Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ប្រគល់ផ្ទាំងសូឡាពន្លឺព្រះអាទិត្យ ២០០គ្រឿង និងមុងជ្រលក់ថ្នាំ២០០ ជូនពលរដ្ឋនៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ផ្ទាំងសូឡាប្រើពន្លឺព្រះអាទិត្យចំនួន ២០០គ្រឿង និងមុងជ្រលក់ថ្នាំចំនួន ២០០ម៉ុង ដល់ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ មកពីភូមិចំនួន ៤ស្ថិតក្នុងឃុំកោះស្នែង ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង តាមរយៈរដ្ឋបាលខេត្តស្ទឹងត្រែង។

អំណោយផ្ទាំងសូឡាប្រើពន្លឺព្រះអាទិត្យនេះ ត្រូវនាំយកទៅប្រគល់ជូនប្រជាពលរដ្ឋឃុំកោះស្នែង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមានលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង, លោក ម៉ុម សារឿន អភិបាលខេត្ត នៅក្នុងឱកាសដែលលោកបានអញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យមើលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំកោះទាំងមូល។

ស្ថិតនៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ក៏ដូចថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែគិតគូជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ លោកថា ដោយសារតែការគិតគូការរស់នៅរបស់ប្រជាពលរដ្ឋនេះហើយ ទើបសម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមអ្នកវិនិយោគចិន ធ្វើការវិនយោគលើវិស័យថាមពលអគ្គីសនី ដោយបានសាងសង់វារីអគ្គីសនីសេសានក្រោម២ ដែលមានអនុភាព ៤០០មេហ្គាវ៉ាត់ និងធ្វើការតភ្ជាប់អគ្គសនីដល់ប្រជាពលរដ្ឋស្ទើគ្រប់ទីកន្លែង។

បើតាមលោក លី មិនា អភិបាលស្រុកបុរីអូស្វាយសែនជ័យ បានឱ្យដឹងថា ឃុំកោះស្នែង ជាឃុំដាច់ស្រយោល និងស្ថិតក្នុងភូមិសាស្ត្រលំបាកដែលភាគច្រើនជាដីកោះមិនទាន់មានអគ្គីសនីប្រើប្រាស់។

លោកបានបន្តថា ឃុំនេះមានចំនួន៤ភូមិ គឺភូមិកោះស្នែង, ភូមិកោះស្រឡៅ, ភូមិកោះកី និងភូមិជាំធំ ដែលមានប្រជាពលរដ្ឋរស់នៅចំនួន ៦៣៥គ្រួសារ និងមានប្រជាពលរដ្ឋក្រីក្រ ចំនួន ១៧៤គ្រួសារ។

លោក លី មិនា បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពស់ពីរាជរដ្ឋាភិបាល និងការយកចិត្តទុកដាក់ពីលោក ម៉ុម សារឿន និងអង្គភាពអគ្គីសនី ក្នុងកំឡុងខែសីហាកន្លងទៅ ប្រជាពលរដ្ ឋ១៧៧គ្រួសារ ទូទាំងស្រុកបុរីអូរស្វាយសែនជ័យ បានទទួលការបំពាក់អគ្គីសនីសូឡា ខ្នាតធំចាប់ ៨០វ៉ាត់ ដល់៣២៥វ៉ាត់ ក្នុងជំហានទី១ ដោយការបង់រំលស់ក្នុងគម្រោងមូនិធីអគ្គសនីភាវរូបនីយកម្ម ជនបទ ដោយមានការឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។ គឺរាជរដ្ឋាភិបាលបានចេញថ្លៃដើមមួយចំណែក និងតម្លៃនៅសល់ គឺអ្នកជាវបង់រំលស់បន្ថែម ក្នុងនោះឃុំកោះស្នែង ក៏បានទទួលចំនួន៣៨គ្រឿង ក្នុងជំហ៊ានទី១ផងដែរ។

ដោយឡែកការចែកផ្ទាំងសូឡាប្រើពន្លឺព្រះអាទិត្យនៅថ្ងៃនេះ ជាផ្ទាំងសូឡាខ្នាតតូចចំនួន ២០០គ្រឿង ដែលអាចប្រើអំពូលបាន ២គ្រាប់ និងសាកទូរស័ព្ទបានផងដែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook