សម្តេចតេជោហ៊ុនសែន បានផ្ញើរសាររំលែកទុក្ខ ទៅកាន់នាយករដ្ឋមន្ត្រីវៀតណាម ចំពោះការបាត់បង់អាយុជិវិតនិងបានបាត់ខ្លួនប្រជាជនវៀតណាម ក្នុងគ្រោះធម្មជាតិដ៏ប្រល័យ កាលពីពេលកន្លងមក ជាមួយគ្នានេះសម្តេចក៏បាន ថ្លែងអំណរគុណចំពោះនាយរដ្ឋមន្ត្រីនៃប្រទេសវៀតណាម ដែលសម្ដែងការព្រួយបារម្ភ អំពីគ្រោះធម្មជាតិទឹកជំនន់នៅកម្ពុជា។
ក្នុងសារលិខិតរបស់សម្ដេចតេជោផ្ញើទៅកាន់ លោក ង្វៀង សួនហ្វុក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ថា «ខ្ញុំមានសេចក្តីសោកសង្រេងយ៉ាងខ្លាំង ដែលបានទទួលព័ត៌មានអំពីការបាត់បង់ជីវិត និងការបាត់ខ្លួនប្រជាជនជាច្រើននាក់ ក៏ដូចជាការខូចខាតផលដំណាំ និងទ្រព្យសម្បត្តិធ្ងន់ធ្ងរ នៅភាគកណ្ដាល និងតំបន់ខ្ពង់រាបកណ្ដាល ជាពិសេសនៅខេត្តធឿធានហ្វេ និងខេត្តក្វាងជិ នៃប្រទេសវៀតណាម ដោយសារទឹកជំនន់ និងការបាក់ដី ដែលបង្កមកពីព្យុះលីនហ្វា និងណាងកា នាពេលថ្មីៗនេះ»។
នៅក្នុងសារលិខិតនោះ សម្តេចបានសសេរទៀតថា «ក្នុងគ្រាដ៏លំបាក និងសោកសៅនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះ ឯកឧត្តម និងប្រជាជនវៀតណាម ជាពិសេសក្រុមគ្រួសារ នៃសព និងជនរងគ្រោះ នៅក្នុងគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះ»។
សម្តេចមានការជឿជាក់ថា ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់ លោកនាយករដ្ឋមន្ត្រី ង្វៀង សួនហ្វុក ប្រទេសវៀតណាម នឹងបានប្រសើរឡើងវិញពីការខូចខាត ដែលបង្កមកពីគ្រោះធម្មជាតិ នៅក្នុងពេលឆាប់ៗខាងមុខនេះ៕ ដោយ៖ព្រាប ស

