Connect with us

ព័ត៌មានជាតិ

ត្រីប៉ាសេអ៊ីនៅខេត្តស្ទឹងត្រែងមានតម្លៃចាប់ពី២០ម៉ឺនដល់៤០ ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ថ្លៃជាងឆ្នាំកន្លងមក

ស្ទឹងត្រែង ៖ ត្រីប៉ាសេអ៊ីជាប្រភេទត្រីដ៏កម្រ មានរសជាតិឆ្ងាញ់ ជាពិសេសក្នុងមួយរដូវមានតែម្ដងទេ ចាប់ពីខែធ្នូទៅដល់ខែមករា ហើយអតិថិជនឬអ្នកទេសចរក្នុងប្រទេសនិយមចូលចិត្ត ទិញយកទៅ បរិភោគ។ ក្នុងឱកាសចុះពិនិត្យមើលបរិមាណត្រីគ្រប់ប្រភេទ នៅលើទីផ្សារ ថ្ងៃទី ៥ខែមករាឆ្នាំ ២០២២នេះ លោកស្រី សុ វិចិត្រ ប្រធានខណ្ឌជលផលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ នៅខេត្តស្ទឹងត្រែងមានត្រី សំខាន់ៗជាច្រើនប្រភេទ ហើយឆ្នាំនេះ ត្រីធម្មជាតិមានតម្លៃខ្ពស់ជាងឆ្នាំកន្លងមក ជាពិសេស ត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ា និងប្រភេទត្រីសំខាន់ៗផ្សេងៗទៀត ។ លោកបន្តថា ៖ត្រីប៉ាសេអ៊ី មានតែនៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ត្រូវបានអ្នកនេសាទៗបាន ហើយបើត្រីធំមួយ មានចាប់ពី៥ខាំឡើង មានតម្លៃចាប់ពី ២០ ម៉ឺនដល់ ៤០ ម៉ឺនរៀលក្នុងមួយ គីឡូក្រាម។ លោក ប៊ុន វណ្ណារិទ្ធ នៅភូមិត្បូងខ្លាឃុំអូរម្រះស្រុកសៀមបូក អ្នកទិញ-លក់ត្រីនៅផ្សារធំថ្មីស្ទឹងត្រែង បានបញ្ជាក់ថា៖ឆ្នាំនេះត្រីប៉ាសេអ៊ីមិនសូវសម្បូរទេ ហើយត្រីប៉ាស៊ីអ៊ីធំៗចាប់ពី៨ខាំឡើង មានតម្លៃខ្ពស់ ជាងតម្លៃត្រីធម្មតាចាប់ពី៥០ដុល្លារទៅ៦០ដុល្លារមួយគីឡូក្រាម តម្លៃទិញចូល។

លោកបន្តថា៖តាមការឱ្យដឹងពីអ្នកនេសាទនិយាយថានៅឆ្នាំ២០២១. ២០២២នេះ ត្រីខ្សត់ជាងឆ្នាំ កន្លងមក ដោយសារនៅប្រទេសឡាវ មានទំនប់វារីអគ្គិសនីផ្នែកខាងលើ ធ្វើឱ្យត្រីមិនអាចចុះមកបាន ច្រើន។ លោកបន្តថា៖ ប្រភេទត្រីប៉ាសេអ៊ីធំៗ អ្នកស្ទឹងត្រែងមិនហ៊ានទិញបរិភោគទេ បើលក់បានថ្លៃនោះ មានតែអ្នកមកពីរាជធានីភ្នំពេញ និងអ្នកទេសចរមកពីបណ្ដាខេត្តផ្សេងៗ ដែលពួកគាត់ល្បីថា ត្រីប៉ាស៊ីអ៊ីមានរសជាតិឆ្ងាញ់ទើបពួកគាត់ហ៊ានទិញទៅបរិភោគ។ លោកបូ រ៉ា រ៉ស នៅសង្កាត់ស្ទឹងត្រែង អ្នកលក់ត្រីនៅផ្សារសាមគ្គីធំថ្មី ក៏បានឱ្យដឹងដែរថា៖ថ្ងៃនេះ ត្រីប៉ាសេអ៊ី ទម្ងន់មួយចាប់ពី៣ទៅ៤ខាំ ១គីឡូតម្លៃ៨ម៉ឺនរៀល ទៅដល់ ១០ ម៉ឺនរៀលក៏មានដែរ ទៅតាមថ្ងៃដែលមានត្រីសម្បូរនិងអត់ត្រី ។ ពាក់ព័ន្ធនឹងប្រភេទត្រីប៉ាសេអ៊ីដ៏កម្រនេះ លោក ទំ នី រ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ត្រីប៉ាសេអ៊ីនៅខេត្តស្ទឹងត្រែងយើងនេះ មានការចរាចរណ៍ ឡើងចុះ ក្នុងមួយឆ្នាំពីររដូវកន្លងមក ហើយនៅពេលនេះ មានការថមថយគួរឱ្យព្រួយបារម្ភ ដោយសារ មានកត្តាពាក់ព័ន្ធនឹងរបបទឹក កត្តាមនុស្ស អ្នកនេសាទមានការកើនឡើង និងកត្តា ធម្មជាតិមួយចំនួន ដែលបានធ្វើឱ្យប្រភេទត្រីកម្រនេះមានការថយចុះម្ដងបន្តិចៗ។

លោកប្រធានមន្ទីរកសិកម្មបានបញ្ជាក់បន្ថែមថា៖បើតាមការសង្កេត ត្រីប៉ាសេអ៊ី ប៉ុន្មានឆ្នាំចុង ក្រោយនេះ មានបរិមាណតិច ទាំងនៅប្រទេសឡាវនិងទាំងនៅកម្ពុជា ព្រោះការធ្វើចរាចរណ៍ឆ្លងកាត់ នឹងផ្លាស់ទីរបស់វា មានឧបសគ្គច្រើន ក្នុងការចុះមកផ្នែកខាងក្រោម ហើយត្រីប៉ាសេអ៊ី មានចាប់ពីខែ ឧសភាដល់ខែកក្កដា តែឆ្នាំនេះមិនមានទេ។ គួរំឭកថា៖ត្រីប៉ាសេអ៊ីពុំមានតម្លៃជាក់លាក់នោះទេ ព្រោះតាមតែអ្នកលក់ដាក់តម្លៃ ១៥ ម៉ឺន២០ម៉ឺន ឬក៏ ៣០ ម៉ឺន ទៅតាមតម្រូវការរបស់អតិថិជនបញ្ជាទិញ។ សូមបញ្ជាក់ថា៖ធនធានមច្ឆជាតិក្នុងពេលបច្ចុប្បន្ននេះ ពពួកត្រីកម្រមួយចំនួន កំពុងរងនិងប្រឈមទៅនឹងការផុតពូជ ដូចជាត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ា ត្រីក្របី ត្រីកន្រ្តប់ខ្លា ត្រីស្រោមដាវ ត្រីនាគ ត្រីរមាស និងប្រភេទត្រីសំខាន់ៗមួយចំនួនទៀត៕



ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published.

Facebook