Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខ ចំណុចទីមួយនៃកុងសង់ស៊ីសគឺការប្រកាស អត់ធ្មត់ និងបញ្ឈប់អំពើហិង្សា ជាគោដៅដែលយើង ចង់បាន

ភ្នំពេញ៖ ក្នុងខណៈដែលគម្រោងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ានឹងធ្វើឡើងនៅថ្ងៃទី០៧ និងទី០៨ ខែមករា ឆ្នាំ២០២២ខាងមុខរបស់ប្រធានអាស៊ាននោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា មិនធ្វើអ្វីឱ្យខុសពីធម្មនុញ្ញាអាស៊ាន និងកុងសង់ស៊ីស៥ចំណុច ដែលក្នុងនោះចំណុចទីមួយនៃកុងសង់ស៊ីសគឺការប្រកាស «អត់ធ្មត់ និងបញ្ឈប់អំពើហិង្សា» ជាគោដៅដែលយើងចង់បាន។

ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោក កីឡាប៉េតង់ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ ឆ្នាំ២០២១ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មានអ្នកធ្វើអត្ថាធិប្បាយខ្លះបានលើកឡើងថា ការធ្វើដំណើររបស់ខ្ញុំទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី០៧ និងទី០៨ ខែមករា ឆ្នាំ២០២២ ជាពរជ័យ ឬ បណ្ដាសា ឯមានអ្នកធ្វើអត្ថាធិប្បាយខ្លះគិតថា ប្រធានអាស៊ានដោះស្រាយគ្រប់រឿងទាំងអស់ ជំនួសឱ្យប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលប្រទេសនានាទាំង១០។ សម្ដេចតេជោបានមានប្រសាសន៍ថា ខ្ញុំធ្លាប់បាននិយាយហើយថា សូមកុំទុកចិត្តពេកលើប្រធានអាស៊ាន តែកុំអាលបន្ទោសប្រធានអាស៊ានអី រង់ចាំមើល។ សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំទៅហ្នឹងអត់មានឃ្លាតឆ្ងាយអំពីកុងសង់ស៊ីស ៥ចំណុច ដែលបានឯកភាពគ្នានៅឯ ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីខែមេសា ឆ្នាំ២០២១នោះទេ។ ប៉ុន្តែខ្ញុំមិនដាក់លក្ខខណ្ឌទុកជាមុន ក្នុងដំណើររបស់ខ្ញុំទៅមីយ៉ាន់ម៉ាទេ ខ្ញុំទៅដល់ទើបខ្ញុំជជែក ហើយប្រធានបទនៃការជជែកនោះគឺកុងសង់ស៊ីស ៥ចំណុចនោះឯង»។ សម្ដេចតេជោបានចោទជាសំណួរថា «អីចឹងទេ បងប្អូនប្រជាពលរដ្ឋនៅមីយ៉ាន់ម៉ា តើអ្នកចង់ឱ្យប្រទេសធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលពិតប្រាកដ ឬក៏ចង់ដោះស្រាយ»។

សម្ដេចតេជោបន្តថា ការដោះស្រាយនេះ គឺតួនាទីត្រូវបានផ្ដល់មកឱ្យបណ្ដាប្រទេសអាស៊ាន ហើយអាស៊ានបានឯកភាពគ្នា រាប់ទាំងមីយ៉ាន់ម៉ាខ្លួនឯង គឺបានព្រមព្រៀងលើកុងសង់ស៊ីស ៥ចំណុចទៅហើយ ប៉ុន្តែមិនទាន់បានអនុវត្តន៍។ ប្រទេសនានានៅក្រៅតំបន់ក៏បានព្រមព្រៀង ក្នុងការផ្ដល់តួនាទីនេះសម្រាប់អាស៊ាន រាប់ទាំងការផ្ដល់ជំនួយមនុស្សធម៌ផងដែរ។សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងសង្កត់ធ្ងន់ថា «ការដែលទៅមីយ៉ាន់ម៉ានេះ គោលបំណង គឺខ្ញុំគ្មានផលប្រយោជន៍អ្វីនោះទេ ប្រទេសកម្ពុជា ជាប្រទេសតូចជាងមីយ៉ាន់ម៉ាច្រើនដង ហើយប្រជាជនតិចជាងមីយ៉ាន់ម៉ាច្រើនដង។ តែយើងចង់ជួយសម្រួលសភាពការណ៍ទាំងឡាយ។ ចំណុចទីមួយនៃកុងសង់ស៊ីសគឺការប្រកាស «អត់ធ្មត់ និងបញ្ឈប់អំពើហិង្សា» នេះជាគោដៅដែលយើងចង់បាន»។ សម្ដេចតេជោបន្តទៀតថា ជំនួយមនុស្សធម៌បានដឹកទៅដល់មីយ៉ាន់ម៉ា ប៉ុន្តែមិនទាន់បានចែក ដូច្នេះត្រូវរកវិធីដើម្បីចែកឱ្យបានដល់គ្រប់ទីកន្លែងដោយគ្មានការរើសអើង។ ខ្ញុំពិភាក្សាបញ្ហាអស់ទាំងហ្នឹង ក៏ប៉ុន្តែខ្ញុំអត់ដាក់លក្ខ័ណ្ឌទុកជាមុនថា ត្រូវធ្វើនេះ ឬធ្វើនោះ បានខ្ញុំទៅនោះទេ គឺខ្ញុំទៅហើយ។ ជាងនេះទៀតប្រសិនបើការពិភាក្សានោះ វាខ្វះម៉ោង ខ្ញុំអាចលើកពេលវេលាបន្តទៅទៀត។ សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា «ឥឡូវនេះកុំអាលយកការសនិដ្ឋានឆាប់ពេក ហើយបងប្អូនមួយចំនួនខ្ញុំយល់ អ្នកដែលចង់ដុតកំឡោចមីយ៉ាន់ម៉ាឱ្យផ្ទុះសង្គ្រាមស៊ីវិលនោះ វាចេះតែមានហើយ ដូចជា ធ្វើបាតុកម្មដុតរូបថតខ្ញុំ ដុតទង់ជាតិកម្ពុជា ដែលប៉ុន្មាននាក់ទៅតំណាងឱ្យប្រជាជនមីយ៉ាន់ម៉ានោះ ខ្ញុំក៏យល់។ ក៏ប៉ុន្តែប្រសិនបើមានសន្តិភាព និងការវិលត្រឡប់មកវិញនៃដំណើរការប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា អ្នកនឹងទទួលផលប្រយោជន៍ ពីការខិតខំរបស់បណ្ដារដ្ឋដែលជាសមាជិកអាស៊ាន ជួយសម្រួល»។

សម្ដេចតេជោបញ្ជាក់បន្ថែមថា ប៉ុន្តែអ្វីៗវាស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់មីយ៉ាន់ម៉ា ឯយើងពីខាងក្រៅគ្រាន់តែជួយសម្រួលតែប៉ុណ្ណោះ។ ដូច្នេះមិត្ទភក្ដិនៅក្នុងអាស៊ានក៏អាចដឹងបាន ព្រោះខ្ញុំមិនធ្វើអ្វីឱ្យខុសពីទីមួយ ធម្មនុញ្ញាអាស៊ាន និងទីពីរ កុងសង់ស៊ីស៥ចំណុច ហើយកុងសង់ស៊ីស៥ចំណុចនេះ វាជាគំនិតរបស់ខ្ញុំទៅទៀត។ ប៉ុន្តែការចាប់ផ្ដើមគឺ បញ្ឈប់ហិង្សា ហើយឥឡូវហិង្សាវាមិនមែនកើតឡើងពីខាងរដ្ឋាភិបាល វាកើតពីខាងអ្នកព្រៃដើរដាក់ រាប់ទាំងដាក់គ្រាប់បែកនៅក្បែរស្ថានទូតកម្ពុជានៅមីយ៉ាន់ម៉ាទៅទៀត។ អីចឹងទេ វាគ្រប់ភាគីពាក់ព័ន្ធទាំអស់ត្រូវតែបញ្ឈប់នូវអំពើហិង្សានេះ។ សភាពការណ៍នៅមីយ៉ាម៉ាវាមិនសាមញ្ញ ដូច្នេះយើងក៏ត្រូវប្រើវិធានការមិនសាមញ្ញដែរ។ ដូច្នេះហើយបានជាខ្ញុំត្រូវធ្វើដំណើរទៅដោយផ្ទាល់ បន្ទាប់មកគឺបេសកជនពិសេស នឹងបន្តធ្វើការជាមួយគ្នា តទៅទៀតលើបញ្ហាច្រើន។ សម្ដេចតេជោលើកឡើងថា កម្ពុជាមានបទពិសោធន៍ទៅលើការដោះស្រាយបញ្ហានេះ៕

ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published.

Facebook