់ ពោលគឺបានធ្លាក់ចុះពី៦០ភាគរយ មកនៅត្រឹមប្រមាណ៤៧ភាគរយនៃកម្លាំងពលកម្មសរុបដែលកំពុងបម្រើការ។ ការធ្លាក់ចុះ នេះបណ្តាលមកពីសេវាកម្មកម្សាន្តទេសចរណ៍មាន៖ ខារ៉ាអូខេ ក្លឹបកម្សាន្ត សេវាម៉ាស្សា ស្ប៉ា បៀរហ្គាឌិន ឌីស្កូតែក ដែលជាសេវាកម្មមានស្ត្រីបម្រើការងារច្រើនជាងគេ ក្នុងចំណោម សេវាកម្មទេសចរណ៍ត្រូវបានបិទ-ផ្អាក មិនឱ្យដំណើរការ។ ការបាត់បង់ការងារទាំង នោះបណ្តាលឱ្យស្ត្រីមួយចំនួនប្រឈមនឹងភាពក្រីក្រ និងអំពើហិង្សាជាងបុរស។ ប៉ុន្តែ នេះមិន មែនចំពោះតែស្ត្រីនៅក្នុងវិស័យទេសចរណ៍កម្ពុជានោះទេ ទាំងស្ត្រីក្នុងតំបន់ និងអន្តរជាតិផងដែរ។

ទន្ទឹមនេះ ដើម្បីស្តារឡើងវិញ គោលនយោបាយនិងកម្មវិធីនានារបស់ក្រសួងនៅតែ បន្តជំរុញនិងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ និងមើលឃើញពីសក្តា នុពលរបស់ស្ត្រីនៅក្នុងវិស័យមួយនេះចំពោះសេដ្ឋកិច្ចជាតិ។

ក្រសួងបានយកឱកាស នៃវិបត្តិជំងឺកូវីដ-១៩ ដើម្បីពង្រឹងគុណភាពសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ច និងបង្កើត ផលិតផលទេសចរណ៍ថ្មីៗ ដើម្បីជំរុញចលនាទេសចរក្នុងស្រុក និងត្រៀមទទួលទេសចរ អន្តរជាតិសុវត្ថិភាពដែលបានចាក់វ៉ាក់សាំងរួចហើយ សំដៅធ្វើយ៉ាងណាឱ្យស្ត្រីទទួលបាននូវ ឱកាស ការងារបន្ថែមទៀតពីវិស័យមួយនេះក្នុងឆ្នាំ២០២២ខាងមុខ។

កិច្ចប្រជុំនេះផងដែរ ក៏បានអនុញ្ញាតឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្តមួយ ចំនួនធ្វើការ ចែករំលែកអំពីបទពិសោធន៍នៃការអនុវត្តការងារនារី និងយេនឌ័ររបស់ខ្លួន ដើម្បីឆ្លុះបញ្ចាំង ពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម សំដៅដាក់ចេញនូវវិធាន ដំណោះស្រាយ រួមគ្នា ព្រមជាមួយគម្រោងផែនការអនុវត្តបន្តនៅឆ្នាំ២០២២ ដើម្បីពង្រឹង-ពង្រីកសកម្មភាព និងសមត្ថភាពរបស់ស្ត្រីនៅក្នុងវិស័យមាស បៃតងមួយនេះឱ្យកាន់តែ ប្រសើរឡើង៕

ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook